Tuesday, February 06, 2018

បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ សភាពការណ៍សន្ដិសុខនៃកម្ពុជានៅឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ

សភាពការណ៍សន្ដិសុខនៃកម្ពុជានៅឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ រក្សាបាននូវតួនាទីជាបុព្វបទស្មួល បម្រើឲ្យការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ និងរួមចំណែកសម្រេចកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដោយបញ្ចៀសបាននូវអំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រក្សារឹងមាំខឿនឯករាជ្យជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។

នេះបើយោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបាន​បង្ហាញនូវក្នុង សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំកន្លងទៅសភាពការណ៍សន្ដិសុខនៅកម្ពុជា លេចធ្លោរគួរកត់​សម្គាល់ គឺឧបាយកលប៉ុនប៉ងផ្ដួលរំលំ រដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំង ដែលមានការ​ឃុបឃិត​ជាមួយបរទេស ការរីកសាយនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើសប៉ះ​ពាល់​ដល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពជម្រិតទារប្រាក់ និងសកម្មភាពភ្នាល់​ល្បែង​អនឡាញខុសច្បាប់»។

របាយការណ៍ដដែលបង្ហាញថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឧបាយកលនេះត្រូវបានទប់ស្កាត់ និងបំផ្លាញតាមរយៈការអនុវត្តវិធាន​ការច្បាប់យ៉ាងហ្មឹងម៉ាត់ ដែលនាំដល់ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ, គណបក្សសង្គ្រោះជាតិត្រូវបានតុលាការចេញដីការំលាយ ហើយថ្នាក់ដឹកនាំគណបក្សនេះ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល០៥ឆ្នាំ»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងក្នុងរបាយការណ៍នេះថា ប្រធានគណបក្ស​អំណាចខ្មែរ (សួន សេរីរដ្ឋា) និងប្រធានគណបក្សរួបរួមជាតិ (ញឹក ប៊ុនឆៃ) ព្រមទាំងជនល្មើស៣រូប ត្រូវបាន​ចាប់ខ្លួនពីបទញុះញុងបំបែកបំបាក់កងយោធពលខេមរភូមិន្ទ បទជួញដូរគ្រឿងញៀន និងផ្ដល់ព័ត៌មានឲ្យវិទ្យុ​បរទេសខុសច្បាប់ ជាមួយនោះល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ចំនួន៣ករណី ត្រូវបានបង្ក្រាប ចាប់ខ្លួន​ជនជាតិចិន៣០៧នាក់ បញ្ជូនទៅតុលាការ៕






No comments:

Post a Comment