Friday, April 07, 2017

ក្រុមប្រតិបត្តិអាជ្ញាធរជាតិអប្សរាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបើកកិច្ចប្រជុំផ្ទៃក្នុងអំពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃអាជ្ញាធរជាតិអប្សរា បានបើកអង្គប្រជុំផ្ទៃក្នុងមួយស្តីពីការរីកចម្រើននៃសកម្មភាពការងារ និងការត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
អង្គប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអនុប្រធានក្រុមប្រតិបត្តិអាជ្ញាធរជាតិអប្សរា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីបុគ្គលិកពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការផ្ទៀងផ្ទាត់លទ្ធផលការងារ ដែលអនុវត្តបានរួចរាល់ហើយ និងដោះស្រាយគម្រោងចាំបាច់នានា ដែលបម្រើការឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យ។

កិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាលម្អិតទៅលើគម្រោងនៃពិធីដង្ហែចាប៉ីដងវែងយក្ស និងសំបុកមាន់យក្ស ដែលនឹងត្រូវដង្ហែមកតម្កល់ទុកនៅក្នុងបរិវេណព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ តាមលទ្ធផលនៃកិច្ចពិភាក្សានេះ ពិធីដង្ហែអាចនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកតា គង់ ណៃ និងសិស្ស៣ជំនាន់របស់លោកតាផងដែរ៕



No comments:

Post a Comment