Friday, April 07, 2017

តើ​ការចាកចេញ​របស់​អង់គ្លេស​កំពុង​រងគ្រោះ​ពី​អតីតកាល​ចក្រពត្តិ​​​ឬ?

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ស្រី Theresa May បាន​ចុះ​ហត្ថលេខា​លើ​មាត្រា ៥០ ​ហើយ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នូវ​ដំណើរការ​ដែល​នឹង​នាំ​ឲ្យ​អង់គ្លេស​ដើរ​ចេញពី​សហភាព​អឺរ៉ុប។ ឥឡូវ​នេះ ចំណាប់​អារម្មណ៍​បាន​ងាក​ទៅ​រក​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាងមុខ។
ការ​វិភាគ​ជា​ច្រើន​កន្លងមក​បាន​ផ្តោត​ទៅ​លើ​ការ​ចរចា​នៅពេល​ខាងមុខ​ជា​មួយ​សហភាព​អឺរ៉ុប ដោយ​មាន​លទ្ធភាព​នៃ​ការ​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​របស់​សហភាព​អឺរ៉ុប​កាន់តែ​ទំនង​កើ​ត​ឡើង។ ប៉ុន្តែ​ការ​ជជែក​ដេញ​ដោល​ពិតប្រាកដ​បាន​ធ្វើ​ទៅ​លើ​តួនាទី​អ្វីដែល​អង់គ្លេស​មាន​នៅ​ក្នុង​ពិភព​លោក​បន្ទាប់​ការ​ចាកចេញពីអឺរ៉ុប។​
លោក​ស្រី May បាន​សន្យា​ឲ្យ​មាន “អង់គ្លេស​ក្នុង​ពិភព​លោក​ពិត​ប្រាកដ​” មួយ​នៅ​ក្រៅ​សហភាពអឺរ៉ុប​ ហើយ​អ្នក​គាំទ្រ​ខ្លះ​លើ​ការ​ចាក​ចេញ​របស់​អង់គ្លេស​នោះបាន​ចាត់ទុក​ការ​ផ្តាច់ខ្លួន​​ចេញពី​សហភាពអឺរ៉ុប​​ថា ជា​ឱកាស​ដល់​អង់គ្លេស​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​​ចក្រ​ពត្តិ​​​​និង​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន។
នេះគឺជា​ទស្សនៈ​ដ៏គ្រោះថ្នាក់​និង​បណ្តាល​ឲ្យ​មាន​បញ្ហា​យ៉ាង​ខ្លាំង។ ដើម្បីក្លាយជា​ប្រទេស​អង់គ្លេស​ “ពិភព​លោកពិត​ប្រាកដ​” ចាំបាច់​ត្រូវ​តែ​បោះ​ចោល​ការ​អតីតកាល​ចក្រពត្តិ​​​នេះ។​
ការ​ចាកចេញ​របស់អង់គ្លេស​ដែល​មាន​លក្ខណៈ​ចក្រពត្តិ​​​
នៅពេល​ធ្វីតធឺ​បាន​ចាត់​ទុក​ថ្ងៃពុធ​ ទី ២៩ ខែ​មីនា ថាជា “ថ្ងៃចាកចេញរបស់​អង់គ្លេស” នោះ ប្រវត្តិវិទូ​លោក David Starkey បាន​លេច​មុខ​នៅ​ក្នុងកម្មវិធី​របស់​ទូរទស្សរ៍ ប៊ីប៊ីស៊ី ដោយ​បាន​ប្រៀប​ធៀប​​ការ​ចាក​ចេញ​របស់​អង់​គ្លេស​​ទៅ​នឹង​ការ​បំបែក​ខ្លួន​ជា​ប្រវត្តិសាស្ត្រ​របស់ Henry VIII ចេញពី​ចក្រភព​រ៉ូម​អញ្ចឹង។ គាត់​បាន​លើក​ឡើងថា បដិវត្តិ​នោះ​​បាន​​ធ្វើ​ឲ្យ​មាន​ការ​ “ពង្រីក​ខ្លួន​របស់​អង់គ្លេស” និង​លើក​ឡើង​ថា ការ​ចាកចេញ​របស់​អង់គ្លេស​អាច​មើល​ឃើញ​ថា ជា​យុគ្គ​ចក្រ​ភព​មួយ​ទៀត​របស់​អង់គ្លេស។​
