Friday, April 07, 2017

អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) លោក Li Yong ស្នើសុំឱ្យកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រធ្វើយ៉ាងណាកុំឱ្យតម្លៃពលកម្មខ្ពស់ពេក

លោក Li Yong អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) បានស្នើសុំឱ្យកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រធ្វើយ៉ាងណាកុំឱ្យតម្លៃពលកម្មខ្ពស់ពេក។ លោក បាន​ថ្លែងដូចនេះ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសចូលជួបសម្តែងការគួរសម និង​ពិភា​ក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅវិមានសន្តិភាព
លោក Li Yong បានកោតសរសើរចំពោះការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ UNIDO បានគៀងគរអ្នកវិនិយោគវិស័យឧស្សាហកម្មជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ហើយការវិនិយោគទាំងនោះ គឺមិនមែននាំមកនូវតែហិរញ្ញវត្ថុទេ តែក៏បាននាំមកជាមួយនូវបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញដល់ធនធានមនុស្សនៅកម្ពុជាផងដែរ។ លោក Li Yong ក៏បានស្នើសុំឱ្យកម្ពុជាគួរសិក្សានិងមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាកុំឱ្យតម្លៃពលកម្មខ្ពស់ពេក ជាក់ស្តែងដូចជានៅក្នុងប្រទេសចិន ដោយសារតម្លៃពលកម្មមានតម្លៃខ្ពស់ បានធ្វើឱ្យអ្នកវិនិយោគផ្លាស់ប្តូរការវិនិយោគ និងធ្វើឱ្យប្រជាពលរដ្ឋជាង២០០លាននាក់បាត់បង់ការងារធ្វើ។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ច ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើនសេដ្ឋកិច្ចរង្វង់៧.៧%ប្រចាំឆ្នាំដូចពេលនេះ។ កម្ពុជា មានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើឱ្យមានតម្លៃបន្ថែមសម្រាប់វិស័យឧស្សាហកម្ម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអង្គការ UNIDO ជួយជំរុញអ្នកវិនិយោគវិស័យឧស្សាហកម្មមកកម្ពុជាបន្ថែមទៀត និងជួយជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ស្របទៅនឹងទស្សន:វិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ ទោះជាយ៉ាងណា ប្រទេសកម្ពុជានៅតែ ដាក់ចេញនូវយុទ្ធសាស្រ្តនិងគោលនយោបាយជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ តែម្តង ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៕




No comments:

Post a Comment