Tuesday, February 06, 2018

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថ្លែងថា កម្ពុជា-ឡាវ នឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀត ពាក់ព័ន្ធនឹងច្បាប់ស្តីពីអំពើពុករលួយ

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា កម្ពុជា-ឡាវ បានប្ដេជ្ញាផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗ រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត។ លោកបានថ្លែងដូចនេះក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបជាមួយលោក មៀង ឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ច និងប្រឆាំងអំពើពុករលួយ នៃប្រទេសឡាវ នៅព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៨នេះថា ភាគីឡាវយកចិត្តទុកដាក់ពីការងារ ប្រកាសទ្រព្យសម្បត្តិ និងការងារស៊ើបអង្កេតរបស់អង្គភាពប្រឆាំង អំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ឡាវ ក៏បានព្រមព្រៀងគ្នាបង្កើនការសហការគ្នាថែមទៀត បើភាគីឡាវមានសំណូមពរអី្វឱ្យភាគីកម្ពុជាជួយលើគ្រប់ផ្នែក ហើយកម្ពុជាក៏អាចមានសំណូមពរឱ្យខាងភាគីឡាវ ជួយមកលើផ្នែកច្បាប់ផងដែរ ដែលភាគីទាំងពីរ នឹងត្រៀមជួយគ្នាទៅវិញទៅមក ។ លោក ឱម យ៉ិនទៀង បានបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំជូនគណៈប្រតិភូឡាវ ទៅពិនិត្យ និងដកបទពិសោធន៍ការងារ នៅអគ្គនាយកដ្ឋានពន្ធដារ ដោយសាររយៈពេល ២ទៅ៣ឆ្នាំ ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ មានការកែទម្រង់ខ្លាំង។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្ថែមទៀតថា ប្រតិភូឡាវក៏នឹងទៅពិនិត្យ ដកបទពិសោធន៍ការងារនៅច្រកចេញចូលតែមួយពីកម្ពុជាផងដែរ ។ ពាកព័ន្ធនឹងបញ្ហានេះ លោកជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រីកច្រកចេញចូលតែមួយ ទៅតាមស្រុក ខណ្ឌ ទាំងអស់នៅទូទាំងប្រទេស ៕


No comments:

Post a Comment