Tuesday, December 27, 2016

អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័ន KOCHEF របស់សាធារណរដ្ឋកូរ៉េ ជួសជុលក្រុមប្រាសាទព្រះពិធូរ

អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីជួសជុលស្តារឡើងវិញនូវក្រុមប្រាសាទព្រះពិធូរ ដែលស្ថិតនៅទល់មុខព្រះលានជល់ដំរី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់ជំហានដំបូងនៅឆ្នាំ២០១៨ខាងមុខ។
លោក ផាក ដុងហ៊ី (Park Dong hee) មន្ត្រីសម្របសម្រួលនៃគម្រោងនេះ បញ្ជាក់ថា គម្រោងអភិរក្សជួសជុលប្រាសាទព្រះពិធូរមានការងារ៣ធំដែលត្រូវធ្វើគឺ៖ ការងារបណ្តុះបណ្តាលធនធានមនុស្ស, ការងារស្រាវជ្រាវចងក្រងឯកសារ និងការងារអភិរក្សជួសជុលស្តារឡើងវិញ។ សព្វថ្ងៃគម្រោងកំពុងដំណើរការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវចងក្រងឯកសារ ចំណែកការជួសជុលស្តារឡើងវិញ នឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការសិក្សាស្រាវជ្រាវហើយ។
មន្ត្រីសម្របសម្រួលគម្រោងរូបនេះបន្ថែមថា យោងតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor បានតម្រូវឲ្យក្រុមការងាររបស់លោក ធ្វើការអភិរក្សជួសជុលទៅលើ៣ចំណុច នៃក្រុមប្រាសាទព្រះពិធូរគឺ៖ ការជួសជុលលើផ្នែកតូចៗជុំវិញប្រាសាទ, ការសិក្សាទូទៅអំពីទិដ្ឋភាពជុំវិញប្រាសាទ និងការជួសជុលស្តារឡើងវិញនូវកសិន្ធុជុំវិញប្រាសាទ។ រហូតមកទល់នឹងពេលនេះ យើងបានសិក្សាចងក្រងជាឯកសារបានច្រើនហើយ។ នៅរវាងខែមីនា និងមេសា ឆ្នាំ២០១៧ខាងមុខនេះ ក្រុមការងារនឹងធ្វើសិក្ខាសាលាមួយ ដើម្បីបង្ហាញអំពីផែនការពិស្តារនៃគម្រោង ហើយស្តាប់យោបល់របស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញផ្សេងៗដែលកំពុងអនុវត្តការងារជួសជុលនៅក្នុងរមណីយដ្ឋានអង្គរ។ ជាជំហានដំបូងយើងនឹងធ្វើការអភិរក្ស ជួសជុលទៅលើរានហាលនៃប្រាសាទកោរជុកតែមួយប៉ុណ្ណោះ។
លោក ដុង ហ៊ី បន្ថែមថា ដើម្បីផ្តល់ជូនព័ត៌មានបន្ថែមដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ គម្រោងនេះបានសាងសង់អាគារពិព័រណ៍មួយ នៅខាងមុខប្រាសាទកោរសក់ (ប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទព្រះពិធូរទាំង៥)។ អាគារពិព័រណ៍នេះ នឹងបង្ហាញអំពីទិដ្ឋភាពទូទៅ នៃគម្រោងផែនការសកម្មភាពទូទៅ រួមនឹងប្រវត្តិសាស្ត្រនៃប្រាសាទជាដើម ហើយគ្រោងបើកជូនទស្សនាជាផ្លូវការនៅចុងខែមករាឆ្នាំ២០១៧ខាងមុខ។
លោក ស្រ៊ុន តិច មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់ថា ប្រវត្តិទូទៅនៃប្រាសាទព្រះពិធូរមានលក្ខណៈស្មុគ្រស្មាញច្រើន ដោយសារមិនទាន់មានឯកសារផ្លូវការណាមួយចងក្រងច្បាស់លាស់នៅឡើយ។ ការស្រាវជ្រាវរបស់ប្រទេសបារាំងបានដាក់ឈ្មោះប្រាសាទទាំង៥នេះ ជាតំណាងដោយអក្សរ T U X Z Y។ លោកបញ្ជាក់ថា គេមិនទាន់ដឹងថាមូលហេតុអ្វីទើបបារាំងដាក់ឈ្មោះប្រាសាទទាំង៥នេះដូច្នេះឡើយ តែតាមពិតប្រាសាទនេះ មានឈ្មោះរបស់ខ្លួនតាមដែលអ្នកស្រុកធ្លាប់ហៅមកហើយ គឺ ប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទួត ប្រាសាទដូនមារ និងប្រាសាទកណ្តក់យក្ស។ តាមការសន្និដ្ឋានរបស់លោក ប្រាសាទទាំង៥នេះ អាចនឹងសាងសង់ឡើងក្នុងសម័យកាលផ្សេងគ្នាទៀតផង។ អ្នកបុរាណវិទ្យារូបនេះជឿជាក់ថា ក្រោយការស្រាវជ្រាវចងក្រងឯកសារដើម្បីធ្វើការអភិរក្សជួសជុលឡើងវិញ របស់ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជាហើយ គេនឹងទទួលបានទិន្នន័យ និងកម្រងប្រវត្តិសាស្ត្រជាក់ច្បាស់ជាមិនខាន៕




No comments:

Post a Comment