Tuesday, July 02, 2019

អភិបាល ខេត្ត កោះកុងប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្នុងក្រុងខេមរភូមិន្ទ

កោះ កុង ៖ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្ត កោះ កុង បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង និងជាប្រធានគណៈកម្មាធិការសាខា ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត២ អង្គ លោកប្រធានកិត្តិយសអនុសាខា លោកប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាក្រុង លោក លោកស្រី មន្ត្រីសាលាក្រុង អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធ យុវជន សសយក សិស្សានុសិស្ស ព្រមទាំងសប្បុរសជន នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។
លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង បាន មានប្រសាសន៍ថា អនុសាសន៍សំខាន់ៗរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើរជូន សាខា អនុសាខា គ្រប់ខេត្ត ក្រុង រួមមាន៖
១.សូមរក្សាសាមគ្គីភាពឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម ។
២.ត្រូវពង្រឹងការកសាង និងបង្កើនសមត្ថភាពមន្ត្រី សាខា អនុសាខា ណែនាំតម្រង់ទិស បណ្តុះបណ្តាល បំពាក់បំប៉នការយល់ដឹង ពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅរបស់សាខា អនុសាខា តាមលក្ខណៈវិនិច្ឆ័យសាខា និងការគ្រប់គ្រងគម្រោងអភិវឌ្ឍតាមសហគមន៍។
៣.ពង្រឹងកិតិ្តនាមកាកបាទក្រហមកម្ពុជា ដោយ បំពេញការងារតាមគោលការគ្រឹះទាំង៧។
៤.បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រកាកបាទក្រហមឲ្យទៅជាបណ្តាញ ដ៏រឹងមាំ និងកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តភាព និងប្រកបដោយប្រសិទ្ធភាព។
៥.បន្តពង្រឹងពង្រីកសមាជិកភាព លើកម្ពស់ការ កៀរគររកមូលនិធិ ឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត និងទៅតាមសទ្ធាជ្រះថ្លា។
៦.បន្តលើកកម្ពស់ ការចងក្រងឯកសារស្តីពីអ្នកទទួលផល ការថែទាំសមិទ្ធផល ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូន សហគមន៍។
ទី៧.បន្តពង្រឹងរបបរាយការណ៍ ពីហិរញ្ញវត្ថុ និងការអភិវឌ្ឍនភាពសាខា អនុសាខា និងត្រូវផ្តល់របាយការណ៍ជូនស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាឲ្យបានទៀងទាត់៕





No comments:

Post a Comment