Tuesday, December 16, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់ជ័យ​លាភី នៃ​ការ​ប្រកួត​កីឡា​អន្តរជាតិ​នានា



-      ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-      ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជាទីមេត្រី
ថ្ងៃនេះ​ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ក្នុងពិធីប្រគល់​ប្រាក់រង្វាន់ដល់​ជ័យ​លាភីនៃការប្រកួត​ កីឡាអន្តរជាតិនាពេលកន្លងមក។ ​ក្នុងនាម​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា និងក្នុងនាម​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំសូមសម្តែង​នូវការកោត​សរសើរ​ដោយស្មោះ និង​អបអរ​សាទរ​ដល់ជ័យ​លាភី​​ទាំងអស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង និងស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់​រហូត​ទទួលបានជោគជ័យ​ ដ៏ធំធេងជូនជាតិមាតុភូមិ។​ ខ្ញុំ​​ក៏សូម​​យក​ឱកាស​​នេះ សម្តែង​នូវការ​វាយ​តម្លៃខ្ពស់ផងដែរ​ ដល់​ថ្នាក់ដឹកនាំ​ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡា​ជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស គ្រូបង្វឹក ដែលបាន​រួមចំណែក​យ៉ាងសំខាន់ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផល​ដ៏ត្រចះត្រចង់នេះ។

ការជួបជុំគ្នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​រាជ​រដ្ឋាភិបាល​​​ដល់​វិស័យកីឡា ជាពិសេសដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់ ដែល​បាន​​ចូលរួមប្រកួត​កីឡាអន្តរជាតិនានា។ ការយកចិត្តទុកដាក់​និងការគាំទ្រទាំងនេះ ស្តែង​​ចេញ​តាមរយៈ​ការគាំទ្រថវិការដ្ឋ​​សម្រាប់​វិស័យនេះ ក៏ដូចជា​អនុសាសន៍​​​ណែ​នាំ​​​និងការផ្តល់​ថវិកាផ្ទាល់​របស់ សម្តេចតេជោ ជូនដល់គ្រប់កីឡាករ កីឡាការិនី មុនពេល​អញ្ជើញចេញទៅប្រកួតកន្លងមក។

ឯកឧត្តម លោកជំទាវ លោក លោកស្រី
វិស័យអប់រំកាយនិងកីឡា គឺវិស័យអាទិភាពមួយ ​​ដែល​​រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​យក​ចិត្តទុកដាក់ក្នុង​ ការចូលរួមអភិវឌ្ឍ​ធនធាន​មនុស្ស​​​ ប្រកប​ដោយ​គុណភាព​ខ្ពស់ ដើម្បី​រួម​​ចំណែក​ដល់​ការ​លើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព​និង​សមធម៌។ កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ ​ភាព​សប្បាយ​​​រីករាយ​ និង​ស្មារតី​សន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការរវាង​គ្នានិងគ្នា ទាំងក្នុង​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាង​សំខាន់​ដល់​ការលើកកម្ពស់កិត្យានុភាពជាតិ​នៅលើ​ ឆាក​អន្តរជាតិផងដែរ។ ដូច្នេះ កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នក​ការទូតមហាជន ដែលមាន​តួនាទី​យ៉ាងសំខាន់នៅក្នុងផ្នែកទំនាក់ទំនង​អន្តរជាតិ។

ជាការពិត ព្រឹត្តិការណ៍ប្រកួត​កីឡាជាអន្តរជាតិនេះ បាននាំមកនូវ​បទពិសោធន៍​​ថ្មីៗ និង​កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តបន្ថែមទៀត ហើយបទពិសោធន៍​​ទាំង​នេះ​នឹង​ជួយក្មួយៗ​កីឡាករ ​កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត ​សម្រាប់​ការ​ប្រកួត​ជាអន្តរជាតិ​នាពេល​អនាគត​ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើង​នឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ​ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភ​គាំទ្រគ្រប់​បែបយ៉ាង ដើម្បីអភិវឌ្ឍ​វិស័យ​កីឡា​នៅកម្ពុជា ឱ្យទទួលបាន​ជោគជ័យបន្ថែមទៀត។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ​ជាតិ​​អូឡាំពិកកម្ពុជា និង​សហព័ន្ធកីឡាជាតិ គួរបន្ត​ជំរុញការអភិវឌ្ឍធនធាន​មនុស្សផ្នែកកីឡា​ប្រកបដោយ​គុណភាព តាមរយៈ​ការពង្រឹងអង្គភាព ស្ថាប័នហ្វឹកហ្វឺនកីឡាជាតិ និងការផ្តល់ឱកាសបន្ថែមទៀត​ដល់​ក្មួយៗ​​​​យុវជន​ ដែលមានចំណង់ចំណូលចិត្តនិងមានទេពកោសល្យផ្នែកកីឡា គ្រូបង្វឹក និងមន្ត្រី​​ជំនាញ​ទៅសិក្សា​និងបណ្តុះបណ្តាលបន្ត នៅបណ្តាប្រទេស​ដែលមាន​ជំនាញ​​ខ្ពស់​ផ្នែក​កីឡា​​ទាំង​នោះ។​ ជាងនេះទៅទៀត នៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជានៅតាមពហុកីឡាដ្ឋាន​រាជធានី-ខេត្ត ក្រសួងអប់រំ យុវជន និងកីឡា គួរយកចិត្តទុកដាក់ជួសជុល កែលម្អ​ទីលានកីឡា កសាង​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៍ និងសម្ភារៈកីឡា ដើម្បីបង្ក​លក្ខណៈនិងផ្តល់​ឱកាស​ដល់​យុវជន​យើង​ធ្វើលំហាត់អប់រំកាយ និងកីឡា សំដៅលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងរួមចំណែកដល់​ការកាត់​បន្ថយ​ភាព​អសកម្មនានានៅ​​ក្នុងសង្គម។

ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​គ្រប់​​លំ​ដាប់​ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា  គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា សហព័ន្ធ​កីឡាជាតិ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់​ ចំពោះកិច្ចខិត​ខំ​ប្រឹង​ប្រែង និងស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់នាំមកនូវជ័យជំនះ​ ដ៏ធំធេងជូនជាតិមាតុភូមិជាទីស្នេហា​របស់​យើង។​

ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍវិស័យ​អប់រំកាយ និងកីឡា​នៅកម្ពុជា ជាបន្តទៀត។

ក្នុងនាម សម្តេច​​​​អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ​​កម្ពុជា ខ្ញុំបាននាំមកជាមួយនូវទឹកប្រាក់​ចំនួន ២៥៤.​៩០០.០០០ រៀល (ពីររយហាសិបបួនលាន ប្រាំបួនសែនរៀល) របស់រាជ​រដ្ឋាភិបាល​​ មកប្រគល់ជូនជ័យលាភីចំនួន២៧នាក់ និងគ្រូបង្វឹកចំនួន៦នាក់  សម្រាប់ការ​ប្រកួតកីឡាអន្តរជាតិនានា ស្រប​តាមប្រកាសអន្តរក្រសួងនាពេលនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ សូមមាន​សុខភាពល្អ ជោគជ័យ​ក្នុងការងារ និង​សុភមង្គលក្នុងគ្រួសារ។


No comments:

Post a Comment