Monday, March 18, 2019

លោក ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនប្រជាពរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះឱ្យបានច្រើនបន្ថែមទៀត ដើម្បីត្រៀមពេលដែលយើងខ្វះខាតទឹកសម្រាប់ប្រើប្រាស់បន្ទាន់នោះ។ ជាមួយគ្នានេះផងដែរ លោក បានអំពាវនាវឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹកឱ្យហើយ ប្រសើរជាងការដឹកជញ្ជូនទឹកអោយគ្នាពេលដែលខ្វះខាតទឹកក្នុងគ្រាបន្ទាន់នោះ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ។
ពាក់ព័ន្ធរឿងអគ្គិសនីវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់បន្តិច ពីព្រោះពេលនេះកម្ពុជាយើងកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់រហូតដល់៤០០មេហ្គាវ៉ាត់ ដោយយើងខ្វះខាតទឹកក្នុងការទាញយកថាមពលពីវារីអគិ្គសនី។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកំពុងរងចាំការឆ្លើយតបពីប្រទេសទួកគី ក្នុងការទទួលកប៉ាល់ដែលផ្ទុកអគ្គិសនី ពីព្រោះយើងត្រូវការទាញថាមពលអគ្គិសនីពីកាប៉ាល់នេះដើម្បីផ្គត់ផ្គង់អគ្គិសនី។ លោក នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋក៏ដូចជាសហគ្រាសអាចប្រើម៉ាស៊ីនភ្លើងបាន សូមប្រើម៉ាស៊ីនភ្លើងជំនួសកាប្រើប្រាស់ភ្លើងអគ្គិសនីវិញដើម្បីចូលរួមសន្សំសំចៃទាំងអស់គ្នា នៅពេលដែលយើងកំពុងតែខ្វះខាតភ្លើងអគ្គីសនី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅថ្ងៃនេះ។ លោក ក៏បានថ្លែងកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ លោក ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងវិទ្យាស្ថានបានរក្សាកេរ្ត៍ឈ្មោះជាង១៥ឆ្នាំកន្លងមកនេះ៕





No comments:

Post a Comment