Tuesday, February 06, 2018

ការ​ឆ្លើយ​តបភ្លាមៗ​​គឺ​ជា​ចំណុច​សំខាន់​ចំពោះ​ច្បាប់​ថ្មី​​​ប្រ​ឆាំង​​នឹង​​ព័ត៌​មាន​​ក្លែង​​ក្លាយ​​​របស់​​បារាំង​​

ការ​ឆ្លើយ​តប​ភ្លាមៗ​គឺ​ជា​ចម្លើយ​របស់​រដ្ឋា​ភិបាល​បារាំង​ចំពោះ​ព័ត៌​មាន​ក្លែង​ក្លាយ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន។

រដ្ឋ​មន្រ្តី​វប្ប​ធម៌​បារាំង លោកស្រី​ Francoise Nyssen បាន​និយាយ​ថា នីតិ​វិ​ធី​តុ​លាការ​នឹង​ត្រូវ​​បង្កើត​ឡើងដើម្បី​បញ្ឈប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​ ខណៈ​ដែល​លោក​ស្រី​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ច្បាប់​​ប្រ​ឆាំង​ព័ត៌​មាន​ក្លែង​ក្លាយ។

លោក​ស្រី Nyssen បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​នឹង​សារ​ព័ត៌​មាន ​Journal du Dimanche កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ថា «​វិ​ធាន​ការ​មួយ​ចំនួន​ដែល​យើង​​កំពុង​តែ​​ធ្វើ​ចាប់ពី​ពេល​នេះ​រហូត​ដល់​ខែ​មី​នា គឺ​ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​ទំនុក​ចិត្ត​លើ​ព័ត៌​មាន​ដែល​នឹង​អនុ​ញ្ញាតឱ្យ​យើង​ធ្វើសកម្ម​ភាព​ឱ្យ​បានឆាប់​រហ័ស នៅ​ពេល​ដែល​ព័ត៌​មាន​ក្លែង​ក្លាយ​កំពុង​តែសាយ​ភាយ​យ៉ាង​ខ្លាំង ជា​ពិ​សេស​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត»។

លោក​ស្រី​បាន​បន្ត​ថា «​ច្បាប់​ថ្មី​នេះ​នឹង​បង្កើត​នូវ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​វេទិ​កាព័ត៌​មាន​ផ្សេងៗ​គ្នា ដែល​នឹង​ត្រូវ​សហ​ការ​ជា​មួយ​រដ្ឋ​ និង​ធ្វើ​ឱ្យមាន​តម្លាភាព​ទៅ​លើ​មាតិ​កា​ដែល​បាន​និយាយ​នៅ​ក្នុង​អត្ថ​បទ​របស់​ពួក​គេ។ នីតិ​វិធី​តុលាការ​នឹង​ដាក់​ឱ្យ​អនុ​វត្ត​ន៍​ជាក់​ស្តែង ដើម្បី​អនុញ្ញាត​ឱ្យ​បិទ​ភ្លាមៗ​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ នៅ​ពេល​ដែល​មាន​ការ​មើល​​ឃើញ​ជាក់​ស្តែង​ពី​មហា​ជន»។

ប្រ​ធានា​ធិប​តី​បារាំង លោក Emmanuel Macron បាន​ស្នើ​ច្បាប់​លើក​ដំបូង​ដើម្បី​ទប់​ទល់​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​នៅ​ក្នុង​សុន្ទរ​ថាឆ្នាំ​២០១៨ ​របស់គាត់​ទៅ​កាន់​សារ​ព័ត៌​មាន។ សុន្ទរ​កថា​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ការ​និយាយ​ទៅ​ដល់​សារ​ព័ត៌​មាន​ RT និង​សារ​ព័ត៌​មាន​ Sputnik ដែល​គាំទ្រ​ដោយ​ទី​ក្រុង​ម៉ូ​ស្គូ។

ទាំង​សារ​ព័ត៌​មាន​ RT និង​សារ​ព័ត៌​មាន​ Sputnik មាន​គេ​ហ​ទំព័រ​ជា​ភាសាបារាំង​ ហើយ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​​ជា​មួយ​នឹង​សមភាគី​រុស្ស៊ី​របស់​គាត់​ Vladimir Putin លោក Macron បាន​ចោទ​ប្រ​កាន់​សារ​ព័ត៌​មាន​ទាំង​ពីរ​នេះ​ថា បាន​បោះ​ពុម្ភ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ការ​ឃោស​នា​ដែល​មិន​ស្មោះ​ត្រង់។

សារ​ព័ត៌​មាន​ RT ត្រូវ​បាន​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រ​ទេស​បារាំង

ចាប់​តាំង​ពី​ពេល​នោះ​មក សារ​ព័ត៌​មាន​ RT  ដែល​ពី​មុន​មក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​​ថាជា Russia Today នោះ​ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ប៉ុ​ស្តិ៍​ទូ​រ​ទស្សន៍​ជាភា​សាបារាំង​ ដោយ​ដាក់​និយ័តករ​ក្រោម​​ការ​ឃ្លាំ​មើល​របស់​ពួក​គេ។

លោក Macro បាន​ឃើញ​ឯក​សារ​ផ្ទៃ​ក្នុង​រាប់​ពាន់​ច្បាប់​ដែល​លេចធ្លាយ​​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​ ខណៈ​ដែល​មាន​ការ​ប្រ​កួត​ប្រ​ជែង​តំណែង​ប្រ​ធា​នា​ធិប​តី​ ​ដែល​គាត់​បាន​រិះ​គន់​ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​ឱ្យ​អស្ថិ​រ​ភាព​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​​ដូច​ដែល​គេ​បាន​មើល​ឃើញ​រួចជា​​ស្រេច​មក​ហើយ​​នៅ​ក្នុង​ប្រ​ទេស​អា​មេ​រិក អំឡុង​ពេល​ធ្វើ​យុទ្ធ​នា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធា​នា​ធិប​តី​នា​ពេល​កន្លង​មក។

នេះមិន​មែន​ជា​លើក​ទី​១ ទេ​ ដែល​រដ្ឋា​ភិបាល​បារាំងប៉ុន​ប៉ងដើម្បី​​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ព័ត៌​មាន​ក្លែង​ក្លាយ​តាមរយៈ​ច្បាប់​នេះ៕

​ប្រភព៖ FRANCE24 ចុះថ្ងៃទី០៥ ខែ​​​​​​​កុម្ភៈ ឆ្នាំ២០១៨


No comments:

Post a Comment