ចាប់តាំង​ពី​ការ​បោះឆ្នោត​ចាកចេញពី​សហភាព​អឺរ៉ុបមក ទស្សនៈ​​នៃ​ទំនាក់​ទំនង​​នៅ​អនាគត​របស់​អង់គ្លេស​ជា​មួយ​ពិភព​លោក​ទាំង​មូល​នោះ​បាន​​បង្កើត​សាជាថ្មី​ដល់​គំនិត​ចក្រ​ពត្តិ​​។ ចេញពី​ការ​សន្យា​របស់​លោក​ស្រី Theresa May លើ​ការ​ចាក​ចេញ​របស់​អង់គ្លេស “ក្រហម ស និង​ខៀវ” ចំពោះ​ការ​លើក​ឡើង​ថា ក្រុម​ហ៊ុន Royal Yacht Britannia ត្រូវ​បាន​ផ្តល់​សិទ្ធិ​​ក្នុងការ​សម្រប​សម្រួល​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នោះ អនាគត​របស់​អង់គ្លេស​​ត្រូវបាន​បង្ហាញ​ឡើង​ថា ជា​ឱកាស​​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​អតីតកាល​ដ៏​រុង​រឿង​មួយ។​
ការ​ធ្វើ​ការ​ជា​មួយ​អតីតកាល​ដ៏ចក្រ​ពត្តិ​មួយ​
ការ​ផ្តោត​ជាក់​លាក់​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​​អនាគត​​លើ​បណ្តា​ប្រទេស​សមាជិក Commonwealth នោះ​បាន​បង្ករ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។ បញ្ហា​មួយ​នោះ​គឺ​ការ​កាន់​ជើង​យ៉ាង​ច្បាស់​ដល់​ដែន​របស់​អង់គ្លេស ហើយ​ការ​លម្អៀង​​មិន​ចេញ​មុខ​នោះ​គឺ​​ភាព​ដូច​គ្នា​ខាង​ពូជសាសន៍​និង​ភាសា។
អូស្ត្រាលី​បាន​ក្លាយជា​ប្រទេស​នាំ​មុខ​គេ​​សម្រាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ក្រោយ​ការ​ចាក​​ចេញ​របស់​អង់គ្លេស​ ហើយ​​ការ​ពិភាក្សា​ជា​សាធារណៈ​​របស់​ក្រុម​ប្រទេស​សមាជិក Commonwealth ​ចង់​ផ្តោត​ទៅ​លើ​ប្រទេស​ណូវែល ហ្សឺឡង់ ឬ​កាណាដា ជាជាង​ប្រទេស​ម៉ាឡាវី ឬ​ប្រទេស​ម៉ាឡេ​ស៊ី។​
