Monday, November 25, 2019

អភិបាលខេត្តស្វាយរៀង ផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធខិតខំបន្តយកចិត្តទុកដាក់នូវកិច្ចការ៦ចំណុចសំខាន់ៗ

ស្វាយរៀង៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
នៅក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អនុប្រធានពន្ធធនាគារខេត្ត ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈការដាក់វេនប្រចាំការ និងការចូលរួមសហការទប់ស្កាត់បដិវត្តពណ៌ ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ដែលធានាបាននូវសន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.ត្រូវផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីត្រៀមលក្ខណៈក្នុងការថែរក្សាទឹកទុកក្នុងកំឡុងពេលដែលភាពរាំងស្ងួតនិងចូលមកដល់នារដូវប្រាំងនេះ។
៣- អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញការដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន អោយបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៤.រដ្ឋបាលក្រុង-ស្រុក អង្គភាពពាក់ព័ន្ធត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋឱ្យបានល្អ។
៥.អាជ្ញាធរពាក់ព័ន្ធ និងនៅតាមបណ្តាក្រុង-ស្រុក ត្រូវពិនិត្យទប់ស្កាត់អោយបាននូវការសាងសង់សំណង់ ឫតូបលក់ដូរនានាដែលរំលោភមកលើដីចំណីផ្លូវសាធារណៈអោយមានប្រសិទ្ធភាព។
៦.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យតាមដានការងារបង្ករបង្កើនផល និងការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕


No comments:

Post a Comment