Tuesday, February 06, 2018

ផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជាទី៤៦ ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយខ្វះទីជម្រក នៅស្រុកសូទ្រនិគម ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈ​កម្មា​ធិការ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី៤៦ ផ្ដួច​ផ្ដើមដោយលោកបណ្ឌិត ឃឹម ប៊ុន​សុង ប្រធានគណៈកម្មាធិការសាខាខេត្ត ជូនដល់គ្រួសារអ្នកមីង អៀង ឆុច អាយុ​៥៧​ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ ខ្វះជំរក។

បច្ចុប្បន្ននេះ អ្នកមីង អៀង ឆុច ប្រកបរបរធ្វើនំអាកោលក់ គ្រាន់បានកម្រៃខ្លះទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ អ្នកមីងរស់នៅ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ផ្ទះដែលប្រគល់ជូននៅពេលនេះ មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាល​ក្ដារ ជញ្ជាំងក្ដារ តម្កល់លើជើងតាង កម្ពស់១,៨០ម៉ែត្រ ឧត្ថម្ភដោយគាំទ្រពីលោក លី លេនី លោកស្រី កុយ សាវិន និងសប្បុរសជនក្នុងខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈ​កម្មា​ធិការ​សាខា ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាស​នា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីបានធ្វើការលើកទឹកចិត្តដល់បងប្អូន ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បី​ជួយ​សម្រួល​ដល់ជីវ​ភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ លោកស្រី ក៏បានបន្តថា នេះជារដូវប្រាំងសូមបងប្អូនទាំងអស់ ត្រូវ​ចេះប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង និងសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូន ទៅមណ្ឌលសុខភាពដែល​នៅជិតបំផុត។ លោកស្រីក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារអ្នកមីងទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបាន​ជា​ជម្រកដ៏កក់ក្តៅតរៀងទៅ។

ក្នុងនោះក៏មានអំណោយមនុស្សធម៌បន្ថែមរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល​១ អង្ករ​៥០​គីឡូ​ក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះ​បាយ​មួយចំនួន និងថវិកា២០ម៉ឺនរៀល។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញ​ចូល​រួមម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕





No comments:

Post a Comment