Tuesday, July 02, 2019

ទិវាជាតិរបស់យើងផ្សារភ្ជាប់ជាមួយនឹងពាក្យស្លោកថា "ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង"

ព្រះសីហនុ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុប្រារពទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនាឆ្នាំ ២០១៩ អញ្ជើញចូលរួមជាអធិបតីដោយ នាយឧត្តម សេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធសិស្ស និស្សិត  ។

 នាឱកាសនោះ  លោក គង់ វិតាណៈ អភិបាលរង ខេត្តព្រះសីហនុ និងជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា លទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុបចំនួន ២០៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤១២នាក់ ស្រី ៥២នាក់ ។ វត្ថុតាងដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ចំនួន ៣៣២កញ្ចប់ ទម្ងន់ស្មើ ១.៣៧៦.១៣ក្រាម ម្សៅសថ្លាចំនួន ៩៥កញ្ចប់ ទម្ងន់ ២.៩៤៦.៣១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ១១កញ្ចប់ទម្ងន់ ១០៦.៨ ក្រាម ថ្នាំគ្រាប់កេតាមីន ១៥កញ្ចប់ ១១៣.៧៤ក្រាម កញ្ឆាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ៣៧២.០៩ក្រាម  និង ប្រភេទថ្នាំញៀនផ្សេងៗមួយចំនួនទៀត  វត្ថុតាងជាសម្ភារៈនិងនយោបាយមួយចំនួនធំទៀតដែលប្រមូលបានក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ ។
   
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឡេីងអានសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រ យុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ដោយបានបញ្ជាក់ថា ប្រធានបទដែលយើងលើកយកមកសម្រាប់ឆ្នាំនេះ គឺ "សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព" (Health for Justice Justice forHealth) ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវ ការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។

សូមជម្រាបផងដែរថា ការប្រារព្ធទិវាជាតិរបស់យើងផ្សារភ្ជាប់ ជាមួយនឹងពាក្យស្លោកថា  "ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង" ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឲ្យកាន់តែមានសកម្មខ្លាំងក្លាថែមទៀតដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ។ ព្រមទាំងអំពាវនាវឲ្យយកកូន ចៅ ទៅព្យាបាល និងស្តានីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិតរហូតពួកគេទទួលបានមកវិញនូវសម្បទាល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត និងទទួលបានមកវិញនៅសម្បទាល្អចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម ។

នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា គោលជំហរនិងឆន្ទៈរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឲ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តថែរក្សាការពារ និងពូនប្រជុំជីវភាពដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។

លោកបានបន្តទៀតថា តាមបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធ ផលល្អប្រសើរ គឺទាមទារនូវការរៀបចំចាត់ចែងយន្តការដឹកនាំយ៉ាងហ្មត់ចត់ និងច្បាស់លាស់នៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដោយមានការគាំទ្រពីគ្រប់ជ្រុងជ្រោយ គ្រប់ផ្នែកគ្រប់វិស័យ ទាំងក្នុងកម្រិតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅជំរុញការ អនុវត្តឲ្យដំណើរការព្រមគ្នាក្លាយជា "ជីវភាព នៃប្រព័ន្ធតួអង្គតែមួយ" ប្រកបដោយការទទួលខុសត្រូវ រវាងការទប់ស្កាត់តម្រូវការ និងការទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន មានន័យថា  ទាំងការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្ដារនីតិសម្បទា និងការអនុវត្តច្បាប់ត្រូវតែបានអនុវត្តព្រមគ្នា និងបំពេញឱ្យគ្នាទៅវិញ ទៅមកនៅថ្នាក់មូលដ្ឋានតែម្ដង ដោយពុំចាំបាច់សុំកិច្ចអន្តរាគមន៍ពីថ្នាក់លើនោះទេ ទើបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ ។

សូមរម្លឹកថា មណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បើកទទួលអ្នកញឿងគ្រឿងញៀននៅឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន មានយុវជនចូលមកទទួលសេវាព្យាបាល បន្សាប ស្ដារនីតិសម្បទាបានចំនួន ៧០៥ នាក់ និងបានធ្វេីសមាហរណកម្ម ទៅរស់នៅជាមួយក្រុមគ្រួសារចំនួន ៦១៥នាក់ ។ ហើយបច្ចុប្បន្នកំពុងព្យាបាល បន្សាប ស្ដារនីតិសម្បទានៅមណ្ឌលកងរាជអាវុធហត្ថក្រុង ចំនួន ៩០នាក់៕









No comments:

Post a Comment