Friday, October 23, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អបអរសាទរខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា

 តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២០នេះ គឺជាខួប២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ២៩ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ រ​បស់កម្ពុជារួមមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំងក្រោមវត្តមានសាក្សីមកពី១៨ប្រទេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរដើម្បីបញ្ចប់ស​ង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស២៣តុលា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុ នៅ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញនិងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ៕


No comments:

Post a Comment