Tuesday, December 27, 2016

លោក សម រង្ស៊ី និងជំនួយការ២នាក់ទៀត ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគាក្នុងម្នាក់ៗចំនួន៥ឆ្នាំ ពីបទ​ក្លែងឯកសារ​ព្រំដែន​

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ ឈ្មោះ អ៊ឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ៥ឆ្នាំ តែអនុវត្ត៣ឆ្នាំ។ នៅក្នុងសាលក្រមដដែលនេះក៏មានភ្ជាប់ផងដែរ ដែលតុលាការសម្រេចចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ ដើម្បីយកមកអនុវត្តទោស។ សាលក្រមប្រកាសដោយកំបាំងមុខជនជាប់ចោទ និងមេធាវី តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ការប្រកាសសាលក្រមនេះ ធ្វើឡើងដោយ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសំណុំរឿងនេះនៅសាលាដំបូងរាជធានីភ្នំពេញ។ ជនជាប់ចោទ ក្នុងករណីនេះមានលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ ចំពោះសំណុំរឿងនេះ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕


No comments:

Post a Comment