Tuesday, December 27, 2016

អាជ្ញាធរជាតិអប្សរាបន្តកិច្ចសហការ លើការងាររៀបចំអង្គរសង្រ្កាន្តសម្រាប់ឆ្នាំ២០១៧

កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដឹកនាំដោយលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានចូលរួមកិច្ចប្រជុំនៅអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៤ ឆ្នាំ២០១៧។
ក្នុងជំនួបដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា លោក សុខ សប្បាយណា បានសម្តែងអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរជាតិអប្សរា ដែលតែងតែសហការក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក។ លោកបន្តថា ការចូលរួមនេះ គឺបង្ហាញឲ្យឃើញពីការលះបង់ដើម្បីវិស័យវប្បធម៌ជាតិទាំងមូល។
ក្រៅពីនេះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្ហាញពីវីដេអូខ្លី ជុំវិញព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលកន្លងមក ក៏ដូចជាកម្មវិធីមួយចំនួន ដែលគ្រោងធ្វើនៅឆ្នាំ២០១៧ខាងមុខ។ ក្នុងនោះ បើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា មានកម្មវិធីខ្លះនៅរក្សាដដែល ខ្លះកែសម្រួល និងខ្លះទៀត ពុំមានក្នុងកម្មវិធីឆ្នាំនេះទេ។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធសំដៅធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានជោគជ័យ។ ដោយឡែកព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលគ្រោងរៀបចំក្នុងឆ្នាំ២០១៧ខាងមុខនេះ អាជ្ញាធរជាតិអប្សរា ក៏បានត្រៀមរៀបចំក្រុមការងារមួយចំនួនផងដែរ ដើម្បីសហការជាមួយក្រុមការងារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះរួមមានក្រុមការងារភូមិខ្ញុំ ក្រុមអភិរក្សដ្ឋាន និងក្រុមប្រតិបត្តិសម្រាប់ទំនាក់ទំនងការងារទូទៅ។
លោក សុខ សង្វារ បានបន្ថែមទៀតថា ក្រៅពីកិច្ចសហការខាងលើ អាជ្ញាធរជាតិអប្សរាក៏បានបង្កើនសកម្មភាពការងារដើម្បីសម្អាតបរិស្ថាន កាត់ក្រីមែកឈើ រៀបចំផ្តល់ព័ត៌មានទីតាំងហានិភ័យប្រាសាទ ក៏ដូចជាផ្តល់ទឹកពិសារដោយឥតគិតថ្លៃ ដែលកាលពីឆ្នាំទៅទទួលបានការគាំទ្រពីមហាជនទូទៅយ៉ាងខ្លាំង។
គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីលើកទីមួយឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់, លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់, លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់ ហើយគេរំពឹងថា នៅឆ្នាំ២០១៧នេះ ចំនួននេះនឹងបន្តកើនឡើងទៀត៕



No comments:

Post a Comment