Tuesday, October 06, 2015

សម្តេចតេជោ ហ៊ុន សែន៖ «ចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់ នៅវិហារសួគ៌ ពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ»

(ភ្នំពេញ)៖​ ត្បិតតែរំលង​ហួសជិត ​៣ទស្សវត្ស​ហើយក៏ដោយ ​សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅតែចងចាំ​មិនភ្លេចនូវ​អនុស្សាវរីយ៍​ដ៏សែនកំសត់ ​នៅឃុំវិហារសួគ៌ ​ស្រុកខ្សាច់​កណ្តាល ​ខេត្តកណ្តាល ​នៅពេលមាន​ពិធីបុណ្យ​កាន់បិណ្ឌ ​ភ្ជុំបិណ្ឌម្តងៗ។ ​អត្ថបទខ្លី​មួយ ដែលមាន​ចំណងជើងថា ​«នៅសល់​ការចងចាំ ​ដែលមានន័យ» ដែលបង្ហោះនៅ​លើ Facebook នៅថ្ងៃទី០៥​ ខែតុលា ​ឆ្នាំ២០១៥នេះ ​សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បានរំលឹកឡើង​វិញនូវរឿងរ៉ាវ​ ដិតដាម​ជាប់ជាមួយ​ឃុំវិហារសួគ៌​ នាអតីតកាល​ដែលមានការ​ខ្វះខាតខ្លាំង ​នូវការរៀប​ចំហេដ្ឋារចនា​សម្ព័ន្ធគ្រប់​បែបយ៉ាង ​ក្រោយពេល​ឃុំមួយនេះត្រូវ​បំផ្លិចបំផ្លាញ​ដោយខ្មែរ​ក្រហម។​

ខាងក្រោមនេះ ​ជាសាររបស់​សម្តេចតេជោ ​ហ៊ុន សែន៖
នៅពេល​ឃើញរូបថត​មួយសន្លឹកនេះ ​គាប់ជួនពេល​ភ្ជុំបិណ្ឌ ​ធ្វើឲ្យខ្ញុំព្រះករុណា ខ្ញុំ​នឹកឃើញដល់​រឿងរ៉ាវ ​ដែលបានកើត​ឡើងកាលពី​ ២៦ឆ្នាំមុន ​គឺខែកញ្ញា ​ឆ្នាំ១៩៨៩។ ​ពេលនេះអ្វីៗបាន​ផ្លាស់ប្តូរអស់​ហើយ ដោយ​សារតែវត្ត​មានស្ពានព្រែក​តាមាក់ ​ផ្លូវជាតិលេខ៨​ និងហេដ្ឋារចនា​សម្ព័ន្ធផ្សេង​ទៀតទាំង​អាណាចក្រ ​ទាំងពុទ្ធចក្រ។ ​ខែសីហា ​១៩៨៩​ បន្ទាប់ពី​វិលត្រឡប់​ពីការចរចា​នៃសន្និសីទ​ប៉ារីសលើកទី១​ តែមិនបាន​សម្រេច។ ​ខ្ញុំព្រះករុណាខ្ញុំ​បានធ្វើដំណើរ​សួរសុខទុក្ខ ​កងកម្លាំងប្រ​ដាប់អាវុធ​ និងប្រជាជន​ស្ទើរពេញ១ខែ។​

ក្នុងដំណើរ​ចុះសុខទុក្ខ​ប្រជាជន ​ក៏មានការ​ធ្វើដំណើរទៅ​កាន់ស្រុកខ្សាច់​កណ្តាល​ខេត្តកណ្តាល​ផងដែរ។ ​ដើម្បីធ្វើដំណើរ​បានទៅកាន់​វត្តវិហារសួគ៌ ​យើងត្រូវដំណើរ​ដោយកា​ណូតពីភ្នំពេញ​ ទៅកាន់ព្រែកតា​មាក់ ​ហើយសម្រាក​ពេលយប់នៅ​លើកាណូតនោះ ​១យប់ ព្រោះគ្មាន​ផ្ទះសំណាក់​នោះទេ។ ​ការសម្រាកនេះ​ដោយសារមាន​ការប្រជុំនៅ​ទីនោះ ​ដែលត្រូវប្រជុំថែម​មួយព្រឹកទៀត។ ​ស្អែកឡើង​បន្ទាប់ពីការ​ប្រជុំនិងបាយ​ថ្ងៃត្រង់ ​ប្រហែលម៉ោង ​១រសៀល ​យើងត្រូវចេ​ញដំណើរ​ដើម្បីកុំឲ្យ​ភ្លៀងទាន់។​

នៅពេលនោះ​ត្រើយខាង​កើតទន្លេ​មេគង្គតំបន់​មួយចំនួន ​ទោះមានរថយន្ត​ក៏មិនមាន​ផ្លូវធ្វើដំណើរដែរ។ ​យើងធ្វើដំណើរ​ដោយម៉ូតូ ​ហើយជាទម្លាប់​ខ្ញុំព្រះករុណាខ្ញុំ​ ជិះម៉ូតូដោយ​ខ្លួនឯង។ ​យើងត្រូវធ្វើ​ដំណើរទៅ​កាន់ស្រុក​ស្រីសន្ធរ​ ខេត្តកំពង់​ចាមសិន ​ទើបមាន​ផ្លូវធ្វើដំណើរទៅកាន់​ឃុំសន្លុង​ដែលនៅទីនោះ ​យើងសម្រាក​នៅផ្ទះប្រជាជន​ដោយចង​អង្រឹង។ ​ភ្លៀងរលឹមខា​ងក្រៅផ្ទះ យើ​ងសំណេះសំណាល​ជាមួយប្រជាជន​នៅក្នុងផ្ទះ ​ដែលពេល​នោះហើយ យើ​ងប្រមូលបាន​នូវសំណូមព​ររបស់ប្រជាជន​លើការក​សាងផ្លូវ​ ស្ពានសាលា​រៀន វត្តអារាម ​។ល។ ជាពិសេស​វិហារសួគ៌ដែល ​ប៉ុលពត ​វាយកំទេចចោល ​និងស្ពានព្រះ​គន្លង។​ ដោយធនធាន​មានកម្រិត ​យើងខិតខំក​សាងស្ពានព្រះគ​ន្លងជាមុន ​ដើម្បីតភ្ជាប់ច​រាចររវាងខាង​វិហារសួគ៌ប៉ុ​ន្មានឃុំ និង​មួយភាគ ​នៃខេត្តព្រៃវែង ​ជាមួយព្រែកតា​មាក់មក​ទន្លេមេគង្គ (​ពេលសម្ពោធ​ស្ពានព្រះគន្លង​មុន ចូលឆ្នាំថ្មី​ថ្ងៃទី១០មេសា​១៩៩០ ​ខ្ញុំព្រះករុណាខ្ញុំ ​បាននិពន្ធ​ចម្រៀងមួយបទ​ មានចំណង​ជើងថា ​«ចំណងដៃ​មាសស្ពានព្រះ​គន្លង»)​។

ដោយឃើញ​នូវការលំ​បាកនេះ ​ហើយទើបខ្ញុំ​ព្រះករុណាខ្ញុំ ​ចិញ្ចឹមចិត្ត​កសាងស្ពាន​ព្រែកតាមាក់ ​និងផ្លូវជាតិ​លេខ៨ ​ឲ្យខានតែបាន​ ដែលវាបាន​រួមចំណែក​ដល់ការកាត់​បន្ថយភាពក្រីក្រ និង​ការលំបាករបស់​ប្រជាជន​ និងជួយជំរុញ​កំណើនសេដ្ឋកិ​ច្ចតាមរយៈនយោ​បាយកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។


សូមអគុណ​អ្នករួមដំណើរ ​អរព្រះគុណនិ​ងអរគុណ​ចំពោះព្រះសង្ឃ ​ប្រជាពលរ​ដ្ឋដែលផ្ដល់នូវការ​គាំទ្រ ទើបមាន​សមិទ្ធផលដូ​ចថ្ងៃនេះ ​ទៅបុណ្យភ្ជុំបិណ្ឌ ​ក៏ស្រួលជាង​ពេលមុន​ និងសុវត្ថិភាពជាង​ពេលមុន ​ដោយប្រទេស​មានសន្តិភាព ​តែកុំភ្លេចគោរព​ច្បាប់ចរាចរណ៍ ​ដើម្បីសុវត្ថិភាព​ទាំងអស់គ្នា៕​

No comments:

Post a Comment