Friday, April 07, 2017

សាលាឧទ្ធរណ៍ លើកពេលបើកសវនាការ រឿងប្តឹងជំទាស់របស់ លោក ហុង សុខហួរ ដោយសារអវត្តមានមេធាវី

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ ត្រូវបើកសវនាការ ជំនុំជម្រះសំណុំរឿងប្តឹងជំទាស់របស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី ចំពោះសាលក្រមសាលាដំបូង ដែលកាត់ទោសលោក ឲ្យជាប់គុក៧ឆ្នាំ។ ប៉ុន្តែសវនាការនេះ ត្រូវលើកពេលឡើងវិញ ដោយសារតែអវត្តមានមេធាវី លោក ជួង ជូងី។ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការ។
សូមរំលឹកផងដែរថា លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
តុលាការសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគារ៧ឆ្នាំ មិនពិន័យជាប្រាក់ទេ។ លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារ មួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៉ី ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាជាឯកសារក្លែងក្លាយ៕




No comments:

Post a Comment