Tuesday, July 02, 2019

គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ រាជានិយម និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌

កោះកុង៖ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគីរីសាគរ ខេត្តកោះកុង បានថ្លែងថា ចាប់តាំងពីទទួលជ័យជំនះរហូតមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានក្លាយទៅជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ រាជានិយម និងទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌។ លោកបានថ្លែងដូនចេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណ:បក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ១០០៥នាក់។
នៅក្នុងឱកាសនោះ លោក ឥត សារ៉ាត់ បានគូសបញ្ជាក់ថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩មក គណបក្ស បានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសជាតិឡើងវិញ ពីលេខសូន្យ និងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកជាថ្មីទៀត ហើយបានធ្វើជាស្នូល នៃដំណើរការបង្រួបបង្រួមជាតិរហូតបញ្ចប់បាននូវសង្គ្រាមដ៏រ៉ាំរ៉ៃ ជិត៣ទសវត្ស កសាងសន្តិភាពពេញលេញមានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ដែលបានផ្តល់ភាពអនុគ្រោះយ៉ាងធំធេង ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកែលម្អជីវភាពរបស់ប្រជាជន។ លោកបានបន្តថា គណបក្សបានធ្វើជាបង្អែកដ៏រឹងមាំ ក្នុងការការពារ រដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាពប្រទូសរ៉ាយគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។ កម្ពុជាបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្រប់ប្រទេស ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជន នៅទូទាំងប្រទេស វាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។ ក្នុងរយៈពេល ៤០ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនផងដែរ ៕





No comments:

Post a Comment