Friday, December 23, 2016

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ដាក់យុទ្ធសាស្រ្ត៨ចំណុច សម្រាប់យុទ្ធនាការបង្រ្កាបគ្រឿងញៀន ដើមឆ្នាំ២០១៧

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់យុទ្ធសាស្រ្ត៨ចំណុច សម្រាប់បើកយុទ្ធនាការលើកទី១ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រឆាំងទប់ស្កាត់ចំពោះមហន្តរាយដែលបណ្តាលមកពីឥទ្ធិពលនៃគ្រឿងញៀនខុសច្បាប់ ថែរក្សា ការពារ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

យុទ្ធសាស្រ្តទាំង៨ចំណុចនោះ ត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី០១ រយៈពេល០៦ខែ (គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧)  នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក ស ខេង បានសំណូមពរឱ្យស្ថាប័ន្ធពាក់ព័ន្ធក្នុងយុទ្ធនាការបង្រ្កាបគ្រឿងនេះអនុវត្តដូចតទៅ ១-ត្រូវយល់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាបញ្ហាស្មុតស្មាញទាក់ទឹនដល់ច្រើនបញ្ហាមានលក្ខណៈបែបពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់សមាសភាព នៃសង្គមរួមទាំងក្រសួង ស្ថាប័នអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ និងអន្តជាតិ វិសិយឯកជន ប្រជាពលរដ្ឋព្រមទាំងយន្តការក្នុង និងក្រៅប្រទេសផងដែរ។ ក្នុងនោះតម្រូវឱ្យ លោក លោកស្រី ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រួវខ្ពស់តាមតួនាទី និងភារកិច្ចដែលមានការពាក់ព័ន្ធ ព្រមទាំងសហការគ្នាឱ្យបានស្អិតរមួត ដើម្បីឱ្យចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដំណើរការទៅដោយផុលផុស សកម្មភ្លៀវភ្លា  ទី២-គ្រប់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយត្រូវជំរុញ និងគាំទ្រយន្តការនោះឱ្យអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន តាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀនដែលបានដាក់ចេញកន្លងមក។ ចំពោះក្រសួង ស្ថាប័ន និងគណៈបញ្ជាការឯកភាពរដ្ឋបាលដែលពុំទាន់បានរៀបចំត្រូវពិនិត្យ ចាត់តាំងសមាសភាពមន្រ្តីទទួលបន្ទុកកិច្ចការនេះជាបន្ទាន់ ដើម្បីធ្វើឱ្យការចូលរួមអនុវត្តផែនការយុទ្ធនាការទទួលបានលទ្ធផលល្អ ទី៣-គោលការណ៍ និងវិធានការនៃផែនការរបស់រាជរដ្ឋាភិបាលស្ដីពីយុទ្ធនាករាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ បានកំណត់យ៉ាងច្បាស់នូវគោលដៅដែលត្រូវធ្វើដំណើរឆ្ពោះទៅ លុបបំបាត់ បោសសម្អាតគ្រឿងញៀននៅក្នុងប្រទេស ។ ផ្អែកតាមផែនការនេះ និងផ្អែកលើតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលថ្នាក់នីមួយៗ ត្រូវកសាងផែនការជាកស្ដែង និងចាត់តាំផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទាំងអស់ក្រោមឱវាទឱ្យបានទាន់ពេលវេលា សំដៅធានាការចាប់ផ្ដើមអនុវត្តតាមកាលបរិច្ឆេទកំណត់គឺនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧  ទី៤-ក្នុងតំណាក់កាលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១នេះ គ្រប់ក្រសួងស្ថាប័នដែកមានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ខែ ត្រីមាស ផ្ញើរមកលេខាធិកាដ្ឋានឱ្យបានទឿងទាត់ ដើម្បីបូកសរុករាយការណ៍ និងសុំគោលការណ៍ចង្អុលដឹកនាំទាន់ពេលវេលា ។ ហេតុនេះដើម្បីធានាអនុវត្តចំណុចនេះក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចាំបាច់ត្រូវមានការដឹកនាំ ណែនាំយន្តការក្រោមឱវាទឱ្យបានម៉ត់ចត់ដោយត្រូវរៀបចំកម្មវិធីការងារឱ្យបានច្បាស់លាស់ និងមានការត្រួតពិនិត្យជាប្រចាំ ទី៥-ដើម្បីជំរុញឱ្យចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានសកម្មផុសផុល សស្រាក់សស្រាំនៅទូទាំងប្រទេស លេខាធិកាដ្ឋាននៃយុទ្ធនាការនេះ ត្រូវរៀបចំកិច្ចប្រជុំបើកទូលាយជាមួយសមាសភាព ពាក់ព័ន្ធសំខាន់ៗ ក្នុងសង្គមដូចជា៖ វិទ្យុ ទូរទស្សន៍ អន្តជាតិ ម្ចាស់រង្គសាល សណ្ឋាគារ ក្លឹបកំសាន្ត -ល- ដើម្បីផ្សព្វផ្សាយ និងគៀងគរឱ្យមានការចូលរួមគាំទ្រព្រមទាំងសហការបានច្រើនកុះករ ។ ដោយឡែកនៅថ្នាក់រាជធានី ខេត្តក៏ត្រូវរៀបចំប្រជុំរប្រៀបដូចគ្នានេះដែរ ដោយអញ្ជើញសមាសភាព នានាដែលមានទីតាំង បំពេញការងារ រឺប្រកបអាជីវកម្មនៅក្នុងភូមិសាស្រ្ត និងដែនសមត្ថកិច្ចរបស់ខ្លួន  ទី៦-ទន្ទឹមនឹងការតាមដានបូកសរុបរាយការណ៍ប្រចាំថ្ងៃ និងសប្ដាហ៍ លេខាធិកាដ្ឋានត្រូវរៀបចំប្រជុំដើម្បីត្រួតពិនិត្យដឹកនាំអនុវត្តយុទ្ធការនេះ ឱ្យបានទៀងទាត់ក្នុងរយៈពេល២សប្ដាហ៍ម្ដង សម្រាប់ក្រសួងស្ថាប័ននៅថ្នាក់កណ្ដាល និងប្រជុំដកពិសោធន៍មួយខែម្ដងក្នុងក្របខណ្ឌទូទាំងប្រទេស  ទី៧-ត្រូវយកចិត្តទុកដាក់តាមដានកត់ត្រានូវស្នាដៃអង្គភាព និងបុគ្គលសម្រេចបានរួមទាំងបុគ្គលដែលនៅក្នុងសង្គមខាងក្រៅផង សំដៅមានវិធានការសរសើរ ជូនរង្វាន់ និងលើកទឹកចិត្តឱ្យបានសមស្រប ដើម្បីបំផុសស្មារតីចូលរួមឲ្យក្លាយជាចលនា ជាតិប្រកបដោយថាមពល ទី៨- ត្រូវម្ចាស់ការពីដើមទី ដើម្បីត្រៀមលក្ខណៈក្នុងការបូកសរុប វាយតម្លៃសន្និដ្ឋាន ឱ្យបានត្រឹមត្រួវពីការប្រែប្រួលនៃសភាពការណ៍គ្រឿងញៀននៅកម្ពុជា បន្ទាប់ពីអនុវត្តផែនការយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿញៀនខុសច្បាប់លើកទី១នេះ សំដៅពិចារណរផ្ដើមស្នើរដ្ឋាភិបាលដាក់ចេញនូវវិធានការចាំបាច់នានាជាបន្តទៀត សម្រាប់រយៈពេលខាងមុខ៕



No comments:

Post a Comment