Friday, November 26, 2021

មនុស្សជំនិត លោក កឹម សុខា រិះគន់ លោក សម រង្ស៉ី និងបក្ខពួក ដែលផ្តល់តម្លៃឱ្យទីស្នាក់ការគណបក្សជាង «គណបក្ស និងប្រធានបក្ស»

លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរិះគន់លោក សម រង្ស៉ី និងបក្ខពួក ដែលកំពុងផ្តល់សារៈសំខាន់ និងផ្ដល់តម្លៃលើស្នាក់ការគណបក្សជាង «គណបក្ស និង ប្រធានគណបក្ស»។

លោក មុត ចន្ថា បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖ 

«ទី១៖ នៅតែ ១ថ្ងៃ ក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន, លោក សម រង្ស៉ី បានប្រកាសឱ្យថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទើបជាប់ថ្មីទាំង ៥,០០៧ អាសនៈ, ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ឱ្យចាកចេញពីប្រទេស ដែលនេះជាសក្ខីកម្មយ៉ាងច្បាស់ថា លោក សម រង្ស៉ី មិនបានផ្តល់សារសំខាន់ និងតម្លៃដល់លោក កឹម សុខា និងគ្មានចេតនាជំរុញឱ្យមានការតស៊ូដោយអហិង្សាអ្វីទាំងអស់នៅក្នុងប្រទេសឡើយ។

ទី២៖ មុនការរំលាយគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី នៅតែប្រកាសឱ្យថ្នាក់ដឹកនាំបក្ស និងមន្រ្តីជាប់ឆ្នោតទាំងអស់ រត់ចេញក្រៅប្រទេស ក្រោមលេសគេចចេញពីការគំរាមកំហែង និងការទិញទឹកចិត្តឱ្យចុះចូលជាមួយគណបក្សកាន់អំណាច និងបានបញ្ជាមកក្រុមមេធាវីគណបក្ស មិនឱ្យចូលខ្លួនទៅ     តតាំងក្តីក្នុងពេលសវនការរបស់តុលាការកំពូលនោះទេ។ ទង្វើនេះបានបង្ហាញ និងបញ្ជាក់យ៉ាងច្បាស់ថា លោក សម រង្ស៉ី មានចេតនាចង់ឱ្យតុលាការរំលាយគណបក្ស នៅក្រោមទ្រឹស្តី «នំអញមិនបានស៊ី អញជាន់ចោល!»។ សហគមន៍អន្តរជាតិបានចោទសួរអំពីមូលហេតុដែលគណបក្សមិនព្រមចាត់តាំងក្រុមមេធាវីទៅការពារនៅក្នុងសវនការ ប៉ុន្តែចម្លើយពីលោក សម រង្ស៉ី និង អេង ឆៃអ៊ាង គឺ «មិនចង់ផ្តល់ភាពស្របច្បាប់ដល់ការរំលាយរបស់តុលាការកំពូល ហើយថាប្រសិនជាចាត់ក្រុមមេធាវីទៅការពារក៏គង់តែត្រូវគេរំលាយដដែល»។ ចម្លើយនេះត្រូវបានចំអកឱ្យថា គណបក្សគ្មានយុទ្ធសាស្រ្តច្បាប់។

ទី៣៖ នៅមុនការរំលាយគណបក្ស លោក សម រង្ស៉ី បានប្រកាសឌឺដងពីក្រៅប្រទេសដាក់សម្តេច ហ៊ុន សែន ថា លោកមិនហ៊ានរំលាយនោះទេ ព្រោះសហគមន៍អន្តរជាតិមិនអនុញ្ញាតឱ្យធ្វើបែបនេះជាដាច់ខាត។ លោក សម រង្ស៉ី ក៏បាននិយាយផ្គើនម្តងហើយម្តងទៀតថា «សម្តេច ហ៊ុន សែន មិនហ៊ានរំលាយ ហើយបើសិនជាក្លាហានមែន សូមរំលាយសាកមើលទៅដឹងហើយ!»។