ក្នុង​ខណៈ​ដែល​អតីត​ប្រទេសក្រោម​ការ​គ្រប់​គ្រង​របស់​អង់គ្លេស​ដូចជា ​​អូស្រ្តាលី កាណាដា និង​ណូវែល ហ្សឺឡង់​ ប្រហែលជា​អ្នក​ចូល​រួម​ដ៏​មាន​ឆន្ទៈ​នៅ​ក្នុង​គម្រោង​ចក្រព័ទ្ធ​ថ្មី​មួយ​នោះ ប្រទេស​ទាំង​នោះ​មិន​មែនជា​កម្លាំង​សេដ្ឋកិច្ច​ដ៏ធំ​នោះទេ។ ដើម្បី​ស្វែងរក​​ដៃគូពាណិជ្ជកម្ម​ដែល​ប្រហែលជា​នឹង​ជំនួស​​សហភាព​អឺរ៉ុប​នោះ អង់គ្លេស​នឹង​ត្រូវ​តែ​ធ្វើការ​ជា​មួយ​បណ្តា​ប្រទេស​ដែល​មាន​ទស្សនៈ​​រិះ​គន់​លើ​អំពើ​ចក្រពត្តិ​​​របស់ខ្លួន​នៅអតីតកាល។​
អង់គ្លេស​បាន​រួមចំណែក​លើ​បញ្ហា​​ប្រវត្តិសាស្ត្រ​នេះ​ជា​មួយ​ប្រទេស​ជិត​ខាងរបស់ខ្លួន​​នៅ​ទ្វីប​អឺរ៉ុប​ជា​ច្រើន​។ ប៉ុន្តែ​ ការ​បង្កើត​ចក្រភព​ឡើង​វិញ​ដោយ​អ្នក​គាំទ្រ​ការ​ចាក​ចេញ​របស់​អង់គ្លេស​នោះ​​បាន​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​វិជ្ជមាន​​យ៉ាង​ខ្លាំង​អំពី​ប្រវត្តិសាស្ត្រ​ចក្រព័ទ្ធ​នោះ។​
នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ អាឡឺម៉ង់​បាន​សុំ​ទោស​ប្រទេស ណាំមីបៀ ហើយ​ប្រទេស​ហូឡង់​បាន​សុំ​ទោស​ប្រទេស​ឥណ្ឌូនេស៊ី​ចំពោះ​ភាព​ជ្រុល​ហួស​របស់​ចក្រ​ភព​របស់ខ្លួន។ ស្រដៀង​គ្នា​នោះដែរ បេក្ខជន​ប្រធានាធិបតី​បារាំង​លោក Memmanuelle Macron នៅពេល​ថ្មី​ៗ​នេះ​​បាន​ចាត់​ទុក​អតីតកាល​នៅ​សម័យ​អាណានិគម​​របស់​បារាំងថា ជា​ “បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ” នៅ​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​ទូរទស្សរ៍​អាល់​ហ្សឺរី។ នៅ​អង់គ្លេស គេ​មិន​មាន​ឃើញ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​អំពី​វិប្បដិសារី​ ឬ​ការ​ផ្សះ​ផ្សាណា​មួ​យ​នោះទេ។​
ប្រទេស​អង់គ្លេស​សាកល​ដ៏ពិត​ប្រាកដ​
ទស្សនៈ​វិជ្ជមាន​ជ្រុល​ហួស​របស់​អង់គ្លេស​អំពី​ប្រវត្តិ​សាស្ត្រ​ចក្រពត្តិ​របស់ខ្លួន​ទំនង​ជា​នឹង​បណ្តាល​ឲ្យ​មាន​បញ្ហា​​ក្នុងការ​ចរចា​ជាមួយ​ដៃគូពាណិជ្ជកម្ម​ថ្មីៗ។ ឧទាហរណ៍ អ្នក​នយោ​បាយ​ឥណ្ឌា​លោក Shashi Tharoor បាន​ព្រមាន​ថា នៅ​ឥណ្ឌា “អាណាចក្រ ២.