Friday, December 23, 2016

ទស្សនៈ ៖ សម រង្ស៊ី ជា​មេទ័ព​បាក់​ស្បាត ឬ​ជាចង្កៀង​ជិត​អស់​ប្រេង​!

ទណ្ឌិត សម រង្ស៊ី ត្រូវបានសាធារណជនក្នុង និងក្រៅប្រទេសប្រៀបប្រដូចទៅនឹងមេទ័ពបាក់ស្បាត បរាជ័យក្នុងសមរភូមិរាប់មិនអស់ គឺបរាជ័យទាំងការប្រកួតដណ្តើមតំណែងដឹកនាំប្រទេស (ចាញ់រាល់អាណត្តិ) ហើយថែមទាំងបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុតទៀត ដោយចាញ់ល្បិចកលរបស់អនុប្រធានបក្សខ្លួន គឺលោក កឹម សុខា តែម្តង។
ជានិច្ចកាល សកម្មជនបក្សប្រឆាំងបានដឹងច្បាស់រួចមកហើយថា មេបក្សខ្លួនដែលតែងតែរត់ចោលស្រុកនោះ ពីព្រោះតែគាត់អសមត្ថភាពក្នុងការដឹកនាំ ឆាប់ភ័យស្លន់ស្លោរនៅពេលជួបបញ្ហាប្រឈមផ្លូវច្បាប់ម្តងៗ ហើយជាពិសេសនោះ គឺលោកប្រធានរបស់ពួកគេមិនធ្លាប់ស្គាល់ពាក្យថា តើអ្វីទៅភាពជាអ្នកដឹកនាំ ហេីយ ម៉្យាងវិញទៀត មេដឹកនាំក្រុម ឬបក្សនយោបាយមួយត្រូវមានសមត្ថភាព និងភាពរឹងមាំច្បាស់លាស់យ៉ាងណានោះទេ ហេតុនេះហើយទើបគេឃើញ លោក សម រង្ស៊ី ប្រៀបបាននឹងមេទ័ពដែលបាក់ស្បាត រត់ចោលកូនចៅរាល់តែពេលមានអាសន្ន រឺប្រឈមនឹងគ្រោះថ្នាក់។
ដោយចង់បន្លំពលរដ្ឋថា ខ្លួនឯងជាមេបក្សឆ្លាត និងប៉ិនប្រសប់នោះ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុបរទេសផ្សាយជាភាសាខ្មែរ ត្រូវបានលោក សម រង្ស៊ី អះអាងថា « គេមិនដែលឲ្យខ្មាំងចាប់មេទ័ពយើងទេ បើមេទ័ពត្រូវខ្មាំងចាប់បាន ចុះកូនទាហានមិនបាក់ទឹកចិត្តទៅហើយ? …»។ សម្តីនេះ អាចបញ្ជាក់បានថា ទណ្ឌិត សម រង្ស៊ី កំពុងបន្លំតាំងខ្លួនឯងធ្វើជាមេទ័ព ខណៈដែលគាត់មិនទាំងស្គាល់អំពីរបៀប និងយុទ្ធសាស្ត្រ យុទ្ធវិធីក្នុងការដឹកនាំបញ្ជាកូនទាហានយ៉ាងណាទៅផងនោះ។ ម៉្យាងវិញទៀតភាពបរាជ័យរបស់ សម រង្ស៊ី នៅពេលនេះ គឺប្រៀបបាននឹងចង្កៀងដែលជិតអស់ប្រេងទៅហើយ គឺភ្លឹបភ្លែតៗ ហើយត្រូវខ្យល់វាយបក់យ៉ាងខ្លាំងទៀតផង។
ក្នុងសភាពប្រកាសអាសន្ននេះ បក្សសង្គ្រោះជាតិបានហាក់ដូចជាភ្លេចអំពីឈ្មោះ សម រង្ស៊ី បាត់ទៅហើយ ខណៈដែលមេដឹកនាំ កឹម សុខា កំពុងលេចធ្លោរ និងមានប្រជាប្រិយ៍ភាពខ្ពស់ត្រដែតក្នុងបក្ស និងស្លាកសញ្ញាបក្សសិទ្ធិមនុស្សក៏បានស្តែងឡើងផងដែរ ! ភ្លើងទៀន ដែលជាសញ្ញាតំណាងបក្ស សម រង្ស៊ី ឥឡូវទៀននោះក៍អាចឈានទៅរលត់ផងដែរ។
ការពិតភាពជាមេទ័ព គឺតែងតែនាំមុខដាច់ខាត និងមិនរត់ចោលកូនទាហាននោះទេ។ តែចំពោះលោក សម រង្ស៊ី វិញ បានត្រឹមតែជាមេទ័ពកំសាក រត់ចោលជួរ រត់ចោលសមរភូមិហើយនៅតែស្រែកគ្រាន់បើថា ជាយុទ្ធវិធីត្រឹមត្រូវទៅទៀត។
ការពិត ភាពកំសាក រុញឱ្យគេស្លាប់ជំនួសរបស់ ទណ្ឌិត សម រង្ស៊ី គឺបាននាំឱ្យកូនទាហានស្លាប់បាត់បង់ជីវិត និងប្រឈមបញ្ហាគ្រោះថ្នាក់ជាច្រើន។ ចុងក្រោយនេះ កូនទាហានរបស់ សម រង្ស៊ី មួយភាគធំបានបាក់ទ័ពរត់ទៅចូលរួមរស់ស្ងាត់ៗជាមួយកូតាបក្សសិទ្ធិមនុស្ស និងមួយចំនួនទៀតក៍ងាកទៅអែបបក្សផ្សេង។
វាមិនមែនជាលើកទី១នោះទេ គឺពាក្យបោកប្រាស់របស់ សម រង្ស៊ី ត្រូវបានគេឮជាញឹកញាប់ច្រើនដងមកហើយ ។ គាត់ក៏បាននិយាយដែរថា « បេីទោះត្រូវស្លាប់ ក៏ខ្ញុំមិនខ្លាចដែរ ( សំដៅលើ សម រង្ស៊ី ) មិនខ្លាចស្លាប់ និងមិនរត់ចោលបងប្អូនជាដាច់ខាត!» …។សួរថា ចុះពេលនេះ សម រង្ស៊ី បានរត់ទៅដល់ណាហើយ? ហើយកូនទាហាន និងអ្នកគាំទ្រមានរត់ទៅតាមគាត់ទេ? ចម្លើយ សម រង្ស៊ីគាត់រត់លឿនណាស់ កំពុងសម្ងំនៅឯក្រៅប្រទេស ហើយកូនចៅកំពុងជ្រួលច្របល់ក្នុងបក្សជាខ្លាំង។ ឥឡូវនេះ សកម្មជនបក្សប្រឆាំងត្រូវបានលោក កឹមសុខា ប្រមូលយកជាបណ្តេីរៗហើយ។
វាជារឿងច្រំដែលពេកណាស់ទៅហើយ ហើយក៏ដល់វេលាដែលកូនទាហានត្រូវតែផ្លាស់ប្ដូរការគិតថាលោក សម រង្ស៊ី មិនមែនជាមេទ័ពដែលអាចរួមសុខរួមទុក្ខជាមួយខ្លួនបាននោះទេ គាត់ជាជនកំសាកញី។ ភាពកំសាកនេះ ក៏បានស្តែងឡើងផងដែរ តាមរយៈសំណួរមួយរបស់អ្នកសម្របសម្រួលកិច្ចសម្ភាសន៍ ដែលគេបានកត់សម្គាល់ និងចោទជាសំណួរទៅលោក សម រង្ស៊ី ថា «…យុវជនហាក់ដូចជាសម្លឹងរកមេដឹកនាំដែលហ៊ាន ពោល គឺថា ប្រសិនជានៅតែមិនហ៊ានអ៊ីចឹងទេ គឺពួកគាត់ខ្លះឃើញថា បក្សប្រឆាំងពិបាករកជ័យជម្នះ ពីព្រោះលោកខ្លួនឯងផ្ទាល់ (លោក សម រង្ស៊ី) ប្រកួតប្រជែងនៅក្នុងឆាកនយោបាយជាច្រើនឆ្នាំមកហើយ នៅតែមិនឈ្នះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន»!។
វាហាក់ដូចជាគួរឱ្យខ្មាស់អៀនជាទីបំផុតដែលវិទ្យុគាំទ្របក្សប្រឆាំងមួយនេះ ហ៊ានសួរផ្ទាញ់ដេញដោល និងបកអាក្រាតនូវអំនួតរបស់លោក សម រង្ស៊ី ដែលធ្វើឱ្យទណ្ឌិតរូបនេះ ស្ទើរតែស្រលាំងកាំង និងគាំងអណ្តាត ហើយខំប្រឹងឆ្លើយបង្វែងដានដោះសារ។ ប៉ុន្តែតាមរយៈសំណួរនេះ បង្ហាញឱ្យឃើញថា លោក សម រង្ស៊ី មិនអាចលាក់បាំងនូវភាពកំសាកញីរបស់ខ្លួនបានទៀតទេ។ ទណ្ឌិតរូបនេះ បានត្រឹមតែជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រជាមេបក្សជាប់ឯកទគ្គកម្មខាងប្រព្រឹត្តបំពានច្បាប់រដ្ឋ និងរត់ចោលស្រុកតែប៉ុណ្ណោះ។

