Friday, April 07, 2017

បក្សីចាំក្រុង៖ រាំអញ្ចេកនយោបាយ!

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកបក្សីចាំក្រុង​ បានបង្ហោះផ្សាយនូវអត្ថបទ មួយដែលមានចំណងជើងថា «រាំអញ្ចេកនយោបាយ!» ដែលមានខ្លឹមសារដូចខាងក្រោម៖
កាលពីថ្ងៃទី០៥ មេសា ២០១៧ រាជការបានឆ្លើយតបទៅបក្សព្រះអាទិត្យដោយបញ្ជាក់ថា ទទួលស្គាល់ កឹម សុខា ជាប្រធានបក្សព្រះអាទិត្យ ប៉ុន្តែមិនទទួលស្គាល់អនុប្រធានទាំង ៣ រូបដែលជ្រើសតាំងដោយគណៈនាយករបស់បក្សព្រះអាទិត្យទេ។ តើហេតុអីទៅ? អ្នកវិភាគខ្លះនិយាយទាំងបិទភ្នែកថា ជារឿងនយោបាយ ចោទថាជាការយាយីធ្វើបាបដល់បក្សព្រះអាទិត្យ ហើយអាចមានចេតនាបំបែកបំបាក់ក្បាលម៉ាស៊ីនបក្សព្រះអាទិត្យទៀត។ ម្យ៉ាងផស់គេ ព្រោះគេហៅថា សុទ្ធតែបណ្ឌិត ឬអ្នកវិភាគនយោបាយទៅហើយ ហើយក៏មិនជឿថាបណ្ឌិតនិងអ្នកវិភាគទាំងនោះមិនចេះអក្សរ ឬមិនចេះអានប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យដែរ។ ប៉ុន្តែ នៅពេលអានប្រការ ៤៧ ថ្មី ទើបដឹង ទើបយល់ថា បក្សព្រះអាទិត្យបែបបែកស្លុយទេមើល​ទៅព្រោះសរសេរក្នុងលក្ខន្តិកៈផ្សេងដល់អនុវត្តផ្សឹង ទៅឯណាឯណីនោះវិញ! អាចលក្ខន្តិកៈ ពួកអ្នកប្រាជ្ញច្រមុះស្រួចសរសេរឱ្យដល់ពេលអនុវត្ត គឺអ្នកមិនប្រាជ្ញ ហើយច្រមុះមិនស្រួច ទើបបានជាបែកស្លុយយ៉ាងនេះ!
បក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ ថ្មីនៃលក្ខន្តិកៈថា នៅពេលប្រធានបក្សលាលែង គឺអនុប្រធានបក្សឡើងធ្វើប្រធានបក្សជាស្វ័យប្រវត្តិ។ ដូចនេះ កឹម សុខា ដែលពីមុនជាអនុប្រធានបក្ស ក្រោយលោក សម រង្ស៊ីលាលែងពីប្រធានបក្សត្រូវឡើងធ្វើប្រធានបក្សជំនួសលោក សម រង្ស៊ី រហូតដល់ចប់អាណត្តិ។ តើត្រូវ ឬមិនត្រូវ បើប្រការ ៤៧ ថ្មី របស់បក្សនេះ សរសេរមកយ៉ាង​នេះ!
បក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ ថ្មីនៃលក្ខន្តិកៈទៀតថា បើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល ៣០ ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្សរហូតដល់​ចប់អាណត្តិ។ លោក សម រង្ស៊ី លាលែងពីប្រធានបក្សព្រះអាទិត្យថ្ងៃទី១១ កុម្ភៈ ២០១៧ ហើយគណៈនាយករបស់បក្សព្រះអាទិត្យជ្រើសរើសលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ថ្ងៃទី ០២ មេសា មានន័យថា ការជ្រើសរើសនេះ ធ្វើឡើង ៥០ ថ្ងៃ ក្រោយលោក សម រង្ស៊ី លាលែងពីប្រធានបក្ស (មានន័យថាលើសរយៈពេល៣០ថ្ងៃហើយ)។ ចុះបើបក្សព្រះអាទិត្យសរសេរក្នុងប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈយ៉ាងដូច្នេះ ចុះហេតុអ្វីបានជាធ្វើផ្សេងទៅវិញ! សរសេរផ្សេង ធ្វើផ្សឹង! ខ្លួនឯងជាអ្នកបង្កើតច្បាប់សម្រាប់ខ្លួនឯង ហើយខ្លួនឯងជាអ្នកអនុវត្តច្បាប់របស់ខ្លួនឯងខុសដោយខ្លួនឯង តើឱ្យទៅបន្ទោសអ្នកណា?
