Friday, April 07, 2017

លោក ប៉ាន សូរស័ក្តិ៖ កម្ពុជាបានអនុវត្តន៍កាតព្វកិច្ចជាង៤០%នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មអង្គការពាណិជ្ជកម្មពិភពលោក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានថ្លែងបញ្ជាក់ថា កម្ពុជាបានអនុវត្តន៍ជាង ៤០% សម្រាប់បញ្ញត្តិផ្នែក A នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម (TFA) របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ខណៈដែលបញ្ញត្តិផ្នែក B និង C ផ្តោតលើការងារកំណែទម្រង់អាទិភាពនឹងត្រូវជូនដំណឹងទៅកាន់អង្គការ WTO ដើម្បីកៀរគរជំនួយបច្ចេកទេសនាពេលខាងមុខ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក លោករដ្ឋមន្រ្តី បញ្ជាក់ថា ការអនុវត្តន៍ TFA នឹងកាត់បន្ថយចំណាយលើពាណិជ្ជកម្មសាកល ជាមធ្យមប្រហែល ១៤,៣% ក្នុងនោះ ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចនឹងទទួលបានផលប្រយោជន៍ច្រើនពីការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះដោយសារប្រទេសទាំងនោះ បានចំណាយខ្ពស់លើការធ្វើពាណិជ្ជកម្ម។ TFA ត្រូវបានចូលជាធរមាននៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៧ ក្រោមការផ្តល់សច្ចាប័នចំនួន ១១២ ដែលស្មើនឹង ២/៣ ក្នុងចំណោមសមាជិក១៦៤ប្រទេសនៃអង្គការ WTO។ «TFA គឺជានីតិវិធីថ្មីទាក់ទងនឹងព្រំដែន, វិធីសាស្ត្រ និងកាតព្វកិច្ចដែលតម្រូវឲ្យរដ្ឋាភិបាលអនុវត្តន៍»។
កិច្ចព្រមព្រៀងនេះ ផ្តល់នូវតម្លាភាពផ្នែកច្បាប់វិធាននិងនីតិវិធីព្រមទាំងសមភាពក្នុងការសម្រេចចិត្តរបស់ភ្នាក់ងារតាមព្រំដែនសម្រួលការបំពេញបែបបទគយនិងកាត់បន្ថយឧបសគ្គរដ្ឋបាលសម្រាប់ការដឹកទំនិញឆ្លងកាត់។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទី៨ និងជាសមាជិកទី៦៩ របស់អង្គការ WTO ដែលបានផ្តល់សច្ចាប័នលើពិធីសារនៃវិសោធនកម្ម TFA កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
ការផ្តល់សច្ចាប័ននេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទាំងនៅថ្នាក់តំបន់និងសកលលោក តាមរយៈការស្វែងរកវិធីពន្លឿនការដឹកទំនិញការបញ្ចេញទំនិញនិងការសម្រួលបែបបទគយព្រមទាំងការដឹកទំនិញឆ្លងកាត់ព្រំដែន៕

No comments:

Post a Comment