Friday, April 07, 2017

លិខិតមិត្តអ្នកអាន ៖ ក្រុមវិទ្ធង្សនា កាន់តែ​​គឃ្លើនពេល​ជិតបោះ​ឆ្នោត!

វិទ្យុអាស៊ីសេរីដែលគេស្គាល់ថាជាវិទ្យុបង្កើតឡើងដើម្បីធ្វើវិទ្ធង្សនា​នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណង​ជួយ​បក្ស​ប្រឆាំង​ដោយចំហនោះ ពេលនេះ​កំពុងតែបង្ហាញ​ភាពគឃ្លើនកាន់​តែ​ខ្លាំង​​ឡើង​នៅពេលជិតបោះឆ្នោត។ វិទ្យុនេះបានចោទរាជរដ្ឋាភិបាលដឹកនាំ ដោយ​លោកនា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា​កំពុងដឹក​នាំតាមបែប​ផ្តាច់​ការខណៈ​ដែល​ពួកគេ​កំពុងផ្សាយដៀលត្មះ ប្រមាថទៅលើ​រាជរដ្ឋាភិបាល និង​ប្រមុខដឹកនាំប្រទេសយ៉ាងពេញៗមាត់។ តើក្នុងរបបផ្តាច់ការមួយ អាចអនុញ្ញាតឲ្យវិទ្យុដែលធ្វើវិទ្ធង្សនា​ដូចអាស៊ីសេរីនេះ និងពួកអ្នកវិភាគទី​ប្រឹក្សាបក្ស​ប្រឆាំង​ហើយ​តាំងខ្លួនជាអ្នកវិភាគឯករាជ្យដូច បណ្ឌិត ឡៅ ម៉ុងហៃ ជា​ដើមនេះ អាចនិយាយភាសាអាក្រក់ៗបែបហ្នឹងបានដែរឬទេ?
វិទ្យុអាស៊ីសេរី និងក្រុមអ្នកកាសែតដែលបង្វឹកខួរក្បាលដោយ ជុន ច័ន្ទបុត្រ ឲ្យចេះស្ទាត់ជំនាញ​ខាង​បំភ្លៃ បំប៉ោង និងបំភាន់​សាធារណៈមតិនៅកម្ពុជា កំពុងតែបញ្ចេញភាពពិសពុល​កាន់​តែខ្លាំងដើម្បីបំពុល​សង្គម ​តាមយុទ្ធសាស្ត្រ​របស់ខ្លួន​យ៉ាង​ពេញទំហឹង។ មូលហេតុគឺដោយសារតែពួកគេ ខំជួយចូក​ចែវបក្សប្រឆាំង ដែល​​កំពុងត្រដរ​ខ្យល់ក្នុងដង្ហើម​ចុងក្រោយ​ក្រែងបាននៅសល់កៅអីក្រុមប្រឹក្សាឃុំសង្កាត់ខ្លះ។ ពួកអ្នកកាសែតវិទ្យុអាស៊ីសេរី កូនជឹងរបស់ ជុន ច័ន្ទបុត្រ ដែលតែង​តែប្រើអារម្មណ៍ផ្ទាល់ខ្លួន បញ្ចេញបញ្ចូល​ក្នុងអត្ថបទ​របស់ខ្លួនខុសវិជ្ជាជីវៈនោះ បានហៅចំណាត់ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាលចំពោះជនល្មើសច្បាប់ដែលកំពុងជាប់ពន្ធនាគារថាជាការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង។ ប៉ុន្តែពួកគេភ្លេចគិតថា ពួក​​អ្នកទាំងនោះជាជនល្មើស ដែលប្រព្រឹត្ត​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​ដែលតុលាការរកឃើញកំហុស។
សម្រាប់ក្រុមអ្នកសង្កេតការណ៍ឯករាជ្យពិតប្រាកដ គេបាន​មើល​​​​​ឃើញថា ប្រទេសកម្ពុជា​ជាប្រទេស​ដែល​ពោរពេញ​ដោយ​​​​​​​សេរីភាព ទាំងសេរីភាពសារព័ត៌មាន និងសេរីភាព​បញ្ចេញ​មតិ។ របាយការណ៍​របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន ( Reporters Sans Frontieres) ដែលមាន​មូល​ដ្ឋាន​នៅទីក្រុងប៉ារីស ប្រទេសបារាំង បានវាយតម្លៃថា កម្ពុជា​​​មាន​សេរីភាពសារព័ត៌មាន​ខ្លាំងជាងគេ ក្នុងចំណោម​បណ្តាប្រទេស​អាស៊ាន។ ដោយសារតែសេរីភាពនេះហើយទើបបានជាសូម្បី​តែ​​វិទ្យុ​អាស៊ីសេរីដែលធ្វើវិទ្ធង្សនាពេញទី​ ក្នុងប្រទេសនេះក៏​នៅតែ​​អាចផ្សាយបានយ៉ាងគឃ្លើន​បំផុត​ដែរ។ និយាយពីសេរីភាពបញ្ចេញមតិវិញ មិនត្រឹមតែ​បញ្ចេញ​មតិ​ធម្ម​តាទេ សូម្បីពាក្យជេរប្រមាថ ដៀលត្មះ អសុរស គ្រប់​បែប​យ៉ាង​​ដែលចេញពីបបូរមាត់ និងពីសំណេរ​របស់​ក្រុមប្រឆាំង​ក៏បាន​និងកំពុងលេចឡើងព្រោងព្រាតក្នុងបណ្តាញសង្គម និងតាម​រយៈ​វិទ្យុបរទេស​ដូចជាអាស៊ីសេរី វីអូអេ និងវីអូឌី ជាដើម។
