Tuesday, February 06, 2018

តើកន្លែងណា ជាកន្លែងយកឈ្នះចាញ់នៃការបោះឆ្នោតរបស់ម៉ាឡេស៊ី

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បាន​បង្ហាញ​ពី​ផែន​ការ​ថ្មី​ក្នុង​ការ​ជំរុញការវិនិ​យោគនៅតំបន់ម៉ាឡេ​ភាគខាងកើត តំបន់មួយនៃរដ្ឋ Sabah  គឺតំបន់ Sarawak និងដែនដីសហព័ន្ធ Labuan​។ ប្រសិនបើការចំណាយរបស់រដ្ឋា​ភិបាល​​អាច​ទាក់​ទាញ​បេះ​ដូង​របស់អ្នកបោះឆ្នោតបាន នោះ​ផែន​ការ​​នេះ​អាច​ដើរ​តួនាទី​ក្នុង​ការ​សម្រេច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ម៉ា​ឡេស៊ី​នៅឆ្នាំនេះ។

ផែនការអភិវឌ្ឍន៍មេ ឆ្នាំ ២០៣០ នៅតំបន់ភាគខាងកើតនេះ រួម​មាន​ការ​សាង​សង់​ស្ពាន​ចម្ងាយ ១១ គីឡូម៉ែត្រ តភ្ជាប់ពីដែនដីសហព័ន្ធ Labuan ជាមួយនឹងរដ្ឋ Sabah ដែល​ផែន​ការ​នេះ​ត្រូវ​បាន​​គេ​លើក​ឡើង​ជាច្រើនទស​វត្សរ៍មកហើយ តែមិនដែលបានធ្វើនោះទេ។ ស្ពាននេះ គឺ​ជា​ផ្នែក​មួយ​នៃផែនការសាងសង់ផ្លូវល្បឿន​លឿន​ដែលមានទឹកប្រាក់ ៣,២ ពាន់​លាន​ដុល្លារ​របស់​លោក Najib តភ្ជាប់តំបន់ Sarawak និងរដ្ឋ Sabah។

ការសិក្សាស្រាវជ្រាវបានលើកឡើងថា ការ​គាំ​ទ្រ​នៅ​តំបន់​ម៉ាឡេ​ភាគ​​​ខាង​​កើត​ចំពោះ​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច Barisan Nasional (BN) របស់លោក Najib គឺ​មាន​កម្រិត​ទាប​ក្នុង​រយៈ​ពេល​​ជា​ច្រើនឆ្នាំមកនេះ។ ផែន​​ការ​នេះ​អាច​បង្ហាញ​ពី​ចំណុច​ស្លាប់​រស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល ដែលនឹងធ្វើឡើងនៅខែសីហាឆ្នាំនេះ។

លោក Najib បាននិយាយកាលពីថ្ងៃទី១៨ ខែមករាថា “ប្រសិន​បើ​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ត្រូវ យើង​នឹង​ផ្តល់​នូវ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រា​កដ។” ដោយ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជូន​គណបក្ស BN គឺជា “សេចក្តី​សម្រេច​ចិត្ត​យ៉ាង​​ត្រឹម​ត្រូវ” សម្រាប់​ប្រជា​ជន​ម៉ាឡេ​ស៊ី​​នៅ​ភាគ​ខាង​កើត។

ទោះបីជាយ៉ាងណាក៏ដោយ សក​ម្ម​ភាព​របស់​គណ​បក្ស​ប្រឆាំង​ក៏​មាន​ការ​ងើប​ឡើង​ផង​ដែរ ដោយ​សារ​គណ​បក្ស​ថ្មី Malaysian United Indigenous Party (PPBM) ដែល​បង្កើត​ឡើង​ដោយ​លោក Mahathir នៅឆ្នាំ ២០១៦ វេលា​ដែល​គាត់​បាន​ចាក​ចេញ​ពី​គណ​បក្ស UMNO ដែល​ជា​គណ​បក្ស​ធំ​បំផុត​នៅ​ក្នុង BN។

