Friday, April 07, 2017

សេណារីយ៉ូសុបិន្តអាក្រក់ផ្នែកយោធាកំពុងកើតមានឡើងនៅសមុទ្រចិនខាងកើត

ខណៈដែលពិភពលោក កំពុងសំឡឹងមើលការកើនឡើងនៃភាពតានតឹងផ្នែកយោធានៅសមុទ្រចិនខាងត្បូង ស្ថានភាពតានតឹងមួយផ្សេងទៀតក៏កំពុងកើតឡើងនៅសមុទ្រចិនខាងកើត ដែលជាបញ្ហាដ៏ធំមួយរវាងមហាអំណាចទាំងពីរ។ បេះដូងនៃភាពតានតឹងនេះ គឺពាក់ព័ន្ធទៅនឹងកោះគ្មានមនុស្សរស់នៅចំនួន ៨ ដែលជប៉ុនគ្រប់គ្រង ហើយនៅជិតផ្លូវទឹកដ៏សំខាន់ ដែលពោរពេញទៅដោយធនធានធម្មជាតិ ដូចជាឧស្ម័ន ប្រេង និងត្រី។ ចិនបានប្រឆាំងទៅនឹងការទាមទាររបស់ជប៉ុន ហើយចិនក៏កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្នុងដែនអាកាសជប៉ុនផងដែរ។ ជាការឆ្លើយតប ជប៉ុនបានបង្កើនការស្ទាក់ចាប់ដោយយន្តហោះចម្បាំង F-15 របស់ខ្លួន។
ស្ថានភាពនេះនឹងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយប្រការណាមួយ ហើយវានឹងអាចទាញយកប្រទេសផ្សេងទៀត ដូចជា សហរដ្ឋអាមេរិកចូលក្នុងជម្លោះនេះផងដែរ។ ប្រធានបទនេះ គឺជាចំណុចមួយដែលលោក Trump នឹងលើកយកទៅពិភាក្សាជាមួយសមភាគីលោក Xi នៅឯរមណីយដ្ឋាន Mar-a-lago របស់គាត់នៅសប្តាហ៍នេះ។
នៅឯប្រលានយន្តហោះអន្តរជាតិ Naha របស់ជប៉ុន អ្នកធ្វើដំណើរអាចមើលឃើញយ៉ាងងាយនូវអ្វីដែលបានកើតឡើង។​ យន្តហោះ F-15 របស់ជប៉ុនបានចុះចត និងហោះឡើងជាញឹកញាប់ ដោយសារតែកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន (JASDF) បានចែករំលែកប្រលានយន្តហោះ Naha នេះដើម្បីហោះហើរ។
ការចាប់ស្ទាក់ផ្លូវអាកាសដូច្នោះ គឺកំពុងកើតមានឡើងនៅសមុទ្រចិនខាងកើត ដែលបច្ចុប្បន្ន ជប៉ុនបានចេញស្ទាក់យន្តហោះចិនពីរដងក្នុងមួយថ្ងៃ ចាប់តាំងពីខែមេសា ឆ្នាំមុនមក។ ជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិន JASDF បានបង្កើនចំនួនយន្តហោះចម្បាំងរបស់ខ្លួននៅមូលដ្ឋានទ័ពអាកាស Naha ដោយមានបន្ថែមកងនាវា និងយន្តហោះ​ F-15Js មួយកងទៀត។
លោក Eisuke Tanabe អ្នកសម្របសម្រួលគោលនយោបាយជាន់ខ្ពស់របស់ក្រសួងការពារជាតិជប៉ុន បានកត់សម្គាល់ថា ការឈ្លានពាននៃនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិនចូលក្នុងដែនទឹក ដែលអះអាងដោយជប៉ុន កំពុងកើនឡើង។ យើងក៏បានបញ្ចូនយន្តហោះចម្បាំងរបស់យើងដើម្បីទប់ទល់ ហើយស្ថានភាពនេះ វានឹងអាចបង្កការគ្រោះថ្នាក់យ៉ាងខ្លាំង នៅពេលដែលយន្តហោះចម្បាំងរបស់ប្រទេសទាំងពីរហោះកាន់តែជិតគ្នា។
បច្ចុប្បន្ន ភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំងដោយសារកាតាលីករថ្មី គឺភាពត្រួតស៊ីគ្នានៃការទាមទារនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ការគំរាមកំហែងនៃសកម្មភាពយោធានៅឧបទ្វីប Korean និងការកើនឡើងនៃសមត្ថភាពយោធារបស់ចិន។ កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន ត្រូវបានជំរុញឱ្យមានការយកចិត្តទុកដាក់ចំពោះការសាកល្បង និងការបង្កើនសមត្ថភាពយោធារបស់ចិននៅមហាសមុទ្រប៉ាស៊ីហ្វិក និងនៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។