០” នឹង​មាន​ភាព​ឆ្កួត​ ហើយ​ចាត់​ទុក​ការ​គ្រប់គ្រង​របស់​អង់គ្លេស​នៅ​ឥណ្ឌា​ថា ជា “រយៈ​ពេល ២០០ ឆ្នាំ​នៃ​អំពើ​ប្លន់​ទ្រព្យ​និង​កេង​ប្រវ័ញ្ច”។ ដើម្បី​ធានា​ឲ្យ​មាន​ការ​ចូល​ទៅ​កាន់សេដ្ឋកិច្ច​​ឥណ្ឌា​ដែល​កំពុង​លូត​លាស់​នោះ អង់គ្លេស​ត្រូវ​តែ​ទទួល​ស្គាល់​ថា ការ​វិល​ត្រឡប់​ទៅ​កាន់​ភាព​អំណាច​ចក្រពត្តិ​របស់ខ្លួន​នោះ​គឺ​មិន​​ក្លាយជា​ការ​ពិត​ ហើយ​ក៏​មិន​គួរ​ឲ្យ​ចង់​បាន​នោះដែរ។​
ស្រដៀង​គ្នា​នោះដែរ មហាអំណាច​សេដ្ឋកិច្ច​ពិភព​លោក​ដ៏មាន​ប្រៀប​គឺអាមេរិក​និង​ចិន​នោះ​មាន​ប្រវត្តិផ្ទាល់ខ្លួន​គេ​ក្នុងការ​ទទួល​រងអំពើ​ហិង្សា​​ជា​មួយ​នឹង​ចក្រភព​អង់គ្លេស។ មហាអំណាច​អន្តរ​ជាតិ​ធំៗ​ទាំង​នេះ​ទំនង​ជា​មិន​គ្រាន់តែ​មិន​ចាប់​អារម្មណ៍​នឹង​ “ចក្រភព ២.០” ប៉ុណ្ណោះទេ ប៉ុន្តែ​អតុល្យ​ភាព​អំណាច​រវាង​មេដឹកនាំ​ពិភព​លោក​​និង​​អង់គ្លេស​​បាន​​បញ្ឈឺ​ដល់​​ពុតត្បុត​​ចក្រ​ព័ទ្ធ​​របស់​អង់គ្លេស។
ការ​ផ្ទេរអធិបតេយ្យ​របស់​ហុងកុងទៅ​ឲ្យ​ចិន​នៅ​ឆ្នាំ ១៩៩៧ និង​បរាជ័យ​នៅពេល​បន្ទាប់​របស់​អង់គ្លេស​ដើម្បី​ផ្តល់​ការ​គាំទ្រ​យ៉ាងខ្លាំង​ដល់​ “បដិវត្តិឆ័ត្រ” នៅ​ឆ្នាំ ២០១៤ នោះ​គឺ​ជា​បង្ហាញ​យ៉ាង​ច្បាស់​អំពី​អសម​ត្ថភាព​របស់​អង់គ្លេស​ក្នុងការ​ចម្លង​យក​​ឥទ្ធិពលចក្រពត្តិ​របស់ខ្លួន​នៅ​ក្នុង​សម័យ​ទំនើប​នេះ។
កេរ្តិ៍​តំណែល​ចក្រពត្តិ​​​​ដ៏សំខាន់​បំផុត​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ស្រុក។ សាធារណៈ​ជន​អង់គ្លេស​​មិន​គួរ​​យល់​ច្រឡំ​ជា​មួយ​នឹង​ការ​សន្យា​​អំពី​ភាព​ល្បីល្បាញចក្រពត្តិ​នោះទេ។ ជា​ជំនួស​វិញ គេ​គួរ​បញ្ជាក់​ច្បាស់​ថា អង់គ្លេស​កំពុង​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ដៃគូ​ស្មើភាព ជា​ជាង​ការ​ពឹង​ផ្អែក​លើ​ការ​គ្រប់​គ្រង​សម័យអាណានិយម​ចាស់​នោះ។
នៅពេល​អង់គ្លេស​​ប្រឈមមុខ​នឹងតថភាព​​នៃ​ជីវិត​​នៅ​ខាង​ក្រៅ​សហភាព​អឺរ៉ុប​ ហើយ​សម្លឹង​រក​ការ​បង្កើត​ទំនាក់ទំនង​ថ្មី​ជា​មួយ​ដៃគូពិភព​លោក​នោះ ខ្លួន​ត្រូវ​តែ​បោះ​ចោល​អតីតកាល​ចក្រ​ព័ទ្ធ​របស់ខ្លួន​នោះ៕

ប្រភព៖ AljaZeera ចុះថ្ងៃ០៥  ខែមេសា​ ​ឆ្នាំ២០១៧


No comments:

Post a Comment