Tuesday, February 06, 2018

លោក សុខ សូកាន បើកកិច្ចប្រជុំ «សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់» និងប្រគល់ប្រាក់កម្ចីជូនសមាជិកសកម្មរបស់សមាគម

តាកែវ៖ នារសៀលថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាស្រុកគិរីវង់ ខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ «សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់» និងពិធីប្រគល់ប្រាក់កម្ចីបន្ថែមជុំទី៣ ដល់សមាជិកសកម្ម ៤៤នាក់ ក្រោមអធិបតីភាពលោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ។

លោក សុខ សូកាន បានថ្លែងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ នៅស្រុកគិរីវង់ ក៏ដូចជាលោកគ្រូអ្នកគ្រូទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមផលិតនូវធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ ហើយលោកក៏បានរំលឹកផងដែរ នូវប្រវត្តិរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលធ្លាប់បានបម្រើការងារជាគ្រូបង្រៀនមួយរូបនៅស្រុកគិរីវង់។

ទន្ទឹមនឹងនេះ លោក សុខ សូកាន ក៏បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ ដែលអាស្រ័យលើកត្តាបីយ៉ាងគឺ៖ ប្រាក់ខែគ្រូបង្រៀន ការរៀបចំកំណត់ចំនួនសិស្សក្នុងថ្នាក់រៀន និងការចូលរួមរបស់មាតាបិតាសិស្ស។ ក្នុងនោះដែរ លោកក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការដំឡើងប្រាក់ខែអប្បបរមារបស់គ្រូបង្រៀន និងមានមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការផងដែរ។

លោក សុខ សូកាន ក៏បានរំលឹកផងពីទស្សនៈវិស័យវែងឆ្ងាយ របស់សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា ដោយលោកបានបានគូសបញ្ជាក់ ពីអត្ថប្រយោជន៍ជាច្រើនរបស់មូលនិធិគ្រូបង្រៀន និងភាពជោគជ័យនៃមូលនិធិនេះ ដែលជាសញ្ញាណវិជ្ជមានរបស់មូលនិធិនេះ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពគ្រូបង្រៀន ហើយលោកបានសង្ឃឹមយ៉ាងមុតមាំថា ស្រុកគិរីវង់នឹងក្លាយជាគំរូ ក្នុងការលើកស្ទួយវិស័យអប់រំ និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូបង្រៀន។

លោក សុខ សូកាន ក៏បានផ្តល់យោបល់មួយចំនួនដើម្បីអោយកិច្ចដំណើរការរបស់សមាគមមូលនិធិគ្រូបង្រៀននេះ ឱ្យកាន់តែមាននិរន្តរភាពយូរអង្វែងបន្តទៅមុខទៀត ដែលក្នុងនោះរួមមាន៖
១-ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រីកឥណទានបន្ថែមទៀត
២-ការផ្សព្វផ្សាយពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងសកម្មភាពរបស់សមាគមមូលនិធិគ្រូបង្រៀននេះដើម្បីទាក់ទាញ់សមាជិកថ្មីៗ
៣-ការដាក់បញ្ចូលសមាជិកថ្មីអោយបានទាន់ពេលវេលានិងការកំណត់ពេលវេលាសងប្រាក់ច្បាស់លាស់
៤-ការបង្កើតសាលាបង្រៀនភាសាបរទេសក្នុងក្របខណ្ឌសមាគមមូលនិធិគ្រូបង្រៀន
៥-ការបញ្ចូលសមាជិកសមាគមមូលនិធិគ្រូបង្រៀនទៅក្នុងវេទិកាសម្ព័ន្ធសង្គមស៊ីវិលដើម្បីទទួលបានការសហការជាមួយអង្គការជាតិនិងអន្តរជាតិនានា។

លោក សុខ សូកាន បានសង្ឃឹមយ៉ាងមុតមាំថា លោកគ្រូអ្នកគ្រូទាំងអស់ នឹងជួយគាំទ្រផ្សព្វផ្សាយបន្ថែមនូវគុណប្រយោជន៍នៃសមាគមគ្រូបង្រៀននេះ ព្រមទាំងចូលរួមការពារសមិទ្ធផលទាំងឡាយរបស់សមាគម និងរួមគ្នាកសាង ថែរក្សានូវសាមគ្គីភាពរវាងគ្រូនិងគ្រូដើម្បីជីវភាពកាន់តែប្រសើរឡើង។ ជាទីបញ្ចប់ លោក សុខ សូកាន បានជូននូវថវិកាចំនួន ៥លានរៀលទៅដល់សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ និង ជូននូវប៊ិចអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដល់នាយកសាលាទាំងអស់ ៧១រូបផងដែរ៕






No comments:

Post a Comment