ទី៤៖ តាមការសង្កេតជាក់ស្តែង គេមិនបានឃើញអ្នកនយោបាយ និងសកម្មជនមូលដ្ឋានរបស់លោក សម រង្ស៉ី ចេញមកតវ៉ា ឬដាក់ញត្តិប្រឆាំងតវ៉ាជាសាធារណៈចំពោះការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិឡើយ។ ផ្ទុយទៅវិញ លោក សម រង្ស៉ី បានប្រាប់មកតំណាងរាស្រ្តដែលជាកូនចៅរបស់គាត់ ឱ្យបញ្ឈប់ការតវ៉ានៅមុខពន្ធនាគារ និងបញ្ជាឱ្យពួកគេចាកចេញពីប្រទេស ដែលយ៉ាងហោចណាស់មានតំណាងរាស្រ្ត ២០រូបបានចាកចេញ ឬរត់ចេញក្រៅប្រទេស ក្នុងគោលបំណង ៖

៤.១- លោក សម រង្ស៉ី បានប្រកាសបង្ហាញពីចេតនា និងគោលបំណងបង្កើត «រដ្ឋាភិបាលនិរទេស នៃគណបក្សសង្រ្គោះជាតិ»  ផែនការនេះត្រូវបានបរាជ័យ ដោយសារមិនមានកុងសង់ស៊ីសពីក្រុមលោក កឹម សុខា និងជាអំពើផ្ទុយនឹងច្បាប់ធម្មនុញ្ញ ។

៤.២- ការធ្វើបក្សប្រហារ តាមរយៈ «សន្និសីទពិភពលោករបស់អ្នកគាំទ្រនៃគណបក្សសង្រ្គោះជាតិ» នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដោយបានលើកបន្តុបខ្លួនគាត់ជា «ប្រធានស្តីទីបក្ស»។

៤.៣- អ្នកនយោបាយនិងសកម្មជនមូលដ្ឋានរបស់លោក សម រង្ស៉ី បានប្រើប្រាស់បណ្តាញសង្គមបង្ហោះព័ត៌មានចោទមួលបង្កាច់លោក កឹម សុខា ថាជា «អ្នកស៊ីឈ្នួលជាប់គុក» ដើម្បីបន្ទាប និងបញ្ចុះតម្លៃនៃការលះបង់របស់គាត់ ។

៤.៤- នៅមុនពេលធ្វើបក្សប្រហារនៅខែធ្នូ ឆ្នាំ២០១៨ លោក សម រង្ស៉ី បានបង្កើត «សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ប៉ុន្តែ លោក រង្ស៉ី មិនបានធ្វើសកម្មភាពអ្វីសោះក្នុងក្របខណ្ឌសមាគមនេះ ទើបលោកងាកទៅបង្កើត «ចលនាសង្រ្គោះជាតិ» វិញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅលើទឹកដីសហរដ្ឋអាមេរិក ដែលបានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ អ្នកចេញពីគណបក្សសិទ្ធិមនុស្ស មិនបានគាំទ្រចំពោះការបង្កើតនូវចលនានេះទេ ព្រោះវាធ្វើឱ្យ មនុស្សជាច្រើន «ត្រូវបានចាប់ខ្លួន, ប្រឈមដីកាស្វែងរកការចាប់ខ្លួន, ការជាប់ពន្ធនាគារ និងការរត់គេចខ្លួនចោលក្រុមគ្រួសារ»។

៤.៥- នៅខែឧសភា ឆ្នាំ២០១៩ លោក សម រង្ស៉ី បានប្រកាសឱ្យអ្នកគាំទ្រ និងសកម្មជនប្រមូលផ្តុំបរិភោគនំបញ្ចុក ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងផែនការមាតុភូមិនិវត្តន៍ ៩វិច្ឆិកា២០១៩ ធ្វើឱ្យមនុស្សជាច្រើនត្រូវកោះឱ្យចូលខ្លួនទៅកាន់តុលាការ, ត្រូវបានចាប់ខ្លួន និង រត់គេចខ្លួនទៅក្រៅប្រទេស។

៤.៦- លោក សម រង្ស៉ី គ្មានភាពក្លាហានវិលត្រឡប់ ឬធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសវិញនោះទេ ប៉ុន្តែចេតនាពិតរបស់គាត់ គឺធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាប់អារម្មណ៍ចំពោះគាត់ និងចង់ប្រើការគំរាមបង្រ្កាបរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋ ដើម្បីបង្ខំឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាល សំដៅបើកផ្លូវឱ្យមានការចរចាសម្រាប់គាត់។

