Monday, March 18, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបប្រធានក្រុមហ៊ុន ហាប៊័រ រៀលអ៊ីស្ទេត (Harbour Real Estate)

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ឈិន ឈីវសុង (Chen Qiuxong) ប្រធានក្រុម Harbour Real Estate នៅវិមានសន្តិភាព ។
នាឱកាសនោះ លោក Chen Qiuxong បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកបានមកកាន់ប្រទេសកម្ពុជា ៥ឆ្នាំមកហើយ ហើយបានឃើញកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងរីកចម្រើនលឿន។ លោក Chen ក៏បានបានឃើញកម្ពុជាមានសក្ដានុពល និងឱកាសវិនិយោគជាច្រើន។ ទន្ទឹមនឹងនោះ លោកបានឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែផ្តល់ឱកាស និងលើកទឹកចិត្តដល់វិនិយោគិនអោយចង់មកទស្សនា និងមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោក Chen ក៏បានឃើញពីសកម្មភាពមនុស្សធម៌របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងជួយពលរដ្ឋក្រីក្រ ជាពិសេសថ្មីៗនេះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ជាពិសេសស្ត្រីរងគ្រោះដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ ក្រុមហ៊ុនលោកបានសម្រេចចិត្តចូលរួមផ្តល់នូវវិភាគទានមូលនិធិមួយចំនួនបន្ថែមដល់កិច្ចការដ៏សំខាន់នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឲ្យ លោកប្រធានក្រុមហ៊ុន បន្តវិនិយោគនៅកម្ពុជាថែមទៀត ។ ចំពោះមូលនិធិ ដែលទទួលបានគឺសម្រាប់ប្រើប្រាស់ក្នុងការជួយដល់ស្ត្រីនៅក្នុងពន្ធនាគារដែលពុំទាន់បានកាត់ក្ដីនៅឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រុមមេធាវីដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណាជួយដល់ស្ត្រីដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អោយរៀបចំពន្លឿនការកាត់ក្តីចំពោះអ្នកជាប់ចោទជាច្រើននាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ឋធនាគារដែលមកទល់ពេលនេះមិនទាន់បានកាត់ក្តីនៅឡើយ ជាពិសេសស្រ្តីក្រីក្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការឃុំខ្លួនជនជាប់ចោទរយៈពេលយូរដោយមិនបានកាត់ក្តី គឺខុសច្បាប់៕



No comments:

Post a Comment