Monday, October 02, 2017

ខេត្តសៀមរាបគឺជាកំណប់ទ្រព្យដ៏ធំរបស់កម្ពុជាដែលអតីតព្រះមហាក្សត្រនិងបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ខេត្តសៀមរាប គឺជាកំណប់ទ្រព្យដ៏ធំរបស់កម្ពុជាដែលអតីតព្រះ​មហាក្សត្រ និងបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យក្មេងជំនាន់ក្រោយ។ ទ្រព្យសម្បត្តិដែលព្រះរាជា ក៏ដូចជាបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យយើងនោះគឺប្រាសាទអង្គរ និងប្រាង្គប្រាសាទដទៃទៀតដែលនៅក្នុងទឹកដីខេត្តសៀម​រាប ហើយបន្តទៅទៀតទឹកដីនៃខេត្តព្រះវិហារ ទឹកដីនៃខេត្តកំពង់ធំដែលនៅជិតខាងជាកំណប់ទ្រព្យដែលនៅលើពិភពលោកចង់ដឹងចង់យល់។ លោក បានថ្លែងដូចនេះក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារសុខា សៀមរាប នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថា ក្នុងស្ថានភាពនេះ តម្រូវឱ្យយើងធ្វើកិច្ចការច្រើនក្នុងពេលតែមួយព្រោះប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវ អភិវឌ្ឍន៍មិនបានត្រឹមត្រូវ វាក៏បង្កើតនូវស្ថានភាពដ៏ច្របូកច្របល់ដែលគ្រប់គ្រងលែងកើតនៅក្នុងការអភិវឌ្ឍមួយដែលវិស័យទេចរណ៍អាចទៅបំផ្លាញដល់វប្បធម៌បេតិកភ័ណ្ឌក៏អាចថាបាន។ ប៉ុន្តែតាមរយៈនៃគោលនយោបាយសន្តិភាពដែលយើងរកបាន និងតាមរយៈគោលនយោបាយចំពោះវិស័យទេសចរណ៍ វិស័យវប្បធម៌របស់យើងដែលយើងបានដាក់ចេញនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសរបស់យើង។ ក្នុងនោះការដាក់ការរៀបចំឱ្យមានប្លង់មេសម្រាប់ការអភិវឌ្ឍនៅតំបន់អង្គរក្នុងនេះក៏មានតំបន់បូរី សណ្ឋាគារនេះផងដែរ ដែលជាការទាក់ទាញសម្រាប់ការវិនិយោគនៅពេលក្រោយ និតត្រូវទៅតាមការកំណត់របស់អង្គការ UNESCO សម្រាប់តំបន់ដែលត្រូវការពារ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ទាំងអស់នេះគឺសុទ្ធតែជាផ្នែកដ៏សំខាន់ សម្រាប់ទាក់ទាញឱ្យមានការវិនិយោគ និងសម្រាប់ទាក់ទាញឱ្យមានការធ្វើទេសចរណ៍មកកាន់ប្រទេសកម្ពុជាយើង ហើយយើងមិនអាចធ្វើការទាក់ទាញទេសចរណ៍ដោយគ្មានបែបបទបណ្តោយឱ្យមានបញ្ហានោះទេ។

គួររម្លឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី១៧ ខែកក្កដា ក៏ធ្លាប់បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ថា ប្រសិនបើយើងជាកូនកតញ្ញូនោះ ត្រូវរួបរួមគ្នាថែរក្សាសម្បត្តិ​បេតិកភ័ណ្ឌ ដែលបុព្វបុរសខ្មែរ បានខិតខំកសាងឡើងឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕






No comments:

Post a Comment