Monday, March 18, 2019

ព្រឹត្តិការណ៍សមរាត្រីនៅលើទឹកដីអង្គរសម្រាប់ឆ្នាំ២០១៩ មកដល់ទៀតហើយ!

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។
តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សមរាត្រីនារដូវប្រាំងនៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩នេះ នឹងត្រូវចំថ្ងៃទី២០ ខែមីនាខាងមុខ។សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេល​វែងជាង យប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ហៅសមរាត្រីព្រះអាទិត្យ នឹងរះទ្បើង​​ចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោង​ទ្វារ​កណ្តាល​នៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥ និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក នៅថ្ងៃព្រហស្បតិ៍ ០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសក​រាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

នេះជាអច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយ មានការសិក្សាគន់គូរយ៉ាងល្អិតល្អន់​របស់​អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះគឺជាហេតុផល​វិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះ សំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្ត បែរមុខទៅទិសខាងលិច? ដើម្បីស្វែងយល់ពីអច្ឆរិយការណ៍នេះ សូមសាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ អញ្ជើញទស្សនាតាមការគួរ ៕


No comments:

Post a Comment