Friday, April 07, 2017

បទវិភាគ៖ មិនសង្រ្គោះជាតិ បែរជាមកសង្រ្គោះខ្លួនឯងទៅវិញ

បក្សសង្រ្គោះជាតិ ប្រៀបបានដូចទៅនឹងទូកចាស់មួយគ្រឿងកំពុងទ្រុឌទ្រោមដោយសារការបែកបាក់​ធ្លុះធ្លាយស្ទើគ្រប់កន្លែងដែលស្ទើរតែនឹងមិនអាចជួសជុលប្រើប្រាស់លែងបានទៀតហើយ។ តើ​មាន​រឿង​អាស្រូវ​​​ស្មុគ​ស្មាញអ្វីខ្លះ ដែលបណ្តាលឱ្យទូកសង្រ្គោះជាតិត្រូវធ្លុះធ្លាយយ៉ាងធ្ងន់ធ្ងរនេះ? រឿង​ធ្លុះ​ធ្លា​យ​មាន​ច្រើន​យ៉ាង​​រាប់ទាំងរឿងអាស្រូវផ្លូវភេទរបស់ប្រធានបក្ស អនុប្រធានបក្ស មន្រ្តីថ្នាក់ក្រោម ការប្រជែង​អំណាច​ក្នុង​បក្ស  ការទិញ​ដូរតំណែងក្នុងការជ្រើសរើសបេក្ខជនមេឃុំ សង្កាត់ និង​រហូត​ដល់​ការ​ធ្វើ​សមាជ​បក្ស​ជ្រើស​តាំង​ប្រធាន  និងអនុប្រធានបក្សផ្ទុយនឹងលក្ខន្តិកៈបក្សខ្លួនឯងដ៏អាម៉ាស់។
មួយ​​លើកជាពីរលើក យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួង​មហា​ផ្ទៃ​តែង​តែ​បាន​ណែ​នាំ​ដល់​បក្ស​សង្រ្គោះ​ជាតិឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខន្តិកៈ​ដែល​បក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ដាក់​ជូន​ក្រសួង​​​​មហា​ផ្ទៃ​។ បើទោះបីលក្ខន្តិកៈ​មិន​មែន​ជា​ច្បាប់​មាន​វិសាល​ភាព​ទូទៅ​សំរាប់​អនុវត្ត​ដូច​ច្បាប់​ឯទៀតៗ​ក៏​ដោយ​​ចុះ ក៏ប៉ុន្តែលក្ខន្តិកៈបក្សត្រូវបានគេចាត់ទុកថា ជាច្បាប់មួយរបស់បក្សនយោបាយមួយ ហើយ​ក្រសួង​មហា​ផ្ទៃមានកាតព្វកិច្ចតាមនីតិវិធីត្រូវអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ដើម្បី​ធានា​បាន​នូវ​​ការ​អនុវត្តច្បាប់ត្រឹមត្រូវតែប៉ុណ្ណោះ។ ជាក់ស្តែងចុងក្រោយនេះ ក្រសួង​មហា​ផ្ទៃ​បាន​ចង្អុល​បង្ហាញ​ថា ប្រការ ៤៧​ថ្មី​នៃលក្ខន្តិកៈ គឺការជ្រើសរើសអនុប្រធានទាំង៣រូប ខុសលក្ខន្តិកៈដោយលើសរយៈពេល៣០ ថ្ងៃ គិត​ចាប់​​តាំង​ចាប់តាំង សម រង្ស៊ី បានលាលែងពីតំណែង។
កំហុសដដែលៗវាបានឆ្លុះបញ្ចាំងនូវកម្សោយ នៃសមត្ថភាពយល់ដឹងអំពីការអនុវត្តច្បាប់ត្រឹមត្រូវ​ដែលមហាជនទូទៅតែងតែគិតថា បក្សមួយនេះមានធនធានមនុស្សចេះសរសេរច្បាប់  តែមិនចេះអនុវត្តច្បាប់  តែបែរជាចោទក្រសួងមហាផ្ទៃថា រំលោភចូលជ្រៅទៅក្នុងបក្សដទៃទៅវិញ។  ឥឡូវនេះ លោក អេង ឆៃអាង បាន​ឆ្លើយទៅនឹងលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០៥ ខែមេសា​នេះ​តាម​បណ្តាញ​សារព័ត៌​មាន​ក្នុង​ស្រុក​មួយ​​​ចំនួន ដោយសុំឱ្យយោបល់ពីក្រសួងមហាផ្ទៃមកតែម្តង ថាតើបក្សប្រឆាំង គួរ​តែ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​បាន​ត្រូវ? ចម្លើយ គឺក្រសួងមហាផ្ទៃបានចង្អុលលបង្ហាញថា សមាជ​បក្ស​សង្រ្គោះ​ជាតិ​ថ្មីៗ​នេះ​មិន​បាន​ឆ្លើយ​តប​បាន​​​ត្រឹមត្រូវទៅនឹងស្មារតីនៃមាត្រា ៤៧ថ្មី នៃលក្ខន្តិករបស់ខ្លួនឡើយ  ហើយ​ក្រសួង​មហា​ផ្ទៃ​ក៏មិន​អាច​លូក​ដៃ​ណែនាំបក្សសង្រ្គោះជាតិត្រូវធ្វើយ៉ាងណានោះបានទេ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់បក្សសង្គ្រោះជាតិ។
ជា​រួមបក្សសង្រ្គោះជាតិពិតជាកំពុងដើរដល់ផ្លូវមហន្តរាយអាស្រ័យដោយការធ្វើសមាជបក្សស្លន់ស្លោ ដើម្បី​ដណ្តើម​អំណាចគ្នា គួបផ្សំនឹងរឿងអាស្រូវបក្សពួកនិយម  និងការទិញដូរតំណែងផងនោះ។ ដូច្នេះ ទូក​បក្ស​សង្រ្គោះ​ជាតិកំពុងធ្លុះធ្លាយក្នុងសមុទ្រជ្រៅដែលរងចាំនឹងប្រកាសអាសន្ន ហើយ​ពេល​នោះ​តើ​អ្នក​ណា​សង្រ្គោះ​អ្នកណា?។ ពេលនោះមានតែឆ្លាមទេដែលជួយបញ្ជប់សពបក្សសង្រ្គោះជាតិ។

ដោយ សំរិទ្ធ ខ្មៅ


No comments:

Post a Comment