Tuesday, January 31, 2017

ប្រធា​នរដ្ឋស​ភា៖ អភិបាល​កិច្ចក្នុង​ជួរមន្ត្រី​សង្ឃ ត្រូវ​ផ្សារ​ភ្ជាប់​និងប​ច្ចេកវិទ្យាទំ​នើប​

ភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា ស្របទៅនឹងការរីកចម្រើនលើវិស័យព្រះពុទ្ធសាសនា នៅមានបញ្ហាមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយ ជាពិសេសការពង្រឹងលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ត្រីសង្ឃត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ ដោយឈរលើទស្សនថា ព្រះពុទ្ធសានាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ធានាបាននូវសាមគ្គីភាព ក្នុងពុទ្ធសាសនិកជនជាប្រការសំខាន់បំផុត។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងយ៉ាងដូច្នេះនៅក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥ ក្រោមកិច្ចសហការរៀបចំដោយក្រសួងធម្មការ និងសាសនា ជាមួយគណៈសង្ឃនាយក នៅថ្ងៃទី៣០ ខែមករានេះ នៅសាលសន្និសីទចតុមុខ ដែលពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត តំណាងអង្គទូតនានា និងពុទ្ធបរិស័ទនៃសាសនិកសាសនា ឥស្លាមសាសនា គ្រឹះសាសនា និងសាសនាដ៏ទៃទៀត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសរុបប្រមាណ ៧០០អង្គ/នាក់។
លោក ហេង សំរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែកបាក់ក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា។
លោកបន្តថា អាស្រ័យដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ដែលរហូតមកទល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានវត្តចំនួន ៤.៨៧២វត្ត ក្នុងនោះវត្តគណៈមហានិកាយមាន ៤.៦៥៦វត្ត និងវត្តគណៈធម្មយុត្តិកនិកាយ ២១៦វត្ត និងអាស្រម ១២២ សរុបព្រះសង្ឃទាំងអស់មានចំនួន ៦៩.១៩៩អង្គ ក្នុងនោះព្រះសង្ឃគណៈមហានិកាយ ៦៤.៤០៧អង្គ និងគណៈធម្មយុត្តិកនិកាយចំនួន ៤.៧៩២អង្គ។
លោកប្រធានក៏បានកោតសរសើរផងដែរ ចំពោះសាសនិក ទាំងបព្វជិត ទាំងក្រហស្ថ ដែលខិតខំប្រតិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទសមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់សម្មាសម្ពុទ្ធ។
លោកក៏បានឱ្យប្រជាពលរដ្ឋទាំងអស់គ្នាបន្តខិតខំសំអាតកាយវាចា ជម្រះនូវសេចក្តីសៅហ្មងទាំងឡាយ ធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាងអរិយធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។ ទន្ទឹមនេះ ដើម្បីឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនរឹងមាំថែមទៀត ប្រការដែលចាំបាច់ គឺការពង្រឹងលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អ ដោយឈរលើទស្សនថា ព្រះពុទ្ធសានាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ធានាបាននូវសាមគ្គីភាព ក្នុងពុទ្ធសាសនិកជនជាប្រការសំខាន់បំផុត ជាមួយនឹងការយកចិត្តទុកដាក់ចំពោះពុទ្ធិកសិក្សា ដែលត្រូវពង្រឹងនិងពង្រីកពីទីក្រុងរហូតជនបទផងដែរ។
លោក ហេង សំរិន ក៏បានសំណូមពរដល់សាសនិកទាំងអស់ មេត្តាបន្តរួមបំពេញកុសលទាំងឡាយដើម្បីជាគុណប្រយោធន៍ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយតរៀងទៅ។
តាមរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានឱ្យដឹងថា អនុសំវិច្ឆរមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីបូកសរុបសកម្មភាព និងពិនិត្យមើលលទ្ធផល នៃការអនុវត្តន៍សង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ កាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងលើកទិសដៅការងារសំរាប់អនុវត្តបន្ត សំដៅពង្រឹងការអនុវត្តន៍រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ និងពង្រឹងគុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិតឱ្យកាន់តែមានសុក្រឹត្យភាព និងគុណភាពខ្ពស់៕




No comments:

Post a Comment