Saturday, April 10, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើរដ្ឋាភិបាល លោក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លន់ នល់ ខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរ ជាជំនួយអភិវឌ្ឍនៅកម្ពុជា

 (ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានស្នើឱ្យរដ្ឋាភិបាលរបស់ លោកប្រធានាធបិតីអាមេរិក ចូ បៃឌិន ពិចារណាបង្វិលបំណុលដែល លោកសេនាប្រមុខ លន់ នល់ ដើម្បីខ្ចីទិញគ្រាប់បែកទម្លាក់លើប្រជាជនខ្មែរនោះ មកជាជំនួយអភិវឌ្ឍន៍នៅកម្ពុជានាពេលបច្ចុប្បន្នវិញ។

ថ្លែងតាមរយៈសារវីដេអូ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញអំពីបំណងរបស់លោក ក្នុងការចង់ឱ្យសហរដ្ឋអាមេរិកយកគំរូតាមរដ្ឋាភិបាលជប៉ុន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរឥរិយាបថជប៉ុន ដែលបានរកគ្រប់លទ្ធភាព ដើម្បីជួយដល់កម្ពុជា។

លោកនាយករដ្ឋមន្រ្តីបានថ្លែងថា ក្នុងពេលជប៉ុនមិនអាចផ្តល់ប្រាក់កម្ចីដល់កម្ពុជាបាននោះ ជប៉ុនបានផ្តល់ជាទំនិញផ្សេងៗមកលក់នៅកម្ពុជា ហើយទុកលុយនោះសម្រាប់ការអភិវឌ្ឍន៍ប្រទេស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកធ្លាប់បានស្នើចំណុចនេះ៣ដង ទៅលោក អូបាម៉ា តែត្រូវ អូបាម៉ា និយាយថា ពិបាកពន្យល់សភាអាមេរិក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបន្តចាត់ទុកបំណុលរបស់សហរដ្ឋអាមេរិក ដែលកម្ពុជា បានខ្ចីកាលពីសម័យលន់ នល់ ធ្វើរដ្ឋប្រហារនោះ គឺជាបំណុលកខ្វក់មួយ ដែលបង្ខំឱ្យកម្ពុជាទិញគ្រាប់បែកអាមេរិក មកទម្លាក់លើក្បាលប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសរាប់មិនអស់។ នឹកឃើញរឿងនេះម្តងៗ លោកបញ្ជាក់ថា វាជារឿងឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាគ្រប់គ្នា។

សហរដ្ឋអាមេរិក បានគាំទ្រ និងផ្តល់ប្រាក់កម្ចីដល់របបលន់ នល់ ដែលបានធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ សម្តេចនរោត្តម សីហនុ ចេញពីតំណែងកាលពីឆ្នាំ១៩៧០។ ឯកសារមួយចំនួន បានបង្ហាញថា ប្រាក់កម្ចីនោះមានប្រមាណ២៧០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែបើបូកសរុបទាំងការប្រាក់ទាំងដើមផង មកដល់ពេលបច្ចុប្បន្ន ប្រាក់កម្ចីនេះបានកើនដល់ជាង ៦០០លានដុល្លារហើយ។

នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ធ្លាប់បានស្នើឱ្យសហរដ្ឋអាមេរិក ពិចារណានៅក្នុងការបង្វែបំណុលទាំងនេះ មកជាប្រាក់ជំនួយ ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ដោយសារតែការធ្វើរដ្ឋប្រហាររបស់លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា បានបង្កជាសង្រ្គាមវិនាសកម្ម ហើយយន្តហោះអាមេរិក ទម្លាក់គ្រាប់បែករាប់លាន់គ្រាប់ សម្លាប់ពលរដ្ឋកម្ពុជាស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក បានចេញមុខច្រានចោលនូវសំណើនេះ។

បើតាមរបាយការណ៍របស់ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សហអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ មានចំនួន២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែពលរដ្ឋខែ្មរជាង ៥០០,០០០នាក់ ត្រូវបានស្លាប់ដោយគ្រាប់បែកទាំងនេះ ក្នុងនោះក៏មានភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន កន្លែងរងការខូចខាត។

គ្រាប់បែកគីមីដែលជាមរតករបស់អាមេរិក ក៏បានបន្តគំរាមកំហែង ចំពោះអាយុជីវិតរបស់ពលរដ្ឋខ្មែរកន្លងមក និងបច្ចុប្បន្នផងដែរ។ គ្រាប់បែកគីមីច្រើនគ្រាប់ ត្រូវបានរកឃើញនៅខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀតដូចជា ខេត្តមណ្ឌលគិរី និងត្បូងឃ្មុំ។ ប្រជាពលរដ្ឋជាងច្រើនរយនាក់ត្រូវបានរកឃើញថា បានរងផលប៉ះពាល់បញ្ហាសុខភាព ដោយសារគ្រាប់បែកនេះ ដែលទាមទារមានការដោះស្រាយបន្ទាន់៕



No comments:

Post a Comment