រាជការ មានតួនាទីក្នុងការត្រួតពិនិត្យមើលថា តើការជ្រើសរើសប្រធាន និងអនុប្រធានបក្ស ស្របទៅនឹងលក្ខន្តិកៈដែលបក្សនោះបានសរសេរ និងបានយកតម្កល់ទុកនៅរាជការដែរ ឬទេ? នេះ ជាច្បាប់រាជការ! ថ្ងៃមុន អ្នកកាសែតដ៏មហិមារបស់អាស៊ីសេរី ដែលល្បីថាបានរៀនចប់សាលាវិទ្យាសាស្រ្តនយោបាយស្អីគេនោះ បែរធ្វើជាបែកស្លុយ ធ្វើជាមិនដឹងខ្យល់សួរបែបបំភ្លៃ បែបបំភ័ន្តរឿងលក្ខន្តិកៈគណបក្សនេះ ដោយប្រៀបធៀបរឿងតម្កល់លក្ខន្តិកៈតាមច្បាប់រាជការនេះ ទៅជារឿងកិច្ចសន្យាប្តីប្រពន្ធឯណាឯណោះឆ្កុយទៅវិញ។ លក្ខន្តិកៈបក្សនយោ​បាយ គឺច្បាប់រាជការតាំងពីដូនតាមក តម្រូវឱ្យតម្កល់នៅរាជការដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យក្រែងមានបក្សទំនើងបែកស្លុយខុសក្បួនតម្រា។ ឯរឿងប្តីប្រពន្ធអត់មានច្បាប់រាជការណាតម្រូវឱ្យយកទៅតម្កល់ដូចករណីរបៀបនេះទេ តែបើកុំចង់ឱ្យបែកស្លុយ ម៉ិចមិនប្រៀបធៀបជាមួយរឿងក្រុមហ៊ុនដែលរាជការតម្រូវឱ្យតម្កល់លក្ខន្តិកៈនៅរាជការដែរ!
អ្នកវិភាគបែកស្លុយខ្លះថា រាជការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សព្រះអាទិត្យ។ អាចដែរ! តែខំប្រឹងរកមើលដែរ ថាតើលូកលាន់ដូចម្តេច? ជ្រៀតជ្រែកយ៉ាងម៉េច? ដល់យកប្រការ ៤៧ ថ្មី នៃលក្ខន្តិកៈបក្សព្រះអាទិត្យមកមើល ឃើញតែរឿងបក្សនេះបែកស្លុយដោយខ្លួនឯងទាំងអស់ សរសេរច្បាប់ដោយខ្លួនឯង អនុវត្តច្បាប់ខ្លួនឯងខុសដោយខ្លួនឯង! ដល់ពេលខុសទៅ មិនហ៊ានសារភាពថាខ្លួនឯងខុសទេ ខ្លាចខ្មាសគេ ខ្មាសមហាជន ព្រោះខុសម្តងហើយម្តងទៀត ហើយសុំឱ្យរាជការបង្ហាញផ្លូវថា ធ្វើម៉េចកុំឱ្យខុសទៅនឹងច្បាប់ដែលបក្សព្រះអាទិត្យជាអ្នកសរសេរដោយខ្លួនឯងទៅវិញ។ ធ្វើដូចកូនក្មេងដែលទើបរៀនថ្នាក់ទី១ ដែលមិនយល់អ្វីដែលខ្លួនឯងសរសេរ! ដល់ខុសម្តងហើយម្តងទៀត ខុសជាន់លើខុស វ៉ល់ពេញក្នុងបន្ទាយ វ៉ល់ពេញពិភពនយោបាយ! ដល់ចឹងទៅ ទាំងអ្នកនយោបាយបក្សព្រះអាទិត្យ ទាំងអ្នកវិភាគមិនគ្រប់គ្រឿង នាំគ្នានិយាយបែបបែកស្លុយគ្រប់គ្នា!
បក្សីចាំក្រុងមានយោបល់តូចមួយ៖ «បើមិនសូវចេះ កុំធ្វើខ្លួនជាអ្នកចេះ។ បើមិនសូវយល់ កុំសរសេរឱ្យហួសសមត្ថភាព សរសេរឱ្យសាមញ្ញ ត្រឹមកម្រិតសមត្ថភាពដែលខ្លួនអាចយល់ដោយស្រួលស្រួល។» បើមិនចេះរាំទេ សូមប្រាប់ថា គេរាំអញ្ចេះ តាមលំនាំបទ «រាំអញ្ចេក» របស់តារាចម្រៀង ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ដែលកំពុងពេញនិយមនារដូវសង្រ្កាន្តឆ្នាំថ្មីនេះ។
ដោយ៖ បក្សីចាំក្រុង  ស្រុកមេមត់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧

No comments:

Post a Comment