Wednesday, December 28, 2016

ក្រសួង​ការ​បរទេស កំពុង​សាង​សង់​អគារវិ​ទ្យាស្ថាន​ការ​ទូត​ដំបូង​គេ​នៅ​កម្ពុជា​

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថា ក្រសួងការបរទេស កំពុងសាងសង់អគារវិទ្យាស្ថានការទូត ដំបូងគេរបស់កម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការបរទេសកម្ពុជា។
លោក ជុំ សុន្ទរី បានបន្តថា វិទ្យាស្ថានការទូតដំបូងគេនៅកម្ពុជានេះ នឹងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីរាជការក្របខណ្ឌរបស់ក្រសួងការបរទេសសម្រាប់ជំនាញការទូត។ ការបង្កើតវិទ្យាស្ថានការទូតនេះឡើង គឺដើម្បីបំពេញតម្រូវការ នឹងបរិបទការងារការបរទេសដែលកំពុងមានការរីកចម្រើន និងមានតម្រូវការអ្នកជំនាញការទូត នៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោកក្នុងពេលសព្វថ្ងៃនេះ។
នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយឯកអគ្គរាជទូតជប៉ុន លោក Hidehisa HORINOUCHI ដើម្បីពិភាក្សាការងារក្នុងឱកាសនោះលោក ប្រាក់ សុខុន ក៏បានស្នើដល់ភាគីជប៉ុន និងភាគីបរទេសដទៃទៀត ដើម្បីជួយត្រួតពិនិត្យលើលទ្ធភាពបង្កើត វិទ្យាស្ថានការទូតកម្ពុជាមួយនេះឱ្យទទួលបានជោគជ័យ។
សូមជម្រាបផងដែរថា វិស័យការទូតក្នុងបរិបទបច្ចុប្បន្នវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើសកលភាវូបនីយកម្មកម្ពុជាជាមួយពិភពលោកតាមរយៈការបង្កើតស្ថានទូត ឬអង្គកុងស៊ុលនៅបណ្តាប្រទេសលើសកលលោក ដើម្បីបង្កើតទំនាក់ទងលើវិស័យសំខាន់ៗដូចជា វិស័យនយោបាយ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច និងវិស័យសំខាន់ៗជាច្រើនទៀត ជាពិសេសវាអាចជួយសម្រួលអ្នកវិនិយោគបរទេសកាន់តែច្រើនមកវិនិយោគនៅកម្ពុជា តាមរយៈអ្នកជំនាញការទូតដ៏ជំនាញរបស់កម្ពុជា៕

No comments:

Post a Comment