Tuesday, January 31, 2017

កម្ពុជា-កូរ៉េ ចុះហត្ថ​លេខាលើ​កិច្ច​សម្រប​សម្រួល​ផ្តល់កម្ចី​សម្បទាន​ចំនួន​ពីរ មាន​ទឹក​ប្រាក់​សរុបជាង៤០០លានដុល្លារអាមេរិក

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានិងលោក គីម វ៉នជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានចុះហត្ថលេខាលើឯកសារចំនួនពីររួមមាន«កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច» និង«កិច្ចសម្របសម្រួលស្តីពីការផ្តល់ឥណទានសម្បទានសម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨» នាទីស្តីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកឯកអគ្គរដ្ឋទូតសាធារណកូរ៉េបានមានប្រសាសន៍ថា កម្ពុជាគឺជាដៃគូអាទិភាពមួយរបស់សាធារណរដ្ឋកូរ៉េក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។ លោកសង្ឃឹមថា កម្ចីសម្បទានទាំងនេះនឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែមានការរីកចម្រើននាពេលបច្ចុប្បន្នហើយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េសន្យាថានឹងបន្តជួយដល់កម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា កិច្ចសម្របសម្រួលក្របខ័ណ្ឌ «ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦ដល់២០១៨» ដែលមានទឹកប្រាក់ចំនួន៣៥០លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក នៅកម្ពុជា។ រីឯកិច្ចសម្របសម្រួល«ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨» ដែលមានទឹកប្រាក់ចំនួន៦៧ ៤៣៤ ០០០ ដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់ដើម្បីធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងពីស្រុកស្រែអំបិលទៅកាន់ខេត្តកោះកុង។ ការធ្វើឱ្យប្រសើរឡើងនេះនឹងសម្រួលថែមទៀតដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទំនិញនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន បានបញ្ជាក់ផងដែរថា ប្រាក់កម្ចីនៃកិច្ចសម្របសម្រួលរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៦ដល់២០១៨ មានកំណើនលើសពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌកន្លងមក (២០១៣-២០១៦) ដែលមានចំនួន២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលប្រាក់កម្ចីសម្បទានលើកនេះមានរហូតដល់ទៅប្រមាណ៤១៧លានដុល្លារអាមេរិក
។ លោកថា ការកើនឡើងនេះគឺជាសក្ខីកម្មនៃការបន្តប្តេជ្ញាចិត្តនិងការគាំទ្ររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនិងការធ្វើឱ្យប្រសើរឡើងដល់សុខមាលភាពប្រជាជន។
លោក ប្រាក់ សុខុន បានបន្ថែមទៀតថា ឆ្នាំ២០១៧នេះ កម្ពុជានិងសាធារដ្ឋកូរ៉េនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃទំនាក់ទំនងការទូត ដោយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការផ្លែផ្កាសម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេសនិងប្រជាជនទាំងពីរ៕

No comments:

Post a Comment