Tuesday, July 02, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅប្រទេសស្វីស

នៅព្រឹកថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើង វិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩ នៅអង្គការពាណិជ្ជកម្មពិភព លោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះគឺក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជ កម្ម» ដោយមានគោលបំណងពិនិត្យមើលពីរបៀប ដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកប ដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា ឆ្នាំ២០១៩-២០២៣ ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីសង្គម ដែលរៀបចំដោយ WTO ផងដែរ។
ក្រៅពីកិច្ចប្រជុំខាងលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជា ជាតិ ដែលនឹងផ្តល់សារៈដ៏សំខាន់និងច្បាស់លាស់មួយ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារជាមួយឥស្សរជនជនសំខាន់ៗ វិនិយោគិន ព្រមទាំងជួបជាមួយសហគមន៍ខ្មែរនៅស្វីស និងអ៊ឺរ៉ុបផ្សេងទៀតផងដែរ៕








No comments:

Post a Comment