៤.៧- នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក សម រង្ស៉ី បានប្រកាសអំពីផែនការមាតុភូមិនិវត្តន៍ទី២ ដោយលោកស្រី មូរ សុខហួរ បានធ្វើពុតជាចេញមកអនុវត្តផែនការទី២នេះ ប៉ុន្តែផែនការនេះត្រូវបានបរាជ័យទៅវិញ ឯអ្នកដែលចំណេញ គឺលោក សម រង្ស៉ី ដដែល ព្រោះគាត់បានប្រមូលប្រាក់រាប់ម៉ឺនដុល្លារចូលហោរប៉ៅ។

៤.៨- នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក សម រង្ស៊ី បានបង្ហោះសារថា សហគមន៍អន្តរជាតិ និងកងទ័ពកម្ពុជា នឹងគាំទ្រដល់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតដោយពលរដ្ឋ និងដឹកនាំដោយអ្នកប្រជាធិបតេយ្យ ដូចករណី នៅប្រទេសភូមាដែរ។ រីឯលោក កឹម សុខា តាមរយៈមេធាវីរបស់លោក បានប្រកាសមិនគាំទ្រ និងជាប់ពាក់ព័ន្ធក្នុងផែនការរបស់លោក សម រង្ស៉ី នេះទេ ព្រោះវាជាអំពើផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា។

៤.៩- ផែនការសកម្មភាពរបស់ លោក សម រង្ស៉ី រហូតមកទល់ពេលនេះ គឺហាក់ចង់បង្ហាញទៅមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា មានតែគាត់ម្នាក់ប៉ុណ្ណោះ គឺជាតួអង្គនយោបាយសំខាន់ ហើយនៅពេលអាជ្ញាធរធ្វើការបង្រ្កាប ចាប់ខ្លួនសកម្មជនដាក់ពន្ធនាគារ លោក សម រង្ស៊ី បានដាក់កំហុសលើរដ្ឋាភិបាល ប៉ុន្តែគាត់ភ្លេចគិតថាគាត់ជាអ្នកបង្កើតហេតុ និងរឿងទាំងអស់នេះ។

៤.១០- ធ្វើជាអ្នកដឹកនាំនយោបាយត្រូវហ៊ានទទួលស្គាល់ការពិតចំពោះមុខ គឺថាសកម្មជននិងថ្នាក់ដឹកនាំមូលដ្ឋានដែលត្រូវបានរងនូវការចាប់ខ្លួន និងរត់គេចខ្លួនចោលស្រុក គឺដោយសារតែពួកគេបានចូលរួមនិងគាំទ្រផែនការនិងសកម្មភាពរបស់លោក សម រង្ស៉ី ទាំងអស់។

ទី៥៖ គេចាប់មេបក្សស្ងាត់ឈឹង, គេរំលាយគណបក្សក៏ស្ងាត់ឈឹង! ប៉ុន្តែនៅពេលតុលាការសម្រេចរឹបអូសយកស្នាក់ការគណបក្ស ដើម្បីដាក់លក់ទើបឃើញមានសកម្មជនមកពីកូតាលោក សម រង្ស៊ី បានចេញ និងកំពុងចេញញត្តិតវ៉ា។ គេចោទជាសំណួរថាៈ តើទីស្នាក់ការបក្សមានសារសំខាន់ និងតម្លៃជាងគណបក្សទាំងមូល និងប្រធានបក្ស មែនទេ? 

ទី៦៖ គណបក្សសង្រ្គោះជាតិពុំដែលមានទីស្នាក់ការដែលជាអចលនទ្រព្យរបស់ខ្លួនទេ ព្រោះអាគារដែលត្រូវបានប្រើប្រាស់ជាទីស្នាក់នេះ គឺជាទ្រព្យសម្បត្តិរបស់លោក សម រង្ស៉ី។ 

