Tuesday, February 06, 2018

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះជួយព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត៨ពាន់នាក់ រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

កំពង់ចាម៖ ប្រជាពលរដ្ឋជិត៨ពាន់នាក់ នៅស្រុកស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ៣១៥នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តជយមង្គលារាម ភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ចំនួន៧,៨៩៣នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២៧៦នាក់, ជំងឺស្រ្តី១៩៧នាក់, ជំងឺផ្លូវចិត្ត១៣៤នាក់, ជំងឺឫស​ដូងបាត២៦៧នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៩២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៨នាក់, ជំងឺភ្នែក៦៣នាក់, ជំងឺសើរស្បែក១៣២នាក់, ជំងឺទឹកនោមផ្អែ២៧៩នាក់, ជំងឺមាត់ធ្មេញ១០១នាក់, អេកូសាស្ត្រ១៥៨នាក់ ព្យាបាលរបួស និងវះកាត់ខ្នាតតូច៤១នាក់ និងជំងឺទូទៅ៥,៩៧០នាក់។

សូមបញ្ជាក់ថារយៈពេល៦២ខែ (២០១២-២០១៨) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៣២២នាក់ ចុះពិនិត្យនិងព្យាលបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៦លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន ២៧៣,៤៩២នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី​សេចក្តី​ស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះ​ទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ៕







No comments:

Post a Comment