Tuesday, February 06, 2018

គណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដល់សមាជិកសមាជិកា

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ​ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកឃុំប្រមាណជាង១០០នាក់។

លោក សោម វឺន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករលាប្អៀរ បានលើកឡើងថា នៅក្នុងអង្គមហាសន្និបាតទូទាំងប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងមកនេះ គឺបានឆ្លងនូវខ្លឹមសារ៤សំខាន់រួមមាន៖

ខ្លឹមសារទី១៖ គឺឆ្លងរបាយការណ៍បូកសរុបការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨
ខ្លឹមសារទី២៖ ឆ្លងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ដឹកនាំក្នុងរយៈពេល៥ឆ្នាំពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣,
ខ្លឹមសារទី៣៖ គឺការណែនាំផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសតំណាងរាស្ត្រនិតិកា​លទី៦ នៃរដ្ឋសភានិង
ខ្លឹមសារទី៤ គឺអង្គមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូបដល់៨៥៥រូប បានន័យថា បន្ថែម៣៤២រូប។
លោក សោម វឺន ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ត្រូវសាមគ្គីសហការគ្នាដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃនិងថ្នាក់ខេត្ត ដោយទទួលបានលទ្ធផលមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ កត្តាសំខាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បម្រើសេវានិងដោះស្រាយសំណូមពរចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឈានទៅទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤ នៃព្រឹទ្ធសភា និងតំណាងរាស្រ្តនិតិកាលទី៦នៃរដ្ឋសភានាពេលខាងមុខនេះ៕



No comments:

Post a Comment