Monday, November 25, 2019

ព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែពីវត្ដបទុមវតីរាជវរារាម ឆ្ពោះទៅកាន់ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។ ព្រះពិធីដង្ហែនោះ គឺឃើញព្រះវត្តមានរាជវង្សានវង្ស និងថ្នាក់ដឹកនាំ មន្ត្រីជានខ្ពស់កម្ពុជាជាច្រើនរូប។
សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
សពសម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ មកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ ដោយត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបានបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) មកតម្កល់រៀបចំធ្វើបុណ្យ នៅវត្ដបទុមវតីរាជវរារាម រហូតដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ទើបរៀបចំពិធីដង្ហែទៅកាន់ ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា ៕




No comments:

Post a Comment