គួររំលឹកថា គ្រប់សម័យកាល នៅពេលប្រទេសកើតមាននូវសង្រ្គាម ឬក៏ការដឹកនាំស្រុកទេស ដើម្បីធានាបាននូវសុខសន្តិភាព ក៏ដូចជាការដណ្តើមប្រៀបឈ្នះនៅលើសមរភូមិ គឺគេត្រូវការមេទ័ពខ្លាំង មេទ័ពក្លាហាន មេទ័ពអង់អាចហ៊ានប្ដូរជីវិត ប្រយុទ្ធក្នុងសមរភូមិឈានមុខគេ ទើបជាភាពកក់ក្តៅសម្រាប់កូនទាហាន។ តែគួរឱ្យអនិច្ចារ្យ ទណ្ឌិត សម រង្ស៊ី បានត្រឹមជាជនកំសាក អសមត្ថភាពជាមេទ័ពបាក់ស្បាត រត់ចោលជួរ រត់ចោលកូនចៅ ហើយស្ថានភាពគាត់បច្ចុប្បន្នបាត់អស់ឱកាសធ្វើនយោបាយ បាត់អស់តំណែង និងឥទ្ធិពល ហើយថែមទាំងប្រឈមចំពោះមុខច្បាប់ទៀតផង។ វាសនារបស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជា ចង្កៀងដែលជិតអស់ប្រេងទៅហើយ៕
អត្ថបទដោយ៖ សម វិទ្យា


No comments:

Post a Comment