Tuesday, February 06, 2018

ខេត្តស្វាយរៀងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍របស់សាខា​កាំកុងត្រូលខេត្ត​ និងពិធី​ប្រកាសចូលកាន់​មុខតំណែង​ប្រធានសាខា​កាំកុងត្រូលខេត្ត​

ស្វាយរៀង៖ នៅថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅខេត្តស្វាយរៀង មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពិសោធន៍ខ្នាតតូចទី២ សាខាកាំកុងត្រូលខេត្តស្វាយរៀង និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាកាំកុងត្រូលខេត្ត ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យទំនិញ ជាពិសេសធានាបាននូវភាពអនុលោមតាមកម្មវិធីអភិក្រមគ្រប់គ្រងហានិភ័យ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។ លើសពីនេះ មន្ទីរពិសោធន៍នេះ ក៏នឹងឆ្លើយតបទស្សនទានរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអតុល្យភាព (ចំណុចអវិជ្ជមាន) ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកនាំចេញ-នាំចូល។

ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្តាំផ្ញើដល់ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី ត្រូវបន្តពង្រឹងការត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាថែមទៀត ព្រមទាំងស្វែងយល់អំពីបទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាងនៅក្នុងតំបន់ និងពិភពលោក ហើយត្រូវខិតខំកៀគរជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់សកម្មភាពការងារ ធានាបាននូវអនុលោមភាពរបស់ទំនិញនាំចូល-នាំចេញ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ៕




No comments:

Post a Comment