Friday, July 12, 2019

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ EBA បានក្លាយជាស្រមោលទៅហើយ, កិច្ចសហការពាណិជ្ជកម្មជាមួយសមាជិក EU ជាទិសដៅរបស់កម្ពុជា

នៅចុងបញ្ចាប់នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហាញដល់មន្ត្រីជា ក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលពីទិដ្ឋភាពទូទៅ នៃដំណើរបំពេញបេសកកម្មការងាររបស់លោកទៅកាន់ប្រទេសស្វីសកាលពីដើមខែកក្កដានេះ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកបង្ហាញ ពីលទ្ធផលមួយចំនួននៃជំនួបជាមួយថ្នាក់ដឹកនាំប្រទេសជាសមាជិកសហគមន៍អឺរ៉ុប (EU)។ ជាពិសេសជំហររបស់ថ្នាក់ដឹកនាំ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប គឺបានផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្ម ដោយមិនបានចាប់អារម្មណ៍លើបញ្ហាផ្សេងនោះឡើយ។
ក្នុងន័យនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់មន្ត្រីជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាថា បញ្ហាអនុគ្រោះពន្ធ EBA វាហាក់បានក្លាយទៅជាស្រមោលទៅហើយ។ អ្វីដែលជាទិសដៅសម្រាប់ពាណិជ្ជកម្មរបស់កម្ពុជា គឺកិច្ចសហការពាណិជ្ជកម្មទ្វេភាគីជាមួយ ប្រជាជាតិដែលជាសមាជិកសហគមន៍អឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន។



No comments:

Post a Comment