គណបក្ស PPBM មានក្តីសង្ឃឹមថា ប្រជាជន​នឹង​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ជា​ជាង​នៅ​គណ​បក្ស UMNO គណ​បក្ស​ដែល​គាំទ្រ​ជន​ជាតិ​ភាគ​ចិន និង​ឥណ្ឌា។

យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Darul Ehsan បាន​​ឱ្យ​ដឹង​ថា បន្ទាប់​ពី​លោក Mahathir ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​​បេក្ខភាព​នាយក​រដ្ឋមន្រ្តី​កាល​ពី​ខែ​មុន ការ​គាំ​ទ្រ​ចំពោះ​សម្ព័ន្ធ​គណ​បក្ស​ប្រឆាំង​បាន​ងើប​ឡើងជាខ្លាំង ជាពិសេសនៅតំបន់ជន​បទ Malay Muslim។

ក៏ប៉ុន្តែ បើទោះបីជា គណបក្ស PPBM មានការងើបឡើងនៅតំបន់ជ្រោយម៉ាឡេស៊ីក៏ដោយ ក៏អ្នកវិភាគមួយចំនួន​គិតថា ប្រជាជនម៉ា​ឡេ​ស៊ីភាគកើត មិនទំនងជាងចង់ឃើញលោក Mahathir ត្រឡប់ចូល​កាន់តំណែងជានាយករដ្ឋមន្រ្តីទេ ដោយសារមានការលើកឡើងយ៉ាងទូលំទូលាយថា គាត់ធ្លាប់បានគ្រប់គ្រងតំបន់នេះ ដោយ​ភាពអយុត្តិធម៌ និងមិនស្មើភាពអំឡុងពេលគាត់កាន់តំ​ណែង។

អ្វីដែលជាបញ្ហាសម្រាប់សម្ព័ន្ធគណបក្សប្រឆាំងនៅតំបន់ដីកោះ Borneo គឺចំនួនគណបក្សក្នុងស្រុក ដែលភាគច្រើនមិនចង់ចូលរួមជាមួយសម្ព័ន្ធគណបក្សប្រឆាំងទេ។ កាលពីការបោះឆ្នោតលើកមុន បញ្ហានេះ បានបង្កឱ្យមានការខ្វែងគំនិតជាខ្លាំងក្នុងចំណោមគណបក្សសម្ព័ន្ធ ដែលកត្តានេះបានផ្តល់ផលប្រយោជន៍ដល់គណ​បក្សកាន់អំណាច BN។

នាពេលថ្មីៗនេះផងដែរ វិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់ម៉ាឡេស៊ី Politweet បានធ្វើការវាយតម្លៃអំពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ របស់គណបក្សប្រឆាំង Raykat ថា ជាមូលដ្ឋានមួយដែល​អាចបង្កើនការគាំទ្រចំនួន ៥ ភាគរយ ដល់គណបក្សប្រឆាំង។

ការស្ទាបស្ទង់មួយដែលធ្វើឡើងកាលពីឆ្នាំមុន ដោយក្រុមសិក្សាស្រាវជ្រាវ Invoke Malaysia បានព្យា​ករណ៍​ថា គណបក្សរបស់លោក Mahathir នឹងឈ្នះ៨ អាសនៈនៅរដ្ឋ Sabah និងឈ្នះ ៥ អាសនៈនៅតំបន់ Sarawak គឺស្មើនឹង ១៣ អាសនៈ។

ក៏ប៉ុន្តែ ប្រសិនបើលទ្ធផលនៅជ្រោយម៉ាឡេស៊ីគៀកកិតដូចការព្យាករណ៍របស់អ្នកវិភាគពិតមែន នោះ អាសនៈនៅតំបន់ម៉ាឡេ​ភាគខាងកើតនេះ អាចសម្រេចថា តើអ្នកណាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតរបស់ម៉ាឡេស៊ីនៅថ្ងៃខាងមុនេះ៕

ប្រភព៖ Asian Times ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨


No comments:

Post a Comment