ក្នុងស្ថានភាពបែបនេះ តើអាស៊ីសេរី និង បណ្ឌិត​កន្តឿ​បញ្ញា​ស្មារតី ដូច ឡៅ ម៉ុងហៃ អាចហារមាត់ចោទរដ្ឋាភិបាល​បក្ស​កាន់​អំណាចថា កំពុងដឹកនាំតាមបែប​ផ្តាច់ការ​ពេញទី​យ៉ាង​ដូច​ម្តេចកើត? ពាក្យសម្តីដែល​ពួកគេនិយាយ​នេះវាបានជះ​ឥទ្ធិ​ពល​អាក្រក់ទៅលើខ្លួនឯងទៅវិញទេ​ ពីព្រោះ​មហាជន​ទូទៅ​គេបានដឹងច្បាស់ណាស់ថា ពួកអស់លោកកំពុងធ្វើអ្វី? និង​មានគោលបំណងអ្វី? ការវិភាគរបស់អាស៊ីសេរី និង​របស់​អ្នកវិភាគទីប្រឹក្សាបក្សប្រឆាំងទាំងនោះបានត្រឹមបំពេរអារម្មណ៍អ្នកផ្កាប់មុខជាមួយបក្សប្រឆាំង ដែលជាបក្សពួករបស់​ខ្លួន​មួយ​ចំនួនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរទូទៅ និងសម្រាប់​អ្នក​ដែល​​មានជំហរឯករាជ្យ ពួកគេស្តាប់មិនចូល និងមិនអាច​ទទួល​យក​ទង្វើរបស់អស់លោកបានឡើយ។
នរណាក៏ដឹងដែរថា វិទ្យុអាស៊ីសេរី និងក្រុម​អ្នកវិភាគ​ផ្កាប់​មុខ​ទាំង​​នោះ ដោយមានការជួយជ្រោម​ជ្រែង បង្វឹកពី​បរទេស​មួយ​ចំនួនផង មានជំនាញខាងធ្វើអាជីវកម្មលើអ្នកស្លាប់ និង​អ្នក​ជាប់គុក ដើម្បីទាក់ទាញការអាណិតអាសូររបស់មហាជន ក៏​ដូច​ជាដើម្បីទម្លាក់កំហុស ទៅលើរដ្ឋាភិបាល​គណបក្ស​កាន់​អំណាច។ ជាក់ស្តែង ឃាតកម្មលើលោកបណ្ឌិត កែម ឡី ពួក​គេមិនត្រឹមតែធ្វើអាជីវកម្មនយោបាយប៉ុណ្ណោះទេ តែថែម​ទាំង​អាចកេងចំណេញរកប្រាក់ដាក់ហោប៉ៅ​បាន​ថែមទៀត តាម​រយៈ​​​ការបង្កើតមូលនិធិ កែម ឡី ដែលមានលោក ឡៅ ម៉ុងហៃ ជាប្រធាន រួចហើយប្រមូលលុយចែកគ្នាចាយ។ ចំណែក​អ្នកកំពុង​ជាប់ពន្ធនាគារដោយសារទោសកំហុស​ប្រើហិង្សា និង​​មួល​បង្កាច់ដើម្បីបង្កចលាចលសង្គម ក៏ត្រូវបាន​វិទ្យុ​អាស៊ី​សេរី និងពួកអ្នកវិភាគ​ទាំងនោះខិតខំលាបក្រេម ប៉ាតម្យ៉ៅ ឲ្យ​ទៅ​ជាអ្នកទោសនយោបាយ ឬអ្នកទោសមនសិការ ទៅវិញ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគឯករាជ្យពិតប្រាកដ គេ​បាន​មើលឃើញថា អាជ្ញាធររដ្ឋាភិបាល​គួរតែ​មាន​វិធានការ​បន្ថែម​ទៀត​ចំពោះឧបករណ៍វិទ្ធង្សនា​ទាំងនោះ ដើម្បីកុំឲ្យ​ពួកគេនៅ​បន្ត​សកម្មភាពបញ្ឆេះកំហឹង ញុះញង់ បំភ្លៃ បំប៉ោង​សភាព​ការណ៍​​​បែបនេះតទៅទៀត។ ប្រទេសកម្ពុជា​ដែលឆ្អែត​ឆ្អន់​ដោយ​សារសង្គ្រាម ត្រូវការចាំបាច់​ណាស់​អ្នកដឹកនាំដែល​មាន​សមត្ថភាពនាំមកនូវ​សន្តិភាព និងដែលអាចធានា​ស្ថិរ​ភាព​សង្គម និងការអភិវឌ្ឍ។ ក្នុងន័យនេះ វិធានការចាំបាច់​នានា​ដែលសំដៅទប់ស្កាត់ការបង្កភាពអនាធិបតេយ្យ និងចលា​ចល​សង្គម គួរត្រូវបានលើកទឹកចិត្ត។ រីឯក្រុមបង្ក​វិទ្ធង្សនា​ទាំង​ឡាយ​​គួរត្រូវបានចាត់វិធានការជាចាំបាច់ពីព្រោះថា ប្រសិន​បើ​មិនដូច្នោះទេ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ដែលមានសព្វថ្ងៃ អាចនឹងរលាយសាប​សូន្យ​ក្រោមស្នាដៃ​ក្រុមវិទ្ធង្ស​​នាទាំងនោះជាក់ជាមិនខាន៕

ដោយ៖ វិរ័ក្ខ ជ័យ សាស្ត្រា​ចារ្យវិទ្យាសាស្តសង្គម


No comments:

Post a Comment