កោះ Senkaku ដែលទាមទារដោយចិន និងជប៉ុន កំពុងក្លាយជាបញ្ហាមួយ ដែលបង្កើតស្ថានភាពអសន្តិសុខ ខណៈដែលប្រទេសទាំងពីរកំពុងព្យាយាមធ្វើការគ្រប់គ្រង។ ចំណុចគន្លឹះនៃជម្លោះតំបន់កោះនេះ គឺធនធានធម្មជាតិជុំវិញសមុទ្រចិនខាងត្បូង។
ថ្មីៗនេះ កោះ Senkakus បានក្លាយទៅជាចំណុចក្តៅនៃនយោបាយសម្រាប់ប្រទេសទាំងពីរ ដោយបានបង្កឱ្យមានជាតិនិយមនៅក្នុងប្រទេសទាំងពីរ។
អ្នកវិភាគបានលើកឡើងថា ចិនបាននិយាយដោយចំហថា ខ្លួនមានគោលបំណងធានានូវការចូលទៅកាន់តំបន់ប៉ាស៊ីហ្វិកភាគខាងលិច គឺលើសពីអ្វីដែលគេដឹងថា ជា “ប្រជុំកោះ” ដែលលាតសន្ធឹងពីប្រជុំកោះជប៉ុន ទៅតៃវ៉ាន់ ទៅហ្វីលីពីន និងសមុទ្រចិនខាងត្បូង នឹងឆ្ពោះទៅកាន់ឧបទ្វីប Malay។ ជាចុងក្រោយ ចិនមានគោលបំណងពង្រីកវត្តមានយោធារបស់ខ្លួនទៅដល់សមុទ្រចិនខាងត្បូង និងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។
ក៏ប៉ុន្តែ ការពង្រីកសកម្មភាពយោធារបស់ចិននៅក្នុងសមុទ្រចិនខាងកើត អាចបង្ហាញថា គឺជាអ្វីដែលមានគោលបំណងច្រើនជាងនេះទៅទៀត។
លោកស្រី Yurie Mitsui អ្នកវិភាគផ្នែកយុទ្ធសាស្រ្តនៅក្រសួងការពារជាតិជប៉ុនបាននិយាយថា “ការសង្កេតរបស់យើងឃើញថា ចិនកំពុងព្យាយាមអភិវឌ្ឍន៍សមត្ថភាពយន្តហោះចម្បាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
លោកស្រីបានឯកភាពថា គំនិតដែលថា ចិនកំពុងស្វែងរកការពង្រីកសមត្ថភាពយោធារបស់ខ្លួននេះ គឺជាបញ្ហាគ្រឹះច្រើនជាងនេះទៅទៀត ដែលចិនកំពុងលេង។ “នៅពេលដែលយើងវិភាគអំពីសកម្មភាពរបស់ចិននៅមហាសមុទ្រប៉ាស៊ីហ្វីភាគខាងលិច យើងតែងតែគិតអំពីតៃវ៉ាន់”។
ចិនគិតថា តៃវ៉ាន់ គឺជាខែត្រដាច់ឆ្លាយពីតំបន់ដីគោករបស់ខ្លួន ហើយបានសន្យាថា នឹងនាំយកខែត្រនេះឱ្យស្ថិតក្រោយការដឹកនាំរបស់ដីគោកវិញ។ គោលបំណងនេះ មិនមែនជាបញ្ហាទាក់ទងនឹងយុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយ ឬក៏សេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែ ជាមោទនភាពជាតិមួយសម្រាប់ប្រជាជនចិន និងគណបក្សកុម្មុយនីស្តចិន។
ខណៈដែលមានព័ត៌មានថា រដ្ឋបាលលោក Trump គាំទ្រផ្នែកយោធាដល់តៃវ៉ាន់ ដើម្បីជួយកោះមួយនេះងើបចេញពីការគ្រប់គ្រងរបស់ចិននោះ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានលើកឡើងថា “វាគឺជារឿងគ្មានប្រយោជន៍ក្នុងការប្រើប្រាស់អាវុធដើម្បីបង្កើតឱ្យមានឯកភាពវូប្បនីយកម្មទេ ហើយត្រូវបានគេយល់ឃើញថា ជាជម្រើសដែលគ្មានផ្លូវដោះស្រាយ។
ប្រធានាធិបតី Trump នឹងទទួលលោក Xi នៅឯរមណីយដ្ឋាន Mar-a-Lago នៅថ្ងៃទីថ្ងៃទី ៦-៧ ខែមេសានេះ ដើម្បីពិភាក្សាលើបញ្ហាកូរ៉េខាងជើង សមុទ្រចិនខាងត្បូង។
ចិនតែងតែតាមសំឡឹងមើលសកម្មភាពដែលអាមេរិកធ្វើ។ ដូច្នោះ ពេលដែលអាមេរិកធ្វើមិនបានល្អ ពួកគេគិតថា ពួកគេកំពុងតែធ្វើបានល្អ”៕

No comments:

Post a Comment