Wednesday, January 18, 2017

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ​ជាអធិបតី​នៅក្នុង​កិច្ចប្រ​ជុំរវាង​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជានិង​សភាពាណិជ្ជ​កម្មស្វីស

នៅព្រឹកថ្ងៃទី ១៨មករា នេះ ក្រោយពីបានអញ្ជើញតាមរថយន្តពីទីក្រុង Zurich មកដល់ទីក្រុង Davos ហើយ  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីវិនិយោគទុនធំៗជាច្រើនរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងវិនិយោគទុនមួយចំនួននៃទ្វីបអាស៊ីដែលសរុបប្រមាណ១០០នាក់។ លោកនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្លែងសុន្ទរកថាអំពីសក្តានុពលវិនិយោគ ដែលបានផ្សាយ (LIVE) ផ្ទាល់កាលពីព្រឹកមិញនេះផងដែរ។
លោក Urs Lustenberger ប្រធានសភាពាណិជ្ជកម្មស្វីស អាស៊ី និង លោក Pierre Tami សហគ្រិនផ្នែកសង្គមពីប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញចូលរួមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគាំទ្រនិងលើកទឹកចិត្តដល់វិនិយោគទុនទាំងអស់មកវិនិយោគនៅប្រទេសកម្ពុជា។ វិនិយោគិនគឺអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចដែលជាសក្តានុពលដ៏សំខាន់របស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក៏មានការបើកអោយមានសំណួរចម្លើយដែលមាន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និង រដ្ឋមន្រ្តីប្រតិភូអម លោកសុខ ចិន្តាសោភា បានពន្យល់ និងឆ្លើយសំណួរជាច្រើនរបស់អ្នកវិនិយោគគិនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញក្រុមអ្នកវិនិយោគគិនទាំងអស់ទៅចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ៕



No comments:

Post a Comment