Tuesday, January 31, 2017

ក្រសួង​សាធារណ​ការ​ប្រកាស​ដាក់​ឱ្យដំ​ណើរការ ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មចុះ​បញ្ចីយាន​ជំនិះ ​ត្រួត​ពិនិត្យលក្ខណៈបច្ចេក​ទេស​យាន​ជំនិះ ផ្តល់​បណ្ណ​បើកប​រយានយន្ត

ភ្នំពេញ៖ ក្រសួងសាធារណការ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ចីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរយានយន្ត និងកម្មវិធីស្វែងយល់អំពីទ្រឹស្តីនៃការបើកបរ លើទូរស័ព្ទ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះបានប្រព្រឹត្តិទៅក្រោមធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ចីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរយានយន្តនេះគឺដើម្បីធ្វើឱ្យការផ្តល់សេវាកម្មចាំបាច់របស់ក្រសួងសាធារណការជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងកាន់តែឆាប់រហ័ស។ កន្លងមក ការផ្តល់សេវាកម្មទាំងនេះមានភាពយឺតយាវ និងការចំណាយក្រៅផ្លូវការធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត ដូច្នេះសេវាកម្មអនឡានថ្មីទាំងនេះនឹងកាត់បន្ថយការចំណាយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ។
តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មដែលត្រូវបានសម្ពោធនេះ ចាប់ពីពេលនេះតទៅ សាធារណជនអាចចុះបញ្ជីយានជំនិះដោយខ្លួនឯង ឬនៅហាងលក់យានជំនិះ ណាត់កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរយានយន្តតាមរយៈគេហទំព័ររបស់ក្រសួងសាធារណការ។ ក្រៅពីនេះ ប្រសិនបើត្រូវការជំនួយក្នុងការរៀនទ្រឹស្តីនៃការបើកបរ ក៏ ទាញយកកម្មវិធីពី App Store និង Play Store ដោយឥតគិតថ្លៃផងដែរ។
បើតាមលោកចាន់ តារាអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃ ក្រសួងសាធារណការបានថ្លែងនាឱកាសនោះបានឱ្យដឹងថា មកដល់ពេលនេះ មានយានយន្តជាង៣លានគ្រឿងត្រូវបានចុះបញ្ជី, ផ្តល់បណ្ណបើកបរចំនួនជាង១លាន ។ ចំណែកយាន្តជំនិះបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្ត គិតជាមធ្យមក្នុងមួយឆ្នាំៗ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះមាន២៣៩១២៦គ្រឿង ហើយចំនួននេះ នឹងត្រូវកើនឡើងជាលំដាប់៕



No comments:

Post a Comment