Friday, April 07, 2017

ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng របស់ចិនចាប់អារម្មណ៍ខ្លាំងនឹងការបណ្តុះបណ្តាលសិល្បៈរបស់កុមារនៅភូមិធម្មជាតិរុនតាឯក

ក្នុងឱកាសនាំយកសម្ភារៈសិក្សា និងសម្ភារៈកីឡា ទៅឧបត្ថម្ភសិស្សានុសិស្សនៅសាលាបឋមសិក្សាជាលាធំ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng (CaHeng International Cultural Tourism Investment Co., Ltd.) បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការសម្តែងសិល្បៈរបស់ក្រុមកុមារ ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងភូមិធម្មជាតិរុនតាឯកផ្ទាល់។
លោក Gan Chengmao ប្រធានគម្រោងអាណាចក្រអង្គរ នៃក្រុមហ៊ុនវិនិយោគទេសចរណ៍ធម្មជាតិអន្តរជាតិ CaHeng បញ្ជាក់ថា លោកពិតជារីករាយដែលបានរួមចំណែកក្នុងការជួយឧបត្ថម្ភក្មេងៗលើការសិក្សារបស់ពួកគេ។ ជាពិសេស លោកពិតជាពេញចិត្តលើការសម្តែងសិល្បៈប្រពៃណីរបស់កុមារ។ លោកមានគម្រោងនឹងបន្តជួយលើការបណ្តុះបណ្តាលវិស័យសិល្បៈនៅភូមិធម្មជាតិរុនតាឯកជាបន្តទៀត ដែលនឹងជំរុញឲ្យពួកគេក្លាយជាសិល្បករអាជីពនាពេលអនាគត ហើយអាចចេញទៅសម្តែងនៅក្រៅប្រទេសបានទៀតផង។
លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ និងជាអនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក មិនផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ អាជ្ញាធរជាតិអប្សរាបានគិតគូរផងដែរលើវិស័យអប់រំ។ បច្ចុប្បន្ន នៅភូមិនេះមានសាលាបឋមសិក្សាមួយខ្នង៦បន្ទប់ និងមានសិស្សានុសិស្សសរុប៧៦នាក់។ បន្ថែមលើការបណ្តុះបណ្តាលរបស់ក្រសួងអប់រំ ក្រុមការងារក៏បានរៀបចំបង្កើតការបង្ហាត់ផ្នែកសិល្បៈបុរាណ ដែលមកទល់នឹងសព្វថ្ងៃមានសិស្សចំនួន២០រូប និងអ្នកគ្រូស្ម័គ្រចិត្តចំនួន៣រូប។ របាំសិល្បៈដែលបានហាត់អាចសម្តែងបានមាន៣មុខគឺ របាំថ្វាយផ្កា របាំច្រូតស្រូវ និងរបាំត្រុដិ។ លោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាស្វាគមន៍រាល់ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីចូលរួមការបណ្តុះបណ្តាលនៅទីនេះ ក្នុងន័យធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅទីនេះមានជីវភាពរស់នៅធូរធារសម្បូរសប្បាយ៕




No comments:

Post a Comment