ទី៧៖ ដីដែលបានសាងសង់ទីស្នាក់ការគណបក្សសមរង្ស៉ី នៅពីមុខ និងផ្ទះរបស់លោក សម រង្ស៉ី នៅខាងក្រោយជាប់ទន្លេ ត្រូវបានអតីតតំណាងរាស្រ្តម្នាក់ទិញធ្វើជាអំណោយសម្រាប់សាងសង់ជាទីស្នាក់ការ និងផ្ទះរបស់គាត់ ។ លោក សម រង្ស៉ី បានអះអាងកាលពីពេលថ្មីៗនេះថាលោកមិនខ្វល់រឿងទ្រព្យសម្បត្តិក្រៅខ្លួននេះទេ ប៉ុន្តែក៏មានអ្នកឆ្ងល់ថារឿងអីគាត់ទៅខ្វល់នោះ ព្រោះដីគាត់បានមកដោយទទេរ ឬជាអំណោយគេឱ្យគាត់ រីឯការសាងសង់អាគារនិងផ្ទះ គឺជាលុយរបស់គណបក្សសមរង្ស៉ី។ ដូច្នេះលោក សម រង្ស៉ី ពុំមានចំណែកវិនិយោគជាលុយមួយកាក់មួយសេនដុល្លារនៅក្នុងនេះទេ។ ហេតុអីគាត់អាចក្លាយជាកម្មសិទ្ធិករលើអចលនទ្រព្យទាំងអស់? តើនេះអាចជាអំពើទុច្ចរិតហិរញ្ញវត្ថុ ដែរទេ?

ទី៨៖ មនុស្សរបស់លោក សម រង្ស៉ី ចេញមកការពារ និងប្រឆាំងចំពោះការរឹបអូសទីស្នាក់ការនិងផ្ទះរបស់លោក សម រង្ស៉ីព្រោះអាគារនេះធ្លាប់ជាទីស្នាក់ការគណបក្សសមរង្ស៉ី នៅមុនការរួបរួមនិងច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដូច្នេះពួកគេរំពឹងយ៉ាងមុតមាំថានឹងអាចយកអាគារនេះជាជម្រកឱ្យគណបក្សភ្លើងទៀនដែលកើតចេញពីគណបក្សសមរង្ស៉ីវិញ។ 

ទី៩៖ ប្រសិនជាគណបក្សភ្លើងទៀនបានប្រកាសដំណើរការឡើងវិញ និងចូលរួមបោះឆ្នោតខាងមុខ គឺមានន័យថាសម្ព័ន្ធភាពរវាង សម រង្ស៉ី និង កឹម សុខា ត្រូវបានបញ្ចប់ជាស្ថាពរ។ ដូច្នេះលោក សម រង្ស៉ី មិនអាចបន្តអះអាងខ្លួនជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយតទៅទៀតទេ។

ទី១០៖ គណបក្សសង្គ្រោះជាតិប្រមូលលុយគម្រោងទូរទស្សន៍ព្រះអាទិត្យបានជាង ៧០ម៉ឺនដុល្លារ ដោយយក ១០ម៉ឺនដុល្លារ ទៅទិញដីមួយកន្លែងនៅក្រុងតាខ្មៅដោយដាក់ឈ្មោះ លោក ឃឹម ឡាគី ជាកម្មសិទ្ធិករ ហើយជាង ៦០ម៉ឺនដុល្លារទៀត ត្រូវបានយកតម្កល់ផ្ញើនៅធនាគារ ប៉ុន្តែត្រូវបានដកចេញពីគណនីធនាគារដោយ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា នៅក្រោយការចាប់ខ្លួនលោក កឹម សុខា ភ្លាមៗ ហើយរហូតមកដល់ពេលនេះ លុយប្រមាណជាជិត ១លានដុល្លារ (ទាំងប្រាក់ដើម ទាំងប្រាក់ការ)ត្រូវបាត់ស្ងាត់ឈឹង ។ 

ចំណែកដីមួយកន្លែងសម្រាប់សាងសង់ស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យនៅក្រុងតាខ្មៅ ដែលមានឈ្មោះ ឃឹម ឡាគី ជាកម្មសិទ្ធិករ ក៏មិនទាន់មានការបញ្ជាក់ថាដីនេះនៅដដែល ឬត្រូវបានគេដោះដូរ ឬលក់ នៅឡើយនោះដែរ៕ 

លោក មុត ចន្ថា បានបញ្ជាក់បន្ថែមទៀតថា៖ «កុំធ្វើខ្លួនជាអ្នកឆ្លាតពេក ក្រដាសខ្ចប់ភ្លើងមិនជិតទេ! យើងមើលឃើញយ៉ាងច្បាស់នូវល្បិចបង្កើតមនុស្សចម្បើងរបស់ ជូ កឺលៀង ដើម្បីប្រមូលផ្លែជ្រួញពីកងទ័ពរបស់ ស្តេចក្រាញ់ ឆាវឆាវ ដែលលោក សម រង្ស៉ី កំពុងអនុវត្តនាពេលនេះ»៕


No comments:

Post a Comment