Friday, December 23, 2016

ទស្សនវិភាគ៖ « បើខ្លួនឯងមិនបានកាន់អំណាច ត្រូវតែកំទេចចោលឲ្យអស់!»

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាភាសាខ្មែរនាពេលថ្មីៗនេះ លោក សម រង្ស៊ី ទណ្ឌិតកំពុងនីរទេសខ្លួន បានបង្ហាញនូវភាពកំសោយ កំសាករបស់ខ្លួនដែលមិនហ៊ានវិលចូលស្រុកវិញនោះដោយបន្លំអួតខ្លួនឯងថា នេះជាយុទ្ធសាស្ត្រដើម្បីតស៊ូពីក្រៅប្រទេស។
បើលោក សម រង្ស៊ី និយាយបែបនេះ មានមតិមួយចំនួនបានលើកឡើងថា សម រង្ស៊ី គួរតែអរគុណចំពោះតុលាការ ឬក៏ត្រូវតែអរគុណចំពោះលោក ហ៊ុន សែន ដែលសម រង្ស៊ី តែងតែលើកឡើងថា តុលាការមិនឯករាជ្យ និងចោទថា លោក ហ៊ុន សែន គំរាមកំហែងមិនឲ្យគាត់បានចូលស្រុក។ អីឡូវ លោក សម រង្ស៊ី ថា គាត់រស់នៅឯក្រៅប្រទេសនោះ គឺជាយុទ្ធសាស្ត្រដើម្បីតស៊ូអ៊ីចឹង សូមលោក សម រង្ស៊ី បន្តរស់នៅឯក្រៅប្រទេសជារៀងរហូតចុះ!
ងាកមកពិចារណាអំពីពាក្យថា ជាយុទ្ធសាស្ត្រតស៊ូ ដើម្បីដណ្តើមអំណាចរបស់លោក សម រង្ស៊ី។ តើវាជាយុទ្ធសាស្ត្រមែន ឬក៏ជាការទាល់ច្រក ហើយចេះតែប្រឹងស្រែក?
មនុស្សលោកក្នុងសម័យបច្ចេកវិទ្យានេះ គឺគេងាយយល់ណាស់ អំពី ស្ថានការណ៍នយោបាយរបស់ប្រទេសជាតិ និងដំណើរការវិវត្តទៅមុខយ៉ាងណានោះ ជាពិសេស មហាជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដ៏សំបូរបែបនេះ គឺគេបានដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះបក្សសង្គ្រោះជាតិកំពុងបែកបាក់គ្នា និងមានជម្លោះផ្ទៃក្នុងយ៉ាងធ្ងនប់ធ្ងរ វាមិនដូចអ្វីដែលជាការលើកឡើងបំភ័ន្តគេដោយទណ្ឌិត សម រង្ស៊ី ថា ជាយុទ្ធសាស្ត្ររបស់បក្សប្រឆាំងនោះឡើយ។
ផ្ទុយទៅវិញ ពាក្យថា «យុទ្ធសាស្ត្ររបស់ទណ្ឌិត រង្ស៊ី »នៅពេលនេះ  គឺវាគ្រាន់តែជាសារបោកប្រាស់របស់លោក សម រង្ស៊ី ដើម្បីភូតកុហក់ខ្លួនឯងផង បន្លំប្រជាពលរដ្ឋផង និងគ្រាន់តែជាការធ្វើប្រជាភិថុតសកម្មជនខ្លួនតែប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគបញ្ហាសង្គមមើលឃើញថា ការតម្លើងសម្លេងរបស់លោក សម រង្ស៊ី មិនមែនជាយុទ្ធសាស្ត្រតស៊ូពីក្រៅប្រទេសស្អីនោះទេ ក៏ប៉ុន្តែគឺដើម្បីលុបលាងនូវភាពបរាជ័យរបស់ខ្លួនចំពោះមុខសកម្មជនតែប៉ុណ្ណោះ ខណៈរូបគាត់ត្រូវបានអ្នកគាំទ្របំភ្លេចចោលលែងនឹកនាបាត់ទៅហើយ។ នាពេលចុងក្រោយនេះ លោក សម រង្ស៊ី បានបាត់អស់នូវតួនាទីក្នុងរដ្ឋសភា រួមទាំងអំណាចក្នុងបក្សប្រឆាំង។
ក្នុងវ័យប្រមាណជិត៧០ឆ្នាំទៅហើយ លោក សម រង្ស៊ី បានបរាជ័យជាប់រហូតមក ហើយនឹងបន្តបរាជ័យរហូតដល់ជីវិតចុងក្រោយ ពីព្រោះសព្វថ្ងៃលោក កឹម សុខា បាននិងកំពុងក្ដោបក្ដាប់អំណាចក្នុងបក្សប្រឆាំងទាំងស្រុងទៅហើយ។ គេបានមើលឃើញថា នៅក្នុងជួរគណបក្សប្រឆាំង បើទោះជាមានមនុស្សជំនិតលោក សម រង្ស៊ី នៅមានខ្លះក៏ដោយ ប៉ុន្ដែអ្នកទាំងនោះ គ្មានឥទ្ធិពលដូចក្រុមមនុស្សជំនិតនឹងអនុប្រធានបក្ស (លោក កឹម សុខា )នោះទេ។
តាមប្រភពផ្ទៃក្នុងពីគណបក្សសង្គ្រោះជាតិបានបង្ហើបប្រាប់ថា ក្រុមមនុស្សជំនិត និងមានតួនាទីសំខាន់កូតារបស់លោក សម រង្ស៊ី ត្រូវបានលោក កឹម សុខា អូសទាញមកគាំទ្រគោលជំហនយោបាយរបស់ខ្លួនអស់ទៅហើយ ដោយសារមេបក្សលោក សម រង្ស៊ី អសមត្ថភាពក្នុងការដឹកនាំ និងភាពកំសាករត់ចោលស្រុក មិនហ៊ានតស៊ូលះបង់ជាមួយសកម្មជនក្នុងស្រុក ហើយរឿងនេះតែងកើតឡើងជារឿយៗនៅក្នុងជីវិតនយោបាយរបស់គាត់ដែលមានទម្លាប់មិនទទួលខុសត្រូវ។
