Friday, April 07, 2017

រដ្ឋាភិបាលអនុម័តគោលនយោបាយចលនាជំរុញភូមិមួយផលិតផលមួយ

លោក ជា សំណាងអគ្គលេខាធិការគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងថារដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​ចលនា​ជំរុញ​ភូមិ​មួយ​ផលិតផល​មួយ។ លោក បានថ្លែងដូចនេះ នៅក្នុងឱកាសការប្រកាសដាក់ឱ្យដំណើរការនូវគោលនយោបាយនាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។
លោក បានថ្លែងថា គោលនយោបាយនេះមានគោលដៅជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ឬសេវានៅតាមភូមិឋានឬសហគមន៍ ទាំងការផលិត ទាំងការកែច្នៃ ព្រមទាំងការវេចខ្ចប់ និងការអភិវឌ្ឍផលិតផលមួយ ឬច្រើនដើម្បីបង្កើនតម្លៃបន្ថែម និងស្វែងរកទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗឱ្យឡើងខ្ពស់ កាត់បន្ថយភាពក្រីក្រ ប្រជាជនឱ្យបានឆាប់រហ័សដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោក ហាស វង់ដារ៉ា អគ្គលេខារងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងថា គោលនយោបាយជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ សមស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ជាអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថា វាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
គោលនយោបាយនេះ បានផ្ដោតសំខាន់លើចំណុចសំខាន់ៗចំនួនបី ដូចជា១- គិតជាសាកលដល់មូលដ្ឋាន ២- ការពឹងផ្អែកលើខ្លួនឯង ៣- ការច្នៃប្រឌិតឱ្យរស់រវើកធ្វើយ៉ាងណាឱ្យភូមិមួយ មានផលិតផលមួយយ៉ាងតិច និងផលិតឲ្យបានច្រើន ព្រោះការផលិតបានច្រើននឹងធ្វើឱ្យថ្លៃដើមនៃការផលិតមានតំលៃទាប និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើយុវជនជាអ្នកបន្តវេន។ លោកបន្តថា រហូតមកទល់ពេលនេះកម្ពុជា មិនទាន់មានចលនាភូមិមួយផលិតផលមួយនៅឡើយទេ ដែលការងារនេះថ្នាក់ខេត្ត រាជធានីជាអ្នកត្រូវរៀបចំនិងលើកសំណើរមកកាន់គណកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយពិនិត្យនិងសម្រេច។

លើសពីនេះ គណកម្មាធិការនេះ ក៏នឹងផ្តោតលើការងារសំខាន់ជាច្រើនទៀតដូចជា ការលើកកម្ពស់ការយល់ដឹងដល់សិប្បករ ឧស្សាហករ ការពង្រឹងស្ថាប័ន ការអភិវឌ្ឍន៍ធនធានមនុស្ស ការស្រាវជ្រាវនិងអភិវឌ្ឍន៍ទីផ្សារ ប្រភពទុនជាដើម។ លោកបន្តថា គោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏នឹងដាក់ចេញនូវយុទ្ឋសាស្ត្រចំនួន១៥បន្ថែមទៀត តាមរយៈយន្តការផលិតផលដំបូង កែច្នៃ និងការរកទីផ្សារ៕


No comments:

Post a Comment