Friday, May 07, 2021

បាតុភូតធម្មជាតិ បានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន ២៣២ខ្នង

 បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យនិងជួយរៀបចំផ្ទះសម្បែងជូនបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះខ្យល់កន្ត្រាក់ នៅឃុំបូស្បូវ ស្រុកព្រះនេត្រព្រះ ដែលខូចខាតធ្ងន់ស្រាល ចំនួន៩៨ខ្នង អស់សង្ក័សី១៤៩៣ សន្លឹក។ ជាមួយនោះបានឧបត្ថម្ភកម្លាំងអធិការស្រុក ៥០មឺុនរៀល ,កងរាជអាវុធហត្ថស្រុក ៥០មឺុនរៀល និងកងពលថ្មើជើងលេខ៥១ ចំនួន ៥០មឺុនរៀល។

ក្នុងនោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំ អាជ្ញាធរស្រុក ស្រុកអូរជ្រៅ កងកម្លាំងទាំងបី ដោះស្រាយជួសជុលផ្ទះ រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ចំនួន ១៦៧ខ្នង ដោយរួមជាមួយក្រុមការងារបានផ្តល់កូនឈើ ២០០ដើម សង្ក័សីជិត ៣០០០សន្លឹក និងថវិកា ៧លាន។

ក្នុងឱកាសនោះ លោកបានសម្តែងមនោសញ្ចេតនានៃការសោកស្តាយ ជាមួយបងប្អូនគ្រប់គ្រួសារទាំងអស់ ដែលទទួលរងគ្រោះខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងដ៏មានតម្លៃ។ ជាមួយគ្នានោះ លោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម លើភូមិសាស្ត្រខេត្ត ទទួលរងបាតុភូមិសម្ពាធទាប បណ្តាលឲ្យមានភ្លៀងធ្លាក់ ខ្យល់ផ្គររន្ទះ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេស សុវត្ថិភាព ខ្លួន កូនៗចៅៗ ឲ្យបានល្អ ដើម្បីជៀសវាងគ្រោះជាយថាហេតុណាមួយកើតឡើង។

របាយការណ៍ ខេត្តឲ្យដឹងថា កាលពីថ្ងៃទី០៥ ឧសភា ២០២១ វេលាម៉ោង ៨យប់ មានភ្លៀង រន្ទះខ្លាំង និងខ្យល់កន្ត្រាក់ ប៉ះពាល់លើស្រុក៤ ក្រុង ១ លើឃុំចំនួន៧ឃុំ-សង្កាត់ បណ្តាលឲ្យខូចខាត ផ្ទះចំនួន ២៣២ខ្នង / ធ្ងន់ធ្ងរ ចំនួន ២៩ខ្នង, រលំផ្សារមង្គល(៥០មx៦០ម) ១ខ្នង និង ខូចខាតរថយន្តតូចធំ១០គ្រឿង , ម៉ូតូ៨គ្រឿង ក្នុងនោះមានដូចខាងក្រោម៖
១. ក្រុងប៉ោយប៉ែត ប៉ះពាល់ ៩៤ខ្នង ធ្ងន់ ធ្ងរ ២៨ខ្នង និងរលំផ្សារមង្គលប៉ោយប៉ែត ១ ក្នុងនោះ៖
-សង្កាត់ប៉ោយប៉ែត របើកដំបូល ១៧ ខ្នង , រលំផ្សារមង្គល(៥០មx៦០ម) ១ខ្នង ខូចខាតរថយន្តតូចធំ១០គ្រឿង , ម៉ូតូ៨គ្រឿង។
-សង្កាត់ផ្សារកណ្តាល របើកដំបូល ៣៩ខ្នង
-សង្កាត់និមិត្ត របើកដំបូល ៣៨ ខ្នង / ធ្ងន់ធ្ងរ ២៨ខ្នង
បណ្តាលឲ្យខូចខាតរថយន្ត ១០គ្រឿង ម៉ូតូ ០៨គ្រឿង
២. ស្រុកអូរជ្រៅ ៖
-ឃុំអូរបីជាន់(២ភូមិ) សរុប ៣១ខ្នង ។
៣. ស្រុកព្រះនេត្រព្រះ ៖
-ឃុំបុស្បូវ (៥ភូមិ) សរុប ៩៨ខ្នង / ធ្ងន់ធ្ងរ ០១ខ្នង ស័ង្គសី ១.៤៩៣សន្លឹក
៤. ស្រុកថ្មពួក ៖
-ឃុំគោករមៀត(២ភូមិ) សរុប ៥ខ្នង អស់ស័ង្កសី ៨០សន្លឹក។
៥. ស្រុកម៉ាឡៃ៖
-ឃុំបឹងបេង (១ភូមិ) សរុប ៤ខ្នង ៕




No comments:

Post a Comment