ប្រភពព័ត៌មាននោះបានបង្ហើបឲ្យដឹងទៀតថា អាចនឹងមានការធ្វើសមាជផ្លាស់ប្តូរមេបក្សនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នគណបក្សគ្មានមេដឹកនាំច្បាស់លាស់។ ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះដោយវិទ្យុបរទេសផ្សាយជាភាសាខ្មែរ មានសំនួរមួយបានលើកឡើងថា « ក្នុងចំណោមយុវជនបច្ចុប្បន្នដែលគាំទ្រគណបក្សប្រឆាំង ពួកគេហាក់ដូចជា កំពុងសម្លឹងរកមេដឹកនាំដែលហ៊ាន ពោល គឺថា ប្រសិនជានៅតែមិនហ៊ានអញ្ចឹងទេ គឺពួកគាត់យល់ថា ប្រហែលជាគណបក្សប្រឆាំងពិបាករកជ័យជំនះ ពីព្រោះលោកខ្លួនឯងផ្ទាល់ (សម រង្ស៊ី) ប្រកួតប្រជែងនៅក្នុងឆាកនយោបាយជាច្រើនឆ្នាំមកហើយនៅតែមិនឈ្នះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»!
សារនេះអាចបញ្ជាក់បានថា បក្សប្រឆាំងជិតដល់ពេលផ្លាស់ប្តូរប្រធានបក្សថ្មីហើយ!
ហេតុផលមួយចំនួនខាងលើនេះ អាចជាការជំរុញឲ្យបក្សប្រឆាំងត្រូវតែប្រឹងដើរទៅមុខយ៉ាងប្រញាប់ប្រញាល់ ជាពិសេសការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី ទើបធានានូវបរិយាកាសល្អបានខ្លះនៅក្នុងគណបក្សនោះ។ គេបានសង្កេតឃើញថា នាពេលចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី ដឹងច្បាស់ថា កំហុសរបស់គាត់ប្រឈមផ្លូវច្បាប់ខ្លាំង ហើយមិនសង្ឃឹមថា លោក ហ៊ុន សែន នឹងយល់យោគដូចលោក កឹម សុខានោះ បាននាំឲ្យ សម រង្ស៊ី ខំប្រឹងស្រែកទាំងមិនដឹងទិសតំបន់។ សារជាច្រើនបានបង្ហោះផ្សាយ ដោយបញ្ចេញនូវអាកប្បកិរិយាព្រហើន ខឹងសម្បារ និងវាយសម្រុកទាំងទៅលើលោក កឹម សុខា ចំៗ និងរិះគន់ខ្លាំងៗមកលើមេបដឹកនាំបក្សកាន់អំណាច។ ភាពច្រឡោងខាមទាំងកំរោលនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី ជាជនឯកោ គ្មានអ្នកគាំទ្រគាត់ទៀតឡើយ។ ម៉ោងនេះ សម រង្ស៊ី បាត់បង់អស់នូវតំណែងដែលគាត់ធ្លាប់ដឹកនាំ ដែលអីឡូវកំពុងស្ថិតនៅក្នុងតណ្តាប់ដៃរបស់លោក កឹម សុខា អតីតជាគូសត្រូវរបស់ខ្លួនកាលពីនៅបក្សសិទ្ធិមនុស្ស មុនពេលចងសម្ព័ន្ធភាពជាគណបក្សសង្គ្រោះជាតិ។
ជោគវាសនារបស់លោក សម រង្ស៊ី ត្រូវបានគេដឹងថា ស្ថិតនៅលើភាពអនុគ្រោះរបស់លោក ហ៊ុន សែន ។ ប៉ុន្តែ ល្បែងវាយប្រហារដោយគំនុំ និងការសងសឹកគ្មានទីបញ្ចប់របស់ទណ្ឌិត សម រង្ស៊ី បានធ្វើឲ្យលោក ហ៊ុន សែន បិទផ្លូវសម្រាប់ សម រង្ស៊ី ហើយជាជំនួស គឺការចាប់យកដៃគូសន្ទនាថ្មី គឺ លោក កឹម សុខា ដែលកន្លងមកបក្សកាន់អំណាចក៏ធ្លាប់បានដកតំណែងរបស់លោក កឹម សុខា ម្តងរួចមកហើយពីអនុប្រធានទី១រដ្ឋសភា។
នយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិដែល សម រង្ស៊ី បាននិងកំពុងអនុវត្ត ប្រៀបបាននឹងការគិតហើយកំពុងប្រព្រឹត្តនូវកំហុសឆ្គងខ្លាំងបំផុតតាមរយៈ ការប្រើយុទ្ធសាស្ត្រមួយ គឺបើខ្លួនឯងមិនបានកាន់អំណាច ត្រូវតែកំទេចចោលឲ្យអស់!» សូម្បីតែស្ថិរភាពនយោបាយ សន្តិសុខសង្គម៕
អត្ថបទដោយ៖ សុខ សុវណ្ណ

No comments:

Post a Comment