Monday, October 02, 2017

“ភាពប្រាកដនិយមនៃប្រជាធិបតេយ្យសេរីពហុបក្ស គឺឈរលើឯករាជ្យអធិបតេយ្យភាពជាតិ”

ហ្វេសប៊ុក សម្លេងយើង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទវិភាគមួយក្រោមចំណងជើងថា “ភាពប្រាកដនិយមនៃប្រជាធិបតេយ្យសេរីពហុបក្ស គឺឈរលើឯករាជ្យអធិបតេយ្យភាពជាតិ”។

អត្ថបទវិភាគនេះមានខ្លឹមសារទាំងស្រុងដូចតទៅ៖
ប្រព័ន្ធពហុបក្សរបស់កម្ពុជា គឺជាទីលានប្រកួតប្រជែងក្នុងបុព្វហេតុថែរក្សាសន្តិភាព ឯករាជ្យអធិបតេយ្យ និងអភិវឌ្ឍន៍ដោយចិរភាព។ ឈរលើទស្សនៈវិស័យនេះ គឺការអនុវត្តន៍របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ពិតជាមិនត្រូវផ្តល់ភាពធូររលុងជាច្រកឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងប្រព័ន្ធនយោបាយជាតិបានឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិយ៉ាងធ្ងន់ធ្ងរ ជាកត្តានាំឲ្យសង្គមជាតិអស្ថេរភាព ហើយចលករសង្គមបាត់ភាពម្ចាស់ការក្នុងការពង្រឹងសមត្ថភាពលើខ្លួនឯង។ ការលូកដៃរបស់បរទេសចូលកិច្ចការផ្ទៃក្នុងប្រព័ន្ធនយោបាយកម្ពុជា “ដើម្បីការផ្លាស់ប្តូរ” ផ្តល់ផលបច្ច័យអាក្រក់ច្រើនដែលធ្វើឲ្យមនុស្សម្នាលែងមានលំនឹងក្នុងចិត្ត ជាពិសេសថែមទាំងលើកទឹកចិត្តដល់ក្រុមឱកាសនិយម គ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់សង្គម កាន់តែបានដៃប្រព្រឹត្តអំពើកេងប្រវ័ញ្ចបែបទុច្ចរិតល្មើសច្បាប់ រួចផុតពីការទទួលខុសត្រូវ ដោយក្នុងសតិអារម្មណ៍គិតទុកថា “គង់តែស្រុកម៉េចៗ …!” ដូចនៅទសវត្សរិ៍ទី៧០។ ចរិតនយោបាយរបស់គណបក្សសង្គ្រោះជាតិ បាន និងកំពុងប្រើមនោគមន៍វិជ្ជានយោបាយបែបនេះដែលមានឥទ្ធិពលលើសតិអារម្មណ៍ក្នុងសង្គមខ្មែរបច្ចប្បន្ន។ ដូច្នេះបើមិនទប់ស្កាត់ទាន់ពេលវេលាទេ នោះប្រជាធិបតេយ្យសេរីពហុបក្សនឹងបរាជ័យ ដោយសារតែនយោបាយក្បត់ជាតិរបស់គណបក្សសង្គ្រោះជាតិ។
កម្ពុជាបច្ចុប្បន្នក្នុងសម័យតេជោ ត្រូវតែធ្វើឲ្យជ្រះស្រឡះក្នុងសតិអារម្មណ៍ប្រជាជន គឺពុំត្រូវគិតថា “ស្រុកម៉េចៗ” ដូចកាលទស្សវត្សរិ៍ទី៧០ ម្តងទៀតឡើយ។ ភាពចាំបាច់នៃកំណែទម្រង់ គឺធ្វើយ៉ាងណាកុំឲ្យបក្សប្រឆាំងដែលមិនបានធ្វើអ្វីសោះ តែបែរជាស៊ីផលពី “សន្លឹកឆ្នោតខឹងសម្បារ” ដោយសារប្រជាពលរដ្ឋ “ខឹងគោ វ៉ៃរទេះ”។
ដូច្នេះបើរកឃើញថា គណបក្សសង្គ្រោះជាតិ ស្ថិតនៅក្រោមបញ្ជារពីបរទេស ដូចលោក កឹម សុខា អះអាងមែននោះ ត្រូវតែមានចំណាត់ការផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាព ជាប្រយោជន៍ដល់ការរក្សាសន្តិភាព ស្ថេរភាព និងកំណែទ្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដើម្បីវឌ្ឍនភាពសង្គម និងសេចក្តីសុខរបស់ប្រជាជន៕
(ប្រភព៖ ហ្វេសបុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


No comments:

Post a Comment