Tuesday, December 27, 2016

លោក សាយ ឈុំ រម្លឹកអាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន

កំពង់ស្ពឺ៖ ប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសជួបប្រជុំជាមួយគណៈអភិបាលក្រុងច្បារមន និងចៅសង្កាត់ទាំង៥ ចំណុះក្រុង នៃខេត្តកំពង់ស្ពឺ ដើម្បីស្តាប់របាយការណ៍ស្តីពីសភាពការណ៍ទូទៅរបស់ក្រុង និងសង្កាត់នីមួយៗចំណុះក្រុងច្បារមន និងរបាយការណ៍ស្តីពីការចុះឈ្មោះបោះឆ្នោត លោក សាយ ឈុំ បានធ្វើការរម្លឹកឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ដល់ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែរីកចំរើន និងដើម្បីធានាឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈសេរី និងយុត្តធម៌ ដែលទាំងអស់គ្នាទទួលយកបាន។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រីអភិបាលក្រុងច្បារមន និងអស់លោកជាចៅសង្កាត់ទាំង៥ បានឱ្យដឹងថា៖ ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរជាទូទៅ។ ការងារសេដ្ឋកិច្ច សង្គមកិច្ច លើកំពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីរបស់ប្រជាជន បានដំណើរការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងទទួលបានលទ្ធផល ជាផ្លែផ្កា។ ជាមួយគ្នានេះ ភ្លៀងចុងឆ្នាំបណ្តាលឱ្យមានការលិចលង់ភូមិសាស្រ្តមួយចំនួនក្នុងក្រុង ធ្វើឱ្យខូចខាតផ្លូវ និងផលស្រូវមួយចំនួនរបស់ប្រជជន។ បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងស្តារផ្លូវដែលខូចខាតនោះឡើងវិញ។ ទាក់ទងដល់ការចុះឈ្មោះបោះឆ្នោតប្រជាជនដែល ដល់អាយុបោះឆ្នោតក្នុងក្រុងច្បារមនទាំងមូល បានទៅចុះឈ្មោះចំនួនជាង ៩១% រួចហើយ។
លោកប្រធានព្រឹទ្ធសភា បានអបអរសាទរចំពោះលទ្ធផលការងារដែលអាជ្ញាធរក្រុង និងមូលដ្ឋានសម្រេចបាន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំបន្ថែមទៀត ដើម្បីសម្រេចលទ្ធផលធំៗថ្មីៗ ដើម្បីជាគុណប្រយោជន៍ដល់ការកសាងអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕



No